ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលបានកាប់បំផ្លាញដើមកញ្ឆាជាង៦០.០០០ដើមលើផ្ទៃដីទំហំ៣ហិកតាក្នុងខេត្តតាកែវដែលជាដំណាំខុសច្បាប់។
លោក ឈុន សារ៉េត ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីនគរបាលប្រហែល២០នាក់បានកាប់បំផ្លាញដើមកញ្ឆាដែលដាំនៅជើងភ្នំមួយក្នុងស្រុកគិរីវង់ កាលពីថ្ងៃច័ន្ទ ជាលើកទី៤ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដែលអាជ្ញាធរបានកាប់បំផ្លាញដើមកញ្ឆានៅទីនោះ។
លោកបានថ្លែងថា “កញ្ឆានេះមានម្ចាស់ច្រើនគ្នា។ នៅពេលយើងចុះទៅដល់ទីនោះ គ្មាននរណាម្នាក់នៅលើចម្ការនោះឡើយ”។

លោកបានមានប្រសាសន៍ថា លោកមិនអាចប៉ាន់ប្រមាណពីតម្លៃនៃដើមកញ្ឆាទាំងនោះបានឡើយដែលត្រូវគេស្រោចទឹកអស់ដល់ទៅ៥០ស៊ីទែនឯណោះ។
លោក សៅ ចាន់ធឿន អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា ការតាមដានរកអ្នកដាំកញ្ឆាគឺលំបាកណាស់នៅក្នុងតំបន់ជនបទ ដែលល្បីខាងដាំកញ្ឆានេះ ហើយថា មិនទាន់ចាប់ខ្លួនបានជនណាម្នាក់នៅឡើយទេ។
លោកបានថ្លែងថា “ពួកគេតែងតែដាំក្នុងកន្លែង និងទីតាំងខុសគ្នានៅតំបន់ភ្នំ ដូច្នេះហើយវាលំបាកក្នុងការទទួលបានព័ត៌មានដើម្បីបង្ក្រាប ឬចាប់ខ្លួនម្ចាស់ចម្ការទាំងនោះណាស់”។លោកបានបន្ថែមថា “យើងបានបង្ក្រាបច្រើនលើកមកហើយ ប៉ុន្តែយើងមិនដែលចាប់ខ្លួនបានជនណាម្នាក់ឡើយ ពីព្រោះពួកគេមិនបានរស់នៅទីនោះទេ”។
លោក សៅ ចាន់ធឿន មានប្រសាសន៍ថា “កញ្ឆា”រាប់រយរាប់ពាន់” ដើម ត្រូវបានកាប់បំផ្លាញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងស្រុកគិរីវង់។
កាលពីខែកុម្ភៈ នគរបាលបានកាប់បំផ្លាញដើមកញ្ឆាជាង៤០.០០០ដើម ក្នុងឃុំព្រះបាទជាន់ជុំក្បែរនោះ ដោយអះអាងថា អ្នកភូមិប្រហែល៧០ភាគរយពាក់ព័ន្ធនឹងការដាំកញ្ឆានៅក្នុងភូមិដែលគេរកឃើញដើមកញ្ឆាដ៏ច្រើននេះ៕ សារុន