បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសជនជាតិថៃប្រាំនាក់ត្រូវបានចាប់ខ្លួនខណៈពេលកំពុងដឹកអាវុធ និងគ្រាប់រំសេវនោះ មន្ត្រីក្រសួងការពារជាតិម្នាក់បានអះអាងកាលពីម្សិលមិញថា អាវុធដែលតាមព័ត៌មានថាបានដឹកពីប្រទេសកម្ពុជាឆ្លងព្រំដែនចូលទៅប្រទេសថៃនៅសប្ដាហ៍នេះនោះ មិនមែនចេញពីឃ្លាំងអាវុធរបស់ប្រទេសកម្ពុជាទេ។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា នគរបាលថៃបាននិយាយថា ពួកគេរឹបអូសបានកាំភ្លើងផ្លោងធុន៨២មិល្លីម៉ែត្រពីរដើម កាំភ្លើងផ្លោងធុន៨១មិល្លីម៉ែត្រមួយដើម គ្រាប់ផ្លោងធុន៨២មិល្លីម៉ែត្រចំនួនបីគ្រាប់ គ្រាប់រ៉ុក្កែតដុតឈ្នួនចំនួនបីឈុត និងទូរស័ព្ទដៃចំនួនប្រាំមួយគ្រឿងពីជនសង្ស័យទាំងនេះនៅម៉ោងប្រហែល១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ក្នុងខេត្តស្រះកែវ។ ខេត្តស្រះកែវមានព្រំដែនជាប់ខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា។
កាសែតបាងកកប៉ុស្តិ៍ដដែលនេះបានលើកឡើងថា ជនសង្ស័យទាំងនេះធ្វើដំណើរតាមរថយន្តវ៉ែនដឹកអ្នកដំណើរពីរគ្រឿង និងរថយន្តតូយ៉ូតា Vios sedan មួយគ្រឿង ហើយត្រូវបានចាប់ខ្លួននៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងស្រុកមឿង កន្លែងដែលពួកគេឈប់ដើម្បីចាក់សាំង។
ដោយលើកឡើងអំពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ កាសែតបាំងកកប៉ុស្តិ៍ដដែលនេះបានបន្ថែមថា “ជនទាំងនេះសារភាពថា បានដឹកអាវុធពីប្រទេសកម្ពុជាកាត់តាមតំបន់ថាប់ព្រីក ក្នុងស្រុកអារញ្ញ ដើម្បីបញ្ជូនទៅក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា”។
សេចក្តីរាយការណ៍ព័ត៌មានដដែលបន្តថា ជនទាំងប្រាំនាក់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធ និងគ្រាប់រំសេវដែលគ្មានការចុះបញ្ជី ហើយដឹកអាវុធទាំងនោះតាមផ្លូវសាធារណៈ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមានប្រសាសន៍កាលពីម្សិលមិញថា អាវុធទាំងនោះដែលត្រូវបានរឹបអូសក្នុងប្រទេសថៃ មិនមែនមានប្រភពក្នុងប្រទេសកម្ពុជាទេ។ ឧត្ដមសេនីយ៍ ឈុំ សុជាតិ បានថ្លែងថា “យើងបានត្រួតពិនិត្យឃ្លាំង បន្ទាយ កងពល និងទាហានតាមព្រំដែន”។ លោកបានបន្ថែមថា “យើងបានពិនិត្យមើលអាវុធ និងគ្រាប់ ពីព្រោះវាមានចុះបញ្ជី ហើយគ្មានអាវុធណាមួយបាត់ទេ។
នៅពេលសួរថា តើហេតុអ្វីបានជាជនសង្ស័យជនជាតិថៃទាំងនេះសារភាពថាពួកគេបានជួញដូរអាវុធពីប្រទេសកម្ពុជានោះ ឧត្ដមសេនីយ៍ ឈុំ សុជាតិ មានប្រសាសន៍ថា៖”យើងមិនដឹងទេ វាជាចម្លើយនៅថៃ”។
ឧត្ដមសេនីយ៍ ឈុំ សុជាតិ ក៏បានលើកឡើងផងដែរថា អាវុធមួយចំនួនធំដែលរឹបអូសកាលពីខែមុនក្នុងខេត្តត្រាត ប្រទេសថៃ មានព្រំដែនជាប់ខេត្តកោះកុងនោះ មិនមែនមកពីប្រទេសកម្ពុជាទេ។លោកបានថ្លែងថា “យើងមិនដែលបាត់អាវុធទេ ដូច្នេះវាមិនពាក់ព័ន្ធនឹងខ្មែរទេ”។
កាលពីថ្ងៃទី៣ ខែមិថុនា អាជ្ញាធរថៃបានចាប់ខ្លួនលោក លាន ពិសិដ្ឋ ជាមន្ត្រីនគរបាលខ្មែរមួយរូបបម្រើការនៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងជនជាតិថៃម្នាក់ ខណៈពួកគេកំពុងបើករថយន្តឆ្ពោះមកប្រទេសកម្ពុជា។
ពួកគេទាំងពីរត្រូវបានចាប់ខ្លួនបន្ទាប់ពីអាជ្ញាធរលើកឡើងថា ពួកគេបើកបររថយន្តគួរឱ្យសង្ស័យនៅក្បែរកន្លែងរថយន្តភីកអាប់បុកគ្នា ដែលបើកបរដោយពលបាលឯក ប៉ាកហីុន ឌិតពង្ស ជាមន្ត្រីទ័ពអាកាសថៃ។ គាត់ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃនោះ បន្ទាប់ពីអាវុធមួយចំនួនធំ រួមមានកាំភ្លើងវែង កាំភ្លើងយន្ត គ្រាប់ និងគ្រាប់បែកផងនោះ ត្រូវបានរកឃើញនៅក្នុងរថយន្តនោះ។
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនាថា លោក លាន ពិសិដ្ឋ លោក ប៉ាកហីុន និងជនជាតិថៃម្នាក់ទៀតត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ ហើយកំពុងត្រូវឃុំខ្លួនក្នុងពន្ធនាគារខេត្តត្រាត រង់ចាំការជំនុំជម្រះដោយជាប់សង្ស័យពីបទជួញដូរអាវុធ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីខែមុនបានប្រកាសឱ្យស៊ើបអង្កេតករណីនេះ ដោយលើកឡើងថា អាវុធទាំងនេះ “អាចត្រូវបានជួញដូរ” ពីប្រទេសកម្ពុជា។
កាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកមិនមានព័ត៌មានដើម្បីផ្តល់ឱ្យអំពីករណីនេះទេ ប៉ុន្តែបានលើកឡើងថា នគរបាលជាតិកំពុងស៊ើបអង្កេតហេតុការណ៍ថ្មីបំផុតពាក់ព័ន្ធជនសង្ស័យប្រាំនាក់ដែលជាជនជាតិថៃនេះ។ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុងបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបានទទួលព័ត៌មានថ្មីណាមួយពាក់ព័ន្ធការជួញដូរអាវុធកាលពីខែមុនឡើយ។ លោកថ្លែងថា ”យើងកំពុងតែស៊ើបអង្កេត ហើយមិនឃើញតម្រុយអាវុធមកពីណាទេ”។
លោក សុវណ្ណ ប៊ុនធឿន ប្រធានច្រកព្រំដែនអន្តរជាតិចាំយាមក្នុងខេត្តកោះកុង បានមានប្រសាសន៍ថា ការស៊ើបអង្កេតពីសំណាក់អាជ្ញាធរថៃកំពុងដំណើរការនៅឡើយ។
លោកបានថ្លែងថា “ថៃបានប្រាប់ខ្ញុំថា គេកំពុងស៊ើបអង្កេតនៅឡើយ”៕ សារុន (រាយការណ៍បន្ថែមដោយ Matt Surrusco)