អេស្កាវ៉ាទ័រពីរគ្រឿងបានប្រែក្លាយឥដ្ឋឱ្យទៅជាកម្ទេចដោយងាយស្រួលកាលពីម្សិលមិញខណៈជញ្ជាំងដែលលយចេញពីជាន់ផ្ទាល់ដីនៃអគារប៊ូឌីងសដ៏ចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញនេះបានដួលរាបដល់ដីជាបណ្តើរៗ។
ខណៈសំណង់ដ៏សំខាន់នៃអគារប្រវត្តិសាស្ត្រនេះនៅតែឈរខ្ពស់ជាងកម្មករសំណង់ មួយក្រុមតូច ការវាយកម្ទេចអគារដែលជាប់ទៅនឹងប្លុកលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបក្នុងឆ្នាំ១៩៦៣ នោះ បានបន្តពេញមួយថ្ងៃដើម្បីបើកផ្លូវសម្រាប់ការសាងសង់អគារកម្ពស់២១ជាន់ ដែលចំណាយទឹកប្រាក់អស់៨០លានដុល្លារ។

លោក ឃូ សុខឡៃ អ្នកចាត់ការទូទៅក្រុមហ៊ុនពិស្ណុកាបានមានប្រសាសន៍កាលពីម្សិល មិញថា ក្រុមហ៊ុនអារ៉ាកាវ៉ា ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុនបានជួលក្រុមហ៊ុនសំណង់ពិស្ណុកាអុីនធឺណេសិនណល (Pisnoka International) ឱ្យវាយកម្ទេចអគារនេះក្នុងរយៈពេល៣ខែក្រោយ។ លោកបានថ្លែងថា សំណង់នេះនឹងត្រូវវាយកម្ទេចបណ្ដើរៗ”ដើម្បីកាត់បន្ថយការប៉ះពាល់ដល់អគារនៅជាប់នោះ និងប៉ះពាល់ដល់សាធារណជន”។
លោក ឃូ សុខឡៃ បានថ្លែងថា “យើងនឹងប្រើសម្ភារធុនធ្ងន់ ហើយផ្នែកមួយចំនួនទៀតយើងត្រូវប្រើកម្លាំងមនុស្ស ពីព្រោះផ្នែកមួយចំនួនវានៅកៀកនឹងអគារផ្សេងទៀត។ យើងត្រូវការពេលវេលាសង់ជញ្ជាំងការពារដើម្បីបញ្ចៀសផលប៉ះពាល់សាធារណៈ”។
លោកបានថ្លែងថា ការចំណាយថ្លៃវាយកម្ទេចអគារដែលគេរង់ចាំយូរមកហើយនេះមិនត្រូវបានបញ្ជាក់ឱ្យដឹងទេ ព្រោះវាអាស្រ័យលើ “ផលប៉ះពាល់បរិស្ថាន” ហើយបញ្ហាមួយចំនួនទៀតដែលក្រុមហ៊ុនបានដោះស្រាយអំឡុងដំណើរការនោះ។
លោក ឃូ សុខឡៃ បាននិយាយថា ការវាយកម្ទេចអគារនេះទំនងជានឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ ខណៈប្រជាពលរដ្ឋមួយចំនួនតូចបានសុំឱ្យក្រសួងរៀបចំដែនដីផ្តល់ពេលវេលាបន្ថែមដើម្បីឱ្យពួកគាត់រៀបចំរកលំនៅដ្ឋានថ្មី។
លោកបានថ្លែងថា ក្រុមហ៊ុនពិស្ណុកាសង្ឃឹមថានឹងធ្វើការលើការអភិវឌ្ឍថ្មីនេះផងដែរ ប៉ុន្តែថា វាឆាប់ពេកក្នុងការនិយាយអំពីការសាងសង់នោះ។
បន្ទាប់ពីកាចរចារយៈពេលជាច្រើនខែមក ប្រជាពលរដ្ឋប្រាំពីរគ្រួសារក្នុងចំណោមប្រជាពលរដ្ឋ៤៩២គ្រួសាររស់នៅក្នុងអគារនេះដែលមិនទាន់រើចេញ ដែលត្រូវបានរិះគន់ដោយសាលារាជធានីកាលពីឆ្នាំ២០១៣ កាលពីថ្ងៃសៅរ៍ បានទទួលយកការផ្ដល់សំណងជាទឹកប្រាក់១.៤០០ដុល្លារក្នុងមួយម៉ែត្រក្រឡា បន្ទាប់ពីក្រសួង និងក្រុមហ៊ុនអារ៉ាកាវ៉ាបានបំប៉ោងទំហំបន្ទប់ស្នាក់នៅរបស់ពួកគាត់ នេះបើតាមគ្រួសារទាំងនេះបានលើកឡើង។
អ្នកស្រី គឹម ស្រីពៅ អាយុ៤៣ឆ្នាំ ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលមិនទាន់រើចេញបាននិយាយថា អ្នកស្រីនឹងចាកចេញពីអគារនេះនៅថ្ងៃនេះ។ អ្នកស្រីបាននិយាយថា “ខ្ញុំបានសម្រេចចិត្តហើយកាលពីថ្ងៃសៅរ៍ ពីព្រោះខ្ញុំទទួលបានទំហំជា [ម៉ែត្រក្រឡា] បន្ថែមពីលើអ្វីដែលខ្ញុំកាន់កាប់”។ អ្នកស្រីបានបន្ថែមថា អ្នកស្រីទទួលបានប្រាក់បន្ថែមប្រហែល៥.០០០ដុល្លារ ឬសរុបជិត៤០.០០០ដុល្លារ។
កាលពីម្សិលមិញ លោក ហេង ថៃលី ប្រធានគម្រោងរបស់ក្រុមហ៊ុនអារ៉ាកាវ៉ាបានបដិសេធថា ក្រុមហ៊ុនមិនបានបំប៉ោងទំហំបន្ទប់ស្នាក់នៅរបស់គ្រួសារដែលមិនទាន់រើចេញទាំងនោះទេ ដោយលោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ មន្ត្រីក្រសួងបានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយក៏មិនអាចទាក់ទងបានដែរ។
អ្នកស្រី ស្រីពៅ និយាយថា “ខ្ញុំសោកស្ដាយណាស់ដោយបាត់បង់ផ្ទះ។ ប៉ុន្តែខ្ញុំមិនអាចនៅតតាំងនឹងគ្រឿងចក្របានឡើយ”៕ សារុន