37 C
Phnom Penh

លោក ហ៊ុន សែន ​វាយបកលើ​ពាក្យចចាមអារ៉ាម​ដែលថាលោកមាន​បញ្ហាសុខភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តវាយបកលើពាក្យចចាមអារ៉ាមតាមហ្វេសប៊ុកដែលថា លោកមានបញ្ហាសុខភាព និងកំពុងស្វែងរកការព្យាបាលនៅក្រៅប្រទេស អំឡុងចុងសប្តាហ៍ ដោយបញ្ជាក់ថាលោកមិនអីតាមរយៈវីដេអូសែលហ្វី និងរូបភាពស្តីពីលោកបើកបរថយន្តជាធម្មតាកាលពីថ្ងៃអាទិត្យ។

ការឆ្លើយតបទៅវិញទៅមកតាមបណ្តាញ ទំនាក់ទំនងសង្គមនេះកើតមានឡើងស្របពេលអ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបានបញ្ជាក់ ថា គណៈរដ្ឋមន្ត្រីមិនបានបើកកិច្ចប្រជុំអស់ប៉ុន្មានសប្តាហ៍ ទោះបីជាមាត្រាក្នុងរដ្ឋធម្មនុញ្ញ តម្រូវឲ្យមានការបើកកិច្ចប្រជុំរៀងរាល់សប្តាហ៍ក៏ដោយ។         

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចតរថយន្តនៅលើវិថីហ៊ុនសែន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ។ Fresh News
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចតរថយន្តនៅលើវិថីហ៊ុនសែន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ។ Fresh News

លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងវីដេអូឃ្លីបដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ថា “បើសិនជានាយករដ្ឋមន្ត្រីបាត់បង់តំណែងជាស្ថាពរដែលអ្វីដែលគេបានលើកឡើងនោះ ប្រាកដណាស់ប្រទេសនេះនឹងច្របូកច្របល់”។

កាលពីសប្តាហ៍មុនអ្នករិះគន់រដ្ឋាភិបាលរស់នៅក្រៅប្រទេសម្នាក់ដែលហៅខ្លួនឯងថា ឆាំ ឆានី បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកនាយករដ្ឋមន្ត្រីបានទៅប្រទេសសិង្ហបុរីដើម្បីព្យាបាលជំងឺ ប៉ុន្តែមិនបានតែងតាំងថ្នាក់ដឹកនាំស្តីទីណាម្នាក់ឲ្យជំនួសតួនាទីឡើយពេលលោកអវត្តមានដោយលើកឡើងពីប្រភពអនាមិក។

លោកនាយករដ្ឋមន្ត្រីបានច្រានចោលការអះអាងនេះដោយមានបង្ហោះរូបភាពជាច្រើនស្តីពីក្រុមគ្រួសាររបស់លោកទទួលទានអាហារ និងដើរផ្សារ អមដោយសំណួរសួរថា តើខ្ញុំត្រូវប្រាប់មនុស្សគ្រប់គ្នាថា “ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរ ឬទេ?”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងកាលពីសប្តាហ៍មុនថា លោក ហ៊ុន សែន មិនបានចេញទៅក្រៅប្រទេសទេ ហើយលោកនឹងតែងតាំងឲ្យមានអ្នកជំនួស ប្រសិនបើលោកមិននៅក្នុងប្រទេស។

ប៉ុន្តែ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅក្នុងប៉ុន្មានថ្ងៃក្រោយៗមក ហាក់បីដូចជាកំណត់បានទីតាំងមួយចំនួនដែលលោកនាយករដ្ឋមន្ត្រីបានទៅនៅក្នុងរូបភាពដែលលោកបានបង្ហោះ រួមមានបន្ទប់វីអាយភីនៃហាងលក់នាឡិកាដ៏ប្រណិតឈ្មោះ Patek Philippe ក្នុងផ្សារទំនើប ION Orchard នាប្រទេសសិង្ហបុរី។ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត បានបង្ហាញនូវអ្វីដែលពួកគេអះអាងថា ជាឧបករណ៍ពេទ្យដែលលោក ហ៊ុន សែន ពាក់ជាប់នឹងចង្កេះគ្របពីលើដោយអាវធំ ដោយលើកឡើងថា លោកបានបង់ថ្លៃព្យាបាលជំងឺជាសាច់ប្រាក់ រីឯអ្នកផ្សេងៗទៀតអះអាងថា លោកត្រូវបានបញ្ជូនបន្តទៅទីក្រុងហុងកុង ឬប្រទេសបារាំងដើម្បីព្យាបាលជំងឺមហារីក ឬជំងឺដាច់សរសៃឈាមខួរក្បាល។

លោក ហ៊ុន សែន បានស្វះស្វែងបំបិទមាត់ “អ្នកដែលបំពុល” តាមរយៈវីដេអូសែលហ្វីបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ ដែលបង្ហាញពីលោកកំពុងអង្គុយនៅក្នុងរថយន្តធ្វើដំណើរក្នុងក្រុងដែលលោកលើកឡើងថា ជារាជធានីភ្នំពេញប៉ុន្តែ ក្នុងវីដេអូឃ្លីបនេះមើលចេញពីក្នុងរថយន្តទៅខាងក្រៅមិនសូវច្បាស់ទេ។

លោកបានមានប្រសាសន៍ថា “ដូច្នេះពាក្យចចាមអារ៉ាមដ៏គួរឲ្យអាក្រក់នេះ គួរត្រូវបានបំបាត់ចោលតាមរយៈនៃឃ្លីបវីដេអូរបស់ខ្ញុំដែលកំពុងតែផ្សាយ ដែលចេញពីនៅលើផ្លូវខ្ញុំធ្វើដំណើររបៀបធម្មតា ហើយកំពុងតែស្ទះចរាចរណ៍ដូចគេដូចឯងយ៉ាងដូច្នោះដែរ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិះនៅក្នុងរថយន្តធ្វើដំណើរក្នុងក្រុងដែលលោកអះអាងថាលោកនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ ហ្វេសប៊ុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិះនៅក្នុងរថយន្តធ្វើដំណើរក្នុងក្រុងដែលលោកអះអាងថាលោកនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ ហ្វេសប៊ុក

កាលពីថ្ងៃអាទិត្យគេហទំព័រព័ត៌មាន Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានបង្ហោះរូបភាពជាច្រើនស្តីពីលោកនាយករដ្ឋមន្ត្រីបើកបរតាមបណ្តោយផ្លូវមហាវិថីសម្តេតេជោ ហ៊ុន សែន ថតរូបក្បែររថយន្ត និងចូលកាន់ដៃចង្កូតរថយន្តToyotaស៊េរីចាស់របស់គ្រួសារមួយនៅត្រង់ទីតាំងសម្រាប់រៀនបើកបររថយន្ត។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកមិនបានជួបលោក ហ៊ុន សែន ដោយផ្ទាល់តាំងពីគណបក្សប្រជាជនកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦របស់ខ្លួនកាលពីថ្ងៃទី៣ ខែកក្កដា មកម្លេ៉ះ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា គណៈរដ្ឋមន្ត្រីដែលមានលោក ហ៊ុន សែន ជាប្រធានមិនបានបើកកិច្ចប្រជុំតាំងពីមុនថ្ងៃនោះមកម្លេ៉ះ ប៉ុន្តែ លោកថា លោកមិនចាំថ្ងៃបើកកិច្ចប្រជុំចុងក្រោយឲ្យជាក់លាក់នោះឡើយ។

លោក ផៃ ស៊ីផាន ដំបូងឡើយបានលើកឡើងថា ការខកខានមិនបានបើកកិច្ចប្រជុំនេះគឺដោយសារតែភាពមមាញឹកពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុន្តែ បានហៅទូរស័ព្ទមកអ្នកយកព័ត៌មានវិញដើម្បីបញ្ជាក់ថា មានតែកិច្ចប្រជុំមួយទេដែលត្រូវបានប្តូរកាលវិភាគដោយសារហេតុផលនោះ។ កិច្ចប្រជុំក្រោយៗមកមិនបានពន្យារពេលទេ ប៉ុន្តែគ្រាន់តែមិនមានការកំណត់កាលពីវិភាគច្បាស់លាស់ ព្រោះស្ថាប័ននេះខ្វះរបៀបវារៈ។

មាត្រ១០៤ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា គណៈរដ្ឋមន្ត្រី “ត្រូវប្រជុំរាល់សប្តាហ៍ ជាប្រជុំធំ ឬជាប្រជុំពិនិត្យស្រាវជ្រាវ។ អង្គប្រជុំធំត្រូវដឹកនាំដោយនាយរដ្ឋមន្ត្រី” ដែលអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន។

លោក ផៃ ស៊ីផាន មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបន្ថែមបានទេពាក់ព័ន្ធនឹងមាត្រនេះ។

លោក សុខ ឥសាន បានលើកឡើងទៀតថា លោកនាយករដ្ឋមន្ត្រីនឹងបញ្ជាក់ឲ្យឃើញពីអ្វីដែលលោកបានអះអាងនៅថ្ងៃនេះពេលលោកថ្លែងនៅចំពោះមុខមនុស្សរាប់មឺុននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រារព្ធការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជា។

ដោយលើកឡើងម្តងទៀតពីការអះអាងពីមុនដែលថា លោក ហ៊ុន សែន មិនទៅប្រទេសក្រៅ លោក សុខ ឥសាន បានថ្លែងថា “គាត់អត់អីផង” ។

បុង ចាន់សម្បត្តិ អ្នកនិពន្ធសម្រាប់វេទិកានយោបាយ Politikoffee និងជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្របានលើកឡើងថា ពាក្យចចាមអារ៉ាមដែលថា លោក ហ៊ុន សែន មានបញ្ហាសុខភាពត្រូវបានធ្វើឲ្យផុសផុលឡើងមួយផ្នែកដោយគណនីហ្វេសប៊ុកអនាមិក ដែលព័ត៌មានរបស់គណនីទាំងនោះមិនអាចជឿទុកចិត្តបាន។ ប៉ុន្តែ វាមានហេតុផលស្របច្បាប់ក្នុងការចោទសួរតើលោក ហ៊ុន សែន ទៅប្រទេសសិង្ហបុរីធ្វើអ្វី។

លោក បុង ចាន់សម្បត្តិ បានសរសេរក្នុងអីុម៉េលមួយថា “ដោយសាររាល់ដំណើរផ្លូវការទៅក្រៅប្រទេសរបស់លោកនាយករដ្ឋមន្ត្រីតែងតែត្រូវបានរៀបចំដោយមានការផ្សាយដ៏ទូលំទូលាយ និងមានគណៈរដ្ឋមន្ត្រីឈរជាជួរៗរង់ចាំ [គ្រវីដៃ] លាដំណើររូបលោក នោះការគ្មានសកម្មភាពបែបនេះធ្វើឲ្យកើតមានជាសំណួរអំពី [លក្ខណៈ] នៃដំណើរនេះ”៕ ស៊ុយឈាង

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស