សមាជិកជាន់ខ្ពស់មួយចំនួនរបស់គណបក្សសង្គ្រោះជាតិបានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងកាលពីចុងសប្ដាហ៍ ដើម្បីជួបជាមួយលោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងដែលនិរទេសខ្លួននៅមុនការប្រកាសឱ្យប្រើច្បាប់ដែលធ្វើឡើងដើម្បីកាត់ផ្ដាច់ទំនាក់ទំនងរបស់លោក សម រង្ស៊ី ចំពោះអតីតគណបក្សរបស់លោកនៅមុនខួបគម្រប់៥ឆ្នាំរបស់គណបក្ស។
យោងតាមលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានធ្វើដំណើរទៅសួរសុខទុក្ខនោះបានមានប្រសាសន៍ ថា យ៉ាងហោចណាស់គណៈប្រតិភូគណបក្សសង្គ្រោះជាតិដាច់ដោយឡែកពីរគ្នាចំនួនពីរបានធ្វើដំណើរទៅសួរសុខទុក្ខ “មិនមែនផ្លូវការ”។ រូបថតដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សបង្ហាញថា មានតំណាងរាស្ត្រគណបក្ស សមាជិក និងអ្នកគាំទ្រជាង៣០រូបដែលបានជួបជុំគ្នានៅក្នុងទីក្រុងនោះ។

ជំនួបនោះធ្វើឡើងបន្ទាប់ពីមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីសប្ដាហ៍មុនដោយរដ្ឋសភាដែលនៅពេលត្រូវបានឡាយព្រះហស្ត លេខាដោយព្រះមហាក្សត្រ នឹងរារាំងគណបក្សទាំងអស់មិនឱ្យទាក់ទងជាមួយទណ្ឌិត ឬបង្ហាញពីរូបថតរបស់អ្នកទាំងនោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់បក្ស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមានការធ្វើវិសោធនកម្មកាលពីដើមខែនេះ ដើម្បីធ្វើឲ្យលោក សម រង្ស៊ី ស្ថិតនៅក្រៅ សង្វៀនដែល បណ្តឹងផ្លូវច្បាប់ជាច្រើនរបស់លោកបានបង្ខំឱ្យលោកលាលែងពីគណបក្សកាលពីខែកុម្ភៈ ក្រោយពីគណបក្សប្រជាជនកម្ពុជាបានជំរុញឱ្យមានការធ្វើវិសោធនកម្មជំុដំបូងចំពោះច្បាប់នេះ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ កាលពីម្សិលមិញថា “យើងដឹងថា យើងត្រូវតែត្រៀមលក្ខណៈនៅពេលដែលច្បាប់ថ្មីចេញជាធរមានហើយ”។ លោកស្រីបានបន្ថែមថា “យើងត្រូវតែមានឱកាសដើម្បីទៅសួរសុខទុក្ខលោក សម រង្ស៊ី”។
លោកស្រី មូរ សុខហួរ មិនបាននិយាលលម្អិតពីអ្វីដែលបានពិភាក្សាអំឡុងជំនួបនោះឡើយ ដោយលើកឡើងត្រឹមតែថា លោក សម រង្ស៊ី បានអបអរគណបក្សចំពោះលទ្ធផលបោះឆ្នោតឃុំ សង្កាត់ ហើយលោកស្រីបានលើកសរសើរអតីតប្រធានរូបនេះថាជា”វីរបុរស”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការជួបជុំគ្នានេះ “ដូចជាជំនួបជាលក្ខណៈគ្រួសារ” របស់សហសេវិកចាស់ ហើយថា “លោករំភើបចិត្តយ៉ាងខ្លាំង” ដែលបានជួបពួកគាត់ម្តងទៀត។
លោកបានសរសេរនៅក្នុងអុីម៉េលកាលពីម្សិលមិញថា “ខ្ញុំមានជំនឿមុតមាំថា យើងនឹងជួបជុំគ្នាវិញនៅពេលឆាប់ៗនេះនៅក្រោមដំបូលតែមួយ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតលើសេចក្ដីស្នើវិសោធនកម្មនៅថ្ងៃនេះ។ នៅពេលត្រូវបានអនុម័តដោយព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ច្បាប់នេះនឹងធ្លាក់ទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានភក្តីភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីពិនិត្យ មុនពេលបញ្ជូនថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្ត លេខាឱ្យក្លាយទៅជាច្បាប់។
ព្រះមហាក្សត្រ សីហមុនី មិនបានឡាយព្រះហស្តលេខាលើវិសោធនកម្មមុនៗចំពោះ ច្បាប់នេះទេកាលពីខែមីនា ដោយសារព្រះអង្គទ្រង់គង់នៅក្នុងប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព។ ភារកិច្ចនោះធ្លាក់ទៅលើលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីស្មោះស្ម័គ្ររបស់គណបក្សប្រជាជនកម្ពុជាដើរតួនាទីជំនួស។
លោក សុខ ឥសាន បានមានប្រសាសន៍កាលពីម្សិលមិញថា “ចាំមើលទៅទៀត…តើគេហា៊នធ្វើឬអត់” ក្នុងការទៅជួបលោក សម រង្ស៊ី ក្រោយពីច្បាប់នេះត្រូវបានអនុម័តហើយនោះ។
ថ្ងៃនេះគឺជាខួបគម្រប់៥ឆ្នាំនៃថ្ងៃដែលគណបក្ស សម រង្ស៊ី (SRP) ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស (HRP)ដឹកនាំដោយលោក កឹម សុខា ដែលបានទុកការមិនទុកចិត្តគ្នាមួយឡែកក្នុងជំនួប មួយនៅទីក្រុងម៉ានីលដើម្បីបង្កើតអ្វីដែលពួកគេហៅពីដំបូងថា “ចលនាប្រជាធិបតេយ្យដើម្បីសង្គ្រោះជាតិ”។
គណបក្សទាំងពីរបានធ្វើសំណើនៅជំនួបមួយចាប់តាំងពីលោក កឹម សុខា បានបង្កើតគណបក្សរបស់លោកនៅក្នុងឆ្នាំ២០០៧ ប៉ុន្តែត្រូវបានខកខានវិញដោយសារវិវាទបុគ្គលរវាងមេដឹកនាំទាំងពីរ រចនាសម្ព័ន្ធខុសគ្នានៅក្នុងគណបក្សទាំងពីរ និងការសង្ស័យគ្នាទៅវិញទៅមកជំុវិញទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែអ្នកវិភាគមួយចំនួនបានលើកឡើងថា ការបោះឆ្នោតឃុំ សង្កាត់ កាលពីឆ្នាំ២០១២ ដែលគេឃើញថា គណបក្ស សម រង្ស៊ី បានបាត់បង់អាសនៈមួយចំនួន ចំណែកគណបក្សសិទ្ធិមនុស្សបានកើនអាសនៈ ដោយធ្វើឱ្យគណបក្សទាំងពីកាន់តែខិតជិតស្មើគ្នាសម្រាប់ការចរចាដែលបានឈានទៅដល់ការច្របាច់បញ្ចូលគ្នា។
គណបក្សសង្គ្រោះជាតិបានធ្វើឱ្យអ្នកឃ្លាំមើលនយោបាយ និងគណបក្សកាន់អំណាច់មានការភ្ញាក់ផ្អើលចំពោះសន្ទុះគាំទ្រខ្លាំងរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ បន្ទាប់ ពីការបញ្ចប់ភាពទាល់ច្រកខាងនយោបាយនៅឆ្នាំ បន្ទាប់ ប៉ុន្តែ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះត្រូវបានគណបក្សប្រជាជនកម្ពុជារំលោភបំពានភ្លាមៗ។
ក្នុងឆ្នាំជាបន្តបន្ទាប់មក សមាជិកគណបក្សប្រឆាំងរងការវាយដំ ចាប់ដាក់ពន្ធនាគារ និងរស់ក្នុងភាពនិរទេសខ្លួនដោយប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌមួយចំនួន ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ និងការដាក់បន្ទុកលើលោក សម រង្ស៊ី។
យោងតាមលោក Sebastian Strangio អ្នននិពន្ធសៀវភៅដែលមានចំណងជើងថា “កម្ពុជានៃលោក ហ៊ុន សែន” នោះបានឱ្យដឹងថា សមិទ្ធផលធំធេងរបស់គណបក្សគឺការអំណត់របស់ខ្លួនពេលប្រឈមនឹងសម្ពាធពីខាងក្រៅ និងការបែកបាក់ផ្ទៃក្នុង។
លោកបានសរសេរនៅក្នុងអុីម៉េលថា “ខ្ញុំគិតថា ការពិតដែលពួកគេបានរួមគ្នារហូតមកទល់ពេលនេះ…ឆ្លុះបញ្ចាំងពីការពិតថា ពួកគេដឹងច្បាស់ថាពួកគេនឹងអាចឈ្នះបានកាន់អំណាច ឈ្នះការបោះឆ្នោតជាមួយគ្នា”។
ប៉ុន្តែដោយរដ្ឋាភិបាលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ”ស្ទេើរតែមិនអាចទៅរួច” ដោយសារតែគណបក្សប្រជាជនកម្ពុជាមានឥទ្ធិពលលើសលប់ខ្លាំងនោះ លោក Strangio បានលើកឡើងថា សេនារីយូ៉ផ្សេងទៀតដែលអាចទៅរួចគឺថា លោក កឹម សុខា អាចនឹងចរចាជាមួយគណបក្សកាន់អំណាចដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ប្រសិនបើគណបក្សនេះទទួលបានលទ្ធផលល្អនៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
លោកបានថ្លែងថា “នោះជាអ្វីដែលលោក សម រង្ស៊ី មិនដែលយកមកគិត”៕ សារុន (រាយការណ៍បន្ថែមដោយ Brendan O’Byrne)