33 C
Phnom Penh

រដ្ឋាភិបាលរិះគន់​សេចក្តីថ្លែងការណ៍របស់អង្គការ​​​សហប្រជាជាតិ​​​​ស្តីពីការដោះលែង​មន្ត្រីអាដហុកទាំង៥​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ រដ្ឋាភិបាលបានរិះគន់ធ្ងន់ៗលើការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកនាំពាក្យម្នាក់អំពីការដោះលែងមន្ត្រីអាដហុកទាំង៥ ហើយបានជំរុញឲ្យ “ទីភ្នាក់ងារ” របស់ស្ថាប័នអន្តររដ្ឋាភិបាលនេះកុំធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពរបស់តុលាការកម្ពុជា។

សេចក្តីថ្លែងការណ៍របស់តំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា រដ្ឋាភិបាល “បានខិតខំអស់ពីសមត្ថភាព” នៅក្នុងការចាត់ទុកប្រជាពលរដ្ឋខ្មែរទាំងអស់ស្មើៗភាពគ្នា ប៉ុន្តែ បានអះអាងថា “សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ជារឿយៗតែងតែមួលបង្កាច់ការពិត ភូតកុហក និងធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យឺុន ឬបំផ្លើសករណីមួយចំនួនដើម្បីធ្វើឲ្យខូចភាពស្របច្បាប់របស់ស្ថាប័នរដ្ឋ [មួយ] នេះ”។

សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា “យើងជំរុញឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះកុំធ្វើឲ្យប៉ះពាល់ដល់មុខងារឯករាជ្យរបស់តុលាការ”។ សេចក្តីថ្លែងការណ៍នេះបន្តទៀតថា “[ធ្វើ] ដូច្នេះស្មើនឹងទង្វើមិនគោរពតុលាការ”។

អំឡុងសន្និសីទកាសែតមួយក្នុងទីក្រុងហ្សឺណែវ កាលពីពីរសប្តាហ៍កន្លងទៅ លោកស្រី Liz Throssell អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានស្វាគមន៍ការដោះលែងមន្ត្រីអាដហុកទាំងអតីត និងបច្ចុប្បន្នចំនួន៥រូបឲ្យនៅក្រៅឃុំកាលពីខែមុន បន្ទាប់ពីឃុំខ្លួនអស់រយៈពេលជាងមួយឆ្នាំ ប៉ុន្តែ ការិយាល័យនេះ “នៅតែមានកង្វល់” ចំពោះការបើកសវនាការដែលមិនទាន់ចប់សព្វគ្រប់។ លោកស្រីបានលើកឡើងទៀតថា សំណុំរឿងនេះ”កំពុងបន្តទោះបីជាខ្វះភ័ស្តុតាង និងមូលដ្ឋានផ្លូវច្បាប់សម្រាប់បទចោទប្រកាន់” ក៏ដោយ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស