សកម្ម​​​ជន​​​ដាក់​​​ញត្តិ​​​ជូន​​​ EU និង​​​ធនាគារ​​​ពិភព​​​លោកសុំ​​​ឲ្យជួយ​​​ដោះ​​​លែង​អ្នកស្រី ទេព វន្នី​​​

សកម្មជនមកពីតំបន់បឹងកក់ជាង៣០នាក់បានដាក់ញត្តិជូនទីស្នាក់ការសហភាពអឺរ៉ុប និងទីស្នាក់ការធនាគារពិភពលោកនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ ដោយស្នើសុំឲ្យស្ថាប័នទាំងពីរនេះជួយបញ្ចុះបញ្ចូល មន្ត្រីរដ្ឋាភិបាលឲ្យដោះលែងអ្នកស្រី ទេព វន្នី សកម្មជនដ៏លេចធ្លោ នៅមុនសាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងជំទាស់នឹងការផ្តន្ទាទោសអ្នកស្រីឲ្យជាប់ពន្ធនាគារនៅសប្តាហ៍ក្រោយ នេះបើយោងតាមសកម្មជនទាំងនេះ។

អ្នកស្រី ទេព វន្នី អាយុ៣៦ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែសីហា ដោយសារដឹកនាំការតវ៉ាទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សចំនួន៥រូបដែលត្រូវបានចាប់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងអ្វីដែលមជ្ឈដ្ឋានទូទៅជឿថា ជាការចោទប្រកាន់មានជាប់ពាក់ព័ន្ធរឿងនយោបាយ។សកម្មជនការពារសិទ្ធិមនុស្សទាំង៥នាក់នោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំតាំងពីពេលនោះមក។

សមាជិកសហគមន៍បឹងកក់អំពាវនាវឲ្យដោះលែងអ្នកស្រី ទេព វន្នី នៅមុខទីស្នាក់ការសហភាពអឺរ៉ុប ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ John Vink
សមាជិកសហគមន៍បឹងកក់អំពាវនាវឲ្យដោះលែងអ្នកស្រី ទេព វន្នី នៅមុខទីស្នាក់ការសហភាពអឺរ៉ុប ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ John Vink

ការចោទប្រកាន់ដែលមានរយៈពេលរាប់ឆ្នាំមកនេះត្រូវបានដាក់បន្ទុកមកលើអ្នកស្រី ហើយនៅក្នុងខែកុម្ភៈ អ្នកស្រីត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាការរយៈពេល២ឆ្នាំកន្លះពីបទចោទកើតចេញពីការតវ៉ាក្នុងឆ្នាំ២០១៣នៅខាងមុខភូមិគ្រឹះក្នុងរាជធានីភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។

អ្នកស្រី សុង ស្រីលាភ ដែលជាសកម្មជនម្នាក់ទៀតបានលើកឡើងកាលពីម្សិលមិញថា “អ្នកស្រី ទេព វន្នី ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអស់រយៈពេលជាច្រើនថ្ងៃមកហើយ”។ អ្នកស្រីបានបន្តថា តុលាការបានផ្តន្ទាទោសអ្នកស្រី  ទេព វន្នី “ដោយមិនបានស្វែងរកការពិត” ទេ។

អ្នកស្រី សុង ស្រីលាភ បានលើកឡើងទៀតថា អ្នកស្រី ទេព វន្នី បានប្តឹងឧទ្ធរណ៍ជំទាស់ នឹងការផ្តន្ទាទោសនេះ ហើយនឹងបង្ហាញខ្លួននៅចំពោះមុខសាលាឧទ្ធរណ៍នៅថ្ងៃទី២៧ខែកក្កដា ដែលនៅពេលនោះការអន្តរាគមន៍របស់សហភាពអឺរ៉ុប និងធនាគារពិភពលោកអាចជួយឲ្យមានការដោះលែងអ្នកស្រីបាន។

អ្នកស្រីបាននិយាយថា “យើងសង្ឃឹមថា ពួកគេនឹងអន្តរាគមន៍ទៅរដ្ឋាភិបាលដើម្បីឲ្យដោះលែងគាត់”។

អ្នកស្រី សុង ស្រីលាភ មិនបានពន្យល់ទេ ថា តើអ្នកស្រីគិតថា ស្ថាប័នទាំងពីរនេះអាចជួយបញ្ចុះបញ្ចូលឲ្យតុលាការកែប្រែការសម្រេចដោយរបៀបណានោះ។

សមាជិកសហគមន៍បឹងកក់អំពាវនាវឲ្យដោះលែងអ្នកស្រី ទេព វន្នី នៅមុខទីស្នាក់ការសហភាពអឺរ៉ុប ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ John Vink
សមាជិកសហគមន៍បឹងកក់អំពាវនាវឲ្យដោះលែងអ្នកស្រី ទេព វន្នី នៅមុខទីស្នាក់ការសហភាពអឺរ៉ុប ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ John Vink

អ្នកស្រីបានលើកឡើងបន្ថែមថា ទោះជាយ៉ាងណា នៅម៉ោងប្រហែល៩និង៣០នាទីព្រឹកម្សិលមិញ អ្នកគាំទ្រមួយក្រុមមានគ្នា៣០នាក់មកពីតំបន់បឹងកក់ដែលជាតំបន់រងការបណ្តេញចេញ បានទៅដល់ទីស្នាក់ការរបស់សហភាពអឺរ៉ុបជាកន្លែងដែលពួកគេបានធ្វើការជួបជុំប្រហែល២០នាទីមុនពេលដាក់ញត្តិ។

អ្នកស្រីបានលើកឡើងបន្តទៀតថា ក្រោយមកក៏មានការដាក់ញត្តិស្រដៀងគ្នានេះជូនធនាគារពិភពលោកដែរ។

គ្មានស្ថាប័នណាឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា ការចូលរួមចំណែករបស់ស្ថាប័នទាំងពីរនេះនឹងគ្មានឥទ្ធិពលលើការសម្រេចរបស់តុលាការទេ។

លោកបានមានប្រសាសន៍ថា “តុលាការឯករាជ្យ ហើយមានអធិបតេយ្យភាពរបស់ខ្លួន។ គ្មាននរណាមានសិទ្ធិជ្រៀតជ្រែកដំណើរការនីតិវិធី ក៏ដូចជាសេចក្តីសម្រេចបានឡើយ”។លោកបានបន្តថា “គ្មាននរណាអាចជ្រៀតជ្រែកបានទេ។

ការចោទប្រកាន់បច្ចុប្បន្នលើអ្នកស្រី ទេព វន្នី គឺដោយសារមានការអះអាងថា អ្នកស្រីបានប្រើអំពើហិង្សាលើសន្តិសុខខណ្ឌដូនពេញអំឡុងការតវ៉ាស្រដៀងគ្នាមួយកាលពី៤ឆ្នាំមុន។ ស្របពេលដំណាលគ្នានេះ សកម្មជនរូបនេះអះអាងថា គឺកងសន្តិសុខខណ្ឌដូនពេញទេដែលជាអ្នកវាយដំលើអ្នកតវ៉ានោះ៕ ស៊ុយឈាង

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.