31 C
Phnom Penh

មន្ត្រី​ដែល​ស្មោះនឹង​​​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ដក​​​​​ពី​តួនាទី​​ទីប្រឹក្សា​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីប្រឹក្សារដ្ឋាភិបាលចំនួន១២រូប ដែលមានការលើកឡើងថាមួយចំនួនធំក្នុងចំណោមនោះជាមនុស្សជំនិតនឹងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានដកចេញពីតួនាទីរបស់ខ្លួនដែលគេសង្ស័យថាធ្វើឡើងសំដៅទៅរកមន្ត្រីដែលស្មោះត្រង់នឹងអតីតឧត្ដមសេនីយ៍រូបនេះ។

លោក ញឹក គឹមឈុន ដែលជាបងប្រុសរបស់លោក ញឹក ប៊ុនឈុន និងលោក គុច ម៉ូលី អតីតអភិបាលរងខេត្តឧត្តរមានជ័យ ក៏ស្ថិតក្នុងចំណោមអ្នកដែលបាត់បង់តួនាទីទាំងនេះដែរ នេះបើយោងតាមព្រះរាជក្រឹត្យមួយដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខាកាលពីថ្ងៃសៅរ៍។

ពួកគាត់ទាំងបីនាក់សុទ្ធតែជាអតីតសមាជិកគណបក្សហ្វុ៊នស៊ិនប៉ិច ជាគណបក្សរាជានិយមដែលជាគូប្រជែងធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា អំឡុងទសវត្សរ៍ទី១នៃរបបប្រជាធិបតេយ្យបច្ចុប្បន្នរបស់កម្ពុជា ដែលបានរៀបចំការបោះឆ្នោតលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៣។ លោក ញឹក ប៊ុនឆៃ បានផ្ដាច់ខ្លួនចេញពីគណបក្សហ្វុ៊នស៊ិនប៉ិចដើម្បីបង្កើតគណបក្សផ្ទាល់ខ្លួនឱ្យឈ្មោះថា គណបក្សខ្មែររួបរួមជាតិ កាលពីដើមឆ្នាំមុន។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ក្នុងចំណោមទីប្រឹក្សាដែលត្រូវបានដកតួនាទីទាំង១២រូប មានបីរូបរួមទាំងលោក ញឹក គឹមឈុន និងលោក គុច ម៉ូលី ផងមានឋានៈស្មើរដ្ឋមន្ត្រី បីរូបមានឋានៈស្មើរដ្ឋលេខាធិការ និងប្រាំមួយរូបផ្សេងទៀតមានឋានៈស្មើអនុរដ្ឋលេខាធិការ។

លោក លឺ ឡាយស្រេង អតីតអ្នកនយោបាយជាន់ខ្ពស់របស់គណបក្សហ្វុ៊នស៊ិនប៉ិចចាំបានថាឈ្មោះមួយចំនួននៅក្នុងបញ្ជីឈ្មោះមន្ត្រីដែលត្រូវបានដកចញពីតួនាទីទាំងនេះជាមនុស្សជំនិតរបស់លោក ញឹក ប៊ុនឆៃ ដែលខ្លួនលោកផ្ទាល់ក៏ត្រូវបានដកចេញពីតួនាទីទីប្រឹក្សារដ្ឋាភិបាលដែរកាលពីខែមុន។

លោកថ្លែងថា “បើមេទៅហើយ កូនចៅក៏ត្រូវទៅតាមដែរ”។ លោកបានលើកឡើងបន្ថែមថា តួនាទីជាទីប្រឹក្សាទាំងនេះបានប្រគល់ឲ្យតែក្រុមនេះប៉ុណ្ណោះ ពីព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន “បានអនុគ្រោះដល់លោក ញឹក ប៊ុនឆៃ”។

លោកគូសបញ្ជាក់ថា “ពេល ញឹក ប៊ុនឆៃ លែងមានប្រយោជន៍ គេដកពួកគាត់ចេញទាំងអស់ វាគ្មានអ្វីខុសទេ។ គាត់គ្មានប្រយោជន៍ទេ បើមានប្រយោជន៍គេទុកគាត់ហើយ”។

កាលពីដើមសប្ដាហ៍នេះ លោក លឺ ឡាយស្រេង ត្រូវបានលោក ហ៊ុន សែន រិះគន់ខ្លាំងៗចំពោះការស្នើឱ្យមានច្បាប់ធានាការពារអភ័យឯកសិទ្ធិសម្រាប់អតីតនាយករដ្ឋមន្ត្រី ជាសំណើមួយដែលនាយករដ្ឋមន្ត្រីចាត់ទុកជាការព្យាករថា លោកអាចបរាជ័យនៅក្នុងការបោះឆ្នោតខាងមុខ។

នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សខ្មែររួបរួមជាតិ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ មន្ត្រីមួយរូបបានអះអាងថា ឈ្មោះខ្លះនៅក្នុងបញ្ជីឈ្មោះមន្ត្រីដែលត្រូវបានដកតួនាទីទាំងនេះជាមនុស្សជំនិតនឹងលោក ញឹក ប៊ុនឆៃ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ នៅឯគេហដ្ឋានរបស់លោក ញឹក ប៊ុនឆៃ គ្មានអ្នកណាបើកទ្វារទេ ចំណែកឯមន្ត្រីគណបក្សខ្មែររួបរួមជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ។

លោក ញឹក ប៊ុនឆៃ បានបាត់បង់តួនាទីរបស់លោកជាទីប្រឹក្សារដ្ឋាភិបាលមិនយូរប៉ុន្មានបន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃទី៤ ខែមិថុនា ដែលពេលនោះគណបក្សខ្មែររួបរួមជាតិ គឺជាគណបក្សតូចតែមួយគត់ដែលឈ្នះអាសនៈឃុំ សង្កាត់មួយ។ ទន្ទឹមនេះក៏មានការលើកឡើងដែរថា លោក ញឹក ប៊ុនឆៃ ត្រូវបានគេលួចអាត់សំឡេងពេលសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងបានសន្យាគាំទ្រគណបក្សប្រឆាំងដ៏ធំមួយនេះ។

លោក អេង ឆៃអ៊ាង ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកមិនដឹងថា តើលោកមានអ្វីពាក់ព័ន្ធនឹងការធ្លាក់តួនាទីរបស់លោក ញឹក ប៊ុនឆៃ ឬក៏អត់នោះទេនៅក្នុងក្រសែភ្នែករបស់រដ្ឋាភិបាល។

ទោះជាយ៉ាងណា លោកលើកឡើងថា “ប៉ុន្តែខ្ញុំសូមអបអរសាទរ បើរដ្ឋាភិបាលមានគម្រោងកាត់បន្ថយចំនួនទីប្រឹក្សារដ្ឋាភិបាលឱ្យមកនៅចំនួនមួយដែលសមស្រប។ អ្នកទាំងនោះមិនបានរួមចំណែកជួយស្អីទេ គឺមានតែខ្ជះខ្ជាយថវិកាជាតិប៉ណ្ណោះ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា លោកមិនដឹងទេថា តើទីប្រឹក្សាដែលត្រូវបានដកតួនាទីទាំងនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ញឹក ប៊ុនឆៃ ឬក៏អត់ ហើយលោកគ្រាន់តែលើកឡើងថា ការដកតួនាទីរបស់ពួកគាត់គឺជាការងាររដ្ឋាភិបាល។

ក្នុងឋានៈជាឧត្ដមសេនីយ៍យោធារបស់គណបក្សហ្វុ៊នស៊ិនប៉ិច អំឡុងពេលគណបក្សនេះ និងគណបក្សប្រជាជនកម្ពុជាចែកអំណាចគ្នាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ លោក ញឹក ប៊ុនឆៃ បានគ្រប់គ្រងយ៉ាងរឹងមាំនៅក្នុងតំបន់មួយចំនួននៃប្រទេស។

លោក មាស នី អ្នកវិភាគនយោបាយមានប្រសាសន៍ថា លោកអាចត្រឹមតែប៉ាន់ស្មានប៉ុណ្ណោះថា តើហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជា ហាក់ដូចជាជម្រុះមន្ត្រីដែលស្មោះត្រង់នឹងលោក ញឹក ប៊ុនឆៃ ចេញពីរដ្ឋាភិបាល ប៉ុន្តែវាប្រហែលជាមានបំណងបញ្ឆេះកំហឹងរបស់អតីតឧត្ដមសេនីយ៍រូបនេះ ព្រមទាំងទាហានក្នុងជួរកងកម្លាំងប្រដាប់អាវុធដែលនៅតែគាំទ្រគាត់។

អ្នកវិភាគរូបនេះដែលបានសង្កត់ធ្ងន់ថា លោកមិនដឹងថារដ្ឋាភិបាលកំពុងគិតអ្វីនោះ បានមានប្រសាសន៍ថា “ខ្ញុំយល់ថា កងទ័ពនៅពីក្រោយលោក ញឹក ប៊ុនឆៃ នឹងមិនមែនជាការគំរាមកំហែងដល់រដ្ឋាភិបាលទេ ប៉ុន្តែរឿងតូចអាចក្លាយទៅជារឿងធំ”។ “គ្រាន់តែបាញ់គ្នាតិចតួចរវាងទាហាន ហើយវាអាចនឹងងាយស្រួលសម្រាប់រដ្ឋាភិបាលប្រកាសច្បាប់អាជ្ញាសឹក”។

ទោះជាយ៉ាងណា លោកថ្លែងថា នេះជាស្ថានការណ៍ដ៏សំខាន់ដែលត្រូវតាមដានឱ្យបានដិតដល់ ពីព្រោះការផ្ទុះដែលអាចកើតមានអាចនឹងឈានទៅរកស្ថានការណ៍មួយដែលស្រដៀងគ្នាទៅនឹងស្ថានការណ៍នៅប្រទេសថៃ ដែលកងទ័ពដឹកនាំប្រទេសដោយមានសិទ្ធិអំណាចធំធេងនៅក្នុងដៃ ឬកម្ពុជា ដូចពេលដែលការប៉ះទង្គិចប្រដាប់អាវុធមួយប្រាវរវាងកងកម្លាំងដែលស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុ៊នស៊ិនប៉ិចក្នុងឆ្នាំ១៩៩៧ ដែលបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីទទួលជ័យជម្នះភ្លាមៗ និងប្រមូលផ្តុំអំណាចរយៈពេលវែង។

ដោយប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចកំពុងធ្លាក់ចុះនៅមុនការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដែលគណបក្សនេះបានបាត់បង់អាសនៈរាប់រយនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីខែមុន លោក ហ៊ុន សែន បានព្រមានថាសង្គ្រាមនឹងផ្ទុះឡើង ហើយអាចនឹងកម្ចាត់អ្នកប្រឆាំងប៉ុន្មានរយនាក់ដើម្បីរក្សាសន្តិភាពរបស់ប្រទេសក្រោមការដឹកនាំរបស់លោក៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស