ក្រុមសង្គ្រោះរួមជាមួយកាណូត និងគ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនទៅកាន់ភូមិចំនួនពីរស្ថិតក្នុងខេត្តស្ទឹងត្រែង កន្លែងដែលប្រជាពលរដ្ឋមិនព្រមចាកចេញទៅណា បើទោះបីជាគេរំពឹងទុកថាទឹកនឹងជន់លិច នៅពេលទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសនេះធ្វើតេស្តសាកល្បងក្ដី។
ត្រឹមថ្ងៃម្សិលមិញ កម្រិតទឹកទន្លេសេសានបានហក់ឡើង៣ម៉ែត្រ ចាប់តាំងពីទំនប់វារីអគ្គិសនីដែលមានកម្លាំង៤០០មេហ្គាវ៉ាត់នេះបានបិទកាលពីថ្ងៃសៅរ៍ នេះបើយោងតាមលោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា នៅពេលទំនប់វារីអគ្គិសនីសេសានក្រោម២ដែលចំណាយអស់ទឹកប្រាក់៨០០លានដុល្លារនេះបានបិទសម្រាប់ការធ្វើតេស្តដំបូង មន្ត្រីកងរាជអាវុធហត្ថ និងនគរបាលជាច្រើនត្រូវបានបញ្ជូនទៅកាន់ភូមិស្រែគរ និងភូមិក្បាលរមាស ស្ថិតក្នុងស្រុកសេសាន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលមិនព្រមចាកចេញទៅណា។
លោកបានបញ្ជាក់កាលពីម្សិលមិញថា “កម្រិតទឹកទន្លេសេសានស្ថិតនៅកម្ពស់៦១ម៉ែត្រនៅថ្ងៃនេះ ប៉ុន្តែភូមិស្រែគរ និងភូមិក្បាលរមាសមិនទាន់ជន់លិចទេ”។
លោកបានលើកឡើងបន្ថែមថា “យើងមិនបារម្ភទេ ព្រោះអាជ្ញាធរខេត្តរបស់យើងបានត្រៀមកម្លាំង និងកាណូតរួចហើយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលទឹកជន់លិចនៅប៉ុន្មានថ្ងៃខាងមុខ”។
គ្រួសារនៅសេសសល់ដែលភាគច្រើនជាជនជាតិដើមភាគតិច មិនព្រមរើចេញទៅកាន់កន្លែងតាំងលំនៅថ្មីទេ ដោយពួកគាត់ស្ទាក់ស្ទើរក្នុងការបោះបង់ដីដូនតារបស់ពួកគាត់ ហើយខ្លាចបាត់បង់របៀបរស់នៅតាមបែបប្រពៃណី និងជីវភាពរបស់ពួកគាត់។ អាជ្ញាធរបានប៉ាន់ប្រមាណកាលពីសប្ដាហ៍មុនថា ប្រជាពលរដ្ឋដែលមិនព្រមរើចេញមានចំនួនប្រហែល១២០គ្រួសារ ចំណែកឯអ្នកភូមិនិយាយថានៅសល់ប្រមាណ១៨០គ្រួសារ។
លោក ម៉ែន គង់ ប្រាប់ថា ក្រុមសង្គ្រោះមានគ្រឿងឧបភោគបរិភោគរួមជាមួយថ្នាំពេទ្យ និងទឹកស្អាត ប៉ុន្តែលោកមិនដឹងថាប៉ុន្មានក្រុមត្រូវបានបញ្ជូនទៅកាន់ភូមិនីមួយៗទេ។
លោក ស៊ុត ធឿន អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលនៅសេសសល់ក្នុងភូមិស្រែគរនិយាយថា ពេលគាត់មើលឃើញកម្រិតទឹកទន្លេកំពុងហក់ឡើងយ៉ាងឆាប់រហ័ស ក្រុមសង្គ្រោះហាក់ដូចគ្មានបានការអីសោះ។
គាត់និយាយទៀតថា សហគមន៍របស់គាត់នឹងផ្លាស់ចេញ ប្រសិនបើភូមិនេះត្រូវបានជន់លិចទាំងស្រុង។ គាត់បញ្ជាក់ថា “ពួកគាត់នឹងចាកចេញ បើទឹកលិចដល់ដំបូលផ្ទះពួកគាត់”៕ សុខុម