38.1 C
Phnom Penh

CNRP​​​ ចាប់​​​ផ្តើម​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ ខណៈ​​​ព្រឹទ្ធសភា​បោះ​ឆ្នោត​​​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​បក្ស​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមផ្លាស់ប្តូរស្លាកសញ្ញាដែលមានរូបលោក សម រង្ស៊ី  ខណៈច្បាប់ថ្មី ដែលផ្តោតគោលដៅលើអតីតប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានអនុម័តជាឯកច្ឆន្ទអំឡុងការបោះឆ្នោតនៅព្រឹទ្ធសភា ដែលគណបក្សប្រឆាំងមួយនេះធ្វើពហិការកាលពីម្សិលមិញ។

ស្របពេលដំណាលគ្នានេះ តំណាងសហភាពអឺរ៉ុបបានចូលរួមជាមួយអង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់លើវិសោធនកម្មច្បាប់នេះ ដោយលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានការព្រួយបារម្ភខ្លាចវិសោធនកម្មនេះដាក់ការរឹតបន្តឹងបន្ថែមទៀតលើសកម្មភាពរបស់គណបក្សនយោបាយ។ ស្ថានទូតសហរដ្ឋអាមេរិកដែលសំដែង “កង្វល់យ៉ាងខ្លាំង” ចំពោះវិសោធនកម្មច្បាប់លើកមុនដែលត្រូវបានបោះឆ្នោតអនុម័តកាលពីខែកុម្ភៈនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ។

គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមផ្លាស់ប្តូរស្លាកសញ្ញាដែលមានរូបលោក សម រង្ស៊ី  អតីតមេដឹកនាំគណបក្សប្រឆាំង កាលពីថ្ងៃច័ន្ទ។ Fresh News

វិសោធនកម្មថ្មីនេះរារាំងគណបក្សនយោបាយមិនឲ្យ “ឃុបឃិត” ជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឬបង្ហាញរូបភាពរបស់ទណ្ឌិតជាប់ទោសទាំងនោះនៅលើឧបករណ៍ផ្សព្វផ្សាយនានានៅក្នុងអ្វីដែលលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកកាលពីដើមខែនេះថា ជាការខិតខំប្រឹងប្រែងដើម្បី “សម្លាប់ជីវិតនយោបាយ សម រង្ស៊ី “។

ព្រឹទ្ធសភាដែលអាចត្រឹមតែស្នើឲ្យមានការកែប្រែច្បាប់ បានជ្រើសរើសមិនធ្វើដូច្នោះ ឡើយកាលពីព្រឹកម្សិលមិញ ដោយសមាជិកព្រឹទ្ធសភាទាំង៤២រូបមកពីគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតអនុម័តវិសោធនកម្មនេះជាឯកច្ឆន្ទ។

ភារធារីតំណាងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ឈ្មោះ Genoveva Hernandez Uriz បានសរសេរនៅក្នុងអីុម៉េលមួយកាលពីម្សិលមិញថា ការិយាល័យរបស់ខ្លួនព្រួយបារម្ភចំពោះវិសោធនកម្មថ្មីបំផុតនេះដោយលើកឡើងថា ពាក្យពេចន៍នៅក្នុងច្បាប់ថ្មីនេះ “បើកចំហឲ្យមានការបកស្រាយទូលំទូលាយ និងតាមតែអំពើចិត្ត”។

ប៉ុន្តែ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានសរសេរនៅក្នុងសេក្តីប្រកាសព័ត៌មានថា សេចក្ដីស្នើច្បាប់នេះ “ក៏សំដៅលើកកម្ពស់សិទ្ធិនិងករណីកិច្ច របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសទៅទៀតគឺបានបញ្ញត្តិឲ្យកាន់តែច្បាស់អំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវគ្រប់គណបក្សនយោបាយធានានូវការគោរពឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន”។

លោក សុខ ឥសាន បានលើកឡើងទៀតថា ច្បាប់នេះនឹងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញដែលពោរពេញទៅដោយអ្នកស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាក្នុងសប្តាហ៍នេះ មុនពេលបញ្ជូនបន្តទៅព្រះមហាក្សត្រ នរោត្តម សីហមុនី ឲ្យទ្រង់ឡាយព្រះហស្តលេខា។

លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្ស សម រង្ស៊ី បានលើកឡើងថា គណបក្សនេះក៏ដូចគណបក្សសង្គ្រោះជាតិដែរគឺមិនបានចូលរួមទេពេលមានការបោះឆ្នោតលើវិសោធនកម្មនេះ ព្រោះវាធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជាចុះខ្សោយ។

ដោយមិនបញ្ចេញឈ្មោះគណបក្សណាមួយនោះ លោកបានមានប្រសាសន៍ថា “[វា] បម្រើផលប្រយោជន៍បុគ្គល និងគណបក្សនយោបាយមួយ”។ លោកបានថ្លែងបន្តថា “ប្រសិនបើយើងចូលទៅ [ប្រជុំ] យើងហាក់ដូចជាយើងគាំទ្រច្បាប់ហ្នឹង”។

cam-photo-party-law-senate-facebook-JUMPចាប់តាំងពីគណបក្ស សម រង្ស៊ី បានច្របាច់ បញ្ចូលគ្នាជាមួយគណបក្ស សិទ្ធិមនុស្សរបស់លោក កឹម សុខា កាលពីឆ្នាំ២០១២មកគណបក្សទាំងពីរនេះនៅតែបន្តរក្សាអាសនៈរបស់ខ្លួនក្នុងក្រុមប្រឹក្សាឃុំសង្កាត់ និងព្រឹទ្ធសភា។

លោក ទាវ វណ្ណុល បានលើកឡើងទៀតថា ដើម្បីឲ្យស្របតាមបទប្បញ្ញត្តិនៃសេចក្តីស្នើច្បាប់នេះ ដែលហាមឃាត់គណបក្សនយោបាយមិនឲ្យដាក់ឈ្មោះរបស់ខ្លួនតាមបុគ្គលណាមួយ ឬបង្ហាញរូបបុគ្គលណាមួយដែលជាទណ្ឌិតជាប់ទោសនៅក្នុងស្លាកសញ្ញា របស់ខ្លួននោះ គណបក្សសម រង្ស៊ី នឹងជួបប្រជុំគ្នា”ឆាប់ៗ”ដើម្បីសម្រេចជាចុងក្រោយលើឈ្មោះថ្មីរបស់ខ្លួន។

ស្របពេលដំណាលគ្នានេះ កាលពីដើមសប្តាហ៍ មន្ត្រីគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមផ្លាស់ប្តូរស្លាកសញ្ញារបស់ខ្លួនដែលមានចំនួនរាប់មឺុនជាបណ្តើរៗ ហើយក៏ចាប់ផ្តើមដកទិន្នន័យព័ត៌មានដែលមានជាប់ទាក់ទិននឹងលោក សម រង្ស៊ី ចេញជាបណ្តើរៗដែរទាំងនៅក្នុងស្លាកសញ្ញា និងគេហទ័ព័ររបស់គណបក្ស ដើម្បីឲ្យស្របតាមវិសោធនកម្មដែលបានស្នើឡើងនេះ នេះបើយោងតាមលោក ម៉ៅ មុនី្នវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

លោក ម៉ៅ មុន្នីវណ្ណ បានលើកឡើងទៀតថា ស្លាកសញ្ញាថ្មីនឹងមានបង្ហាញត្រឹមតែរូបព្រះអាទិត្យរះរបស់គណបក្សប៉ុណ្ណោះ ដោយប្តូររូបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក្នុងពេលបច្ចុប្បន្ន និងលោក សម រង្ស៊ី ដែលដឹកនាំគណបក្សនេះរហូតដល់ពេលមានការអនុម័តលើវិសោធនកម្មកាលពីខែកុម្ភៈ ឈរចាប់ដៃគ្នា។

លោកបានលើកឡើងបន្តទៀតថា ការិយាល័យគណបក្សនៅតាមបណ្តាខេត្តនឹងផ្តល់មូលនិធិសម្រាប់ការផ្លាស់ប្តូរនេះ ហើយនឹងប្រើស្ទីកគ័របិទលើផ្ទាំងស្លាកសញ្ញា។ លោកបានបន្ថែមថា ភូមិនីមួយៗមានស្លាកសញ្ញាតូចយ៉ាងតិចមួយ ហើយនៅក្នុងឃុំនានាមានស្លាកសញ្ញាធំៗយ៉ាងតិចពីពីរទៅប្រាំដែលនឹងត្រូវផ្លាស់ប្តូរ។

លោកបានលើកឡើងបន្ថែមទៀតថា អ្នកគាំទ្រនឹងនៅតែបោះឆ្នោតឲ្យគណបក្សនេះដោយមិនចាំបាច់ឃើញថ្នាក់ដឹកនាំរបស់គណបក្សនេះក៏បានដែរ ខណៈពួកគាត់ធ្វើដំណើរទូទាំងប្រទេស។

លោកបានមានប្រសាសន៍ថា “សំខាន់គឺយើងរក្សាគណបក្សដើម្បីចូលរួមការបោះឆ្នោត ព្រោះយើងមានជំនឿជឿជាក់ថា យើងនឹងទទួលជោគជ័យនៅឆ្នាំ២០១៨”។

គណបក្សរាជានិយម ហ្វុ៊នសិុនបិុច ក៏នឹងធ្វើការផ្លាស់ប្តូរស្លាកសញ្ញារបស់ខ្លួន ដែលមានព្រះឆាយាលក្ខណ៍របស់ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ ដែរ។ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សនេះមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។

បន្ទាប់ពីច្បាប់នេះចូលជាធរមាន គណបក្សនយោបាយមានពេល៩០ថ្ងៃនៅក្នុងការអនុវត្តតាមច្បាប់ថ្មីនេះ នេះបើយោងតាមសេចក្តីស្នើច្បាប់នេះ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស