បុរសពីរនាក់នៅខេត្តពោធិ៍សាត់ ដែលជាប់សង្ស័យក្នុងអំពើឃាតកម្មលើមន្ត្រីក្រសួងរៀបចំដែនដីម្នាក់កាលពីខែមុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំណែកឯជនសង្ស័យបីនាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនគរបាល។
នគរបាលជឿថា ឈ្មោះ កែវ លាង អាយុ៣២ឆ្នាំ និងឈ្មោះ ប៊ុន ភ័ស្ស អាយុ២៣ឆ្នាំ គឺជាជនសមគំនិតក្នុងអំពើឃាតកម្មលើឈ្មោះ ហេង រតនៈ អាយុ២៦ឆ្នាំដែលសាកសពត្រូវគេប្រទះឃើញប្រឡាក់ឈាមជោក និងហើមស្អុយនៅលើគ្រែនៃបន្ទប់ជួលរបស់ជនរងគ្រោះនៅស្រុកភ្នំក្រវាញ កាលពីថ្ងៃទី២៨ ខែមិថុនា។
យោងតាមមន្ត្រីមានសមត្ថកិច្ចបានឱ្យដឹងថា បុរសទាំងពីរនាក់នេះជិតស្និទ្ធនឹងជនរងគ្រោះ។ លោក វង សាវេត អធិការស្រុកភ្នំក្រវាញមានប្រសាសន៍ថា សមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យទាំងនេះ បន្ទាប់ពីនគរបាលកំណត់បានអត្តសញ្ញាណម្ចាស់នៃអាវុធរកឃើញនៅជិតកន្លែងកើតហេតុ នោះគឺកំាបិតប៉័ងតោប្រឡាក់សុទ្ធតែឈាមដែលឃាតករប្រើធ្វើសកម្មភាពកាប់ទៅលើក្បាលរបស់ ហេង រតនៈ។
អធិការរូបេនះបានឱ្យដឹងទៀតថា ជនរងគ្រោះ និងជនល្មើសគឺជា “ជនញៀនថ្នាំ” ហើយនគរបាលជឿថា គ្រឿងញៀន និងអំពើប្លន់ជាមូលហេតុស្ថិតនៅពីក្រោយអំពើឃាតកម្មនេះ។ ទោះជាយ៉ាងណា លោកគូសបញ្ជាក់ថា គ្មានសញ្ញាណាមួយបង្ហាញថារបស់របរអ្វីមួយត្រូវបានលួចចេញពីកន្លែងកើតហេតុឡើយ។
ពេលនេះជនសង្ស័យទាំងពីរកំពុងជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់ ខណៈការស៊ើបអង្កេតកំពុងបន្ត។
នគរបាលនិយាយថា ខ្លួនកំណត់បានអត្តសញ្ញាណជនសង្ស័យបីនាក់ទៀត ប៉ុន្តែមិនទាន់ដឹងពីតម្រុយរបស់ពួកគេនៅឡើយទេ៕ សុខុម