29 C
Phnom Penh

មូលនិធិ​​​ពិភព​​​លោក​​​ផ្តល់​​​ជំនួយ​​​​​​៩៨​​​លាន​​​ដុល្លារ​​​ ​​​ទោះ​​​បីមានការ​​​អះអាង​​​ថា ​​​មាន​​​​​​ការ​​ប្រព្រឹត្តអំពើ​​​ពុក​​​រលួយ​​​ក៏​​​ដោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយរូបបានលើកឡើងកាលពីម្សិល មិញថា មូលនិធិពិភពលោកនឹងផ្តល់ប្រាក់៩៨ លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ របេង និងជំងឺអេដស៍ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ដោយម្ចាស់ជំនួយនេះហាក់បីដូចជាពឹងផ្អែកលើយន្តការទប់ស្កាត់ការកេងបន្លំ និងបក្ខពួកនិយមក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ដែលមូលនិធិនេះលើកឡើងកាលពីខែមីនា។ 

ការផ្តល់មូលនិធិនេះ កើតមានឡើងស្របពេលអង្គភាពប្រឆាំងអំពើពុករលួយបើកការសើុបអង្កេតលើការអះអាងក្នុងពេលថ្មីៗរបស់មូលនិធិពិភពលោកដែលថាមានការកេងបន្លំពាក់ព័ន្ធការចំណាយលើការធ្វើដំណើរសម្រាប់បុគ្គលិកដែលនៅតែអនុញ្ញាត ឲ្យធ្វើការនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់។

លោក អ៊ាង មូលី ប្រធានគណៈកម្មការសម្របសម្រួលរបស់មូលនិធិពិភពលោកប្រចាំប្រទេសកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលមានចំនួនសរុប៩៨លានដុល្លារនេះហើយថា ការផ្តល់មូលនិធិនេះថយចុះ បើធៀបទៅនឹងការផ្តល់មូលនិធិលើកមុនដែលមានទឹកប្រាក់សរុបប្រហែល១២០លានដុល្លារ។

លោកបានថ្លែងថា “មូលនិធិពិភពលោកមានប្រាក់តិចជាងពីមុន”។លោកបានចាត់ទុកការចោទប្រកាន់ក្នុងពេលថ្មីៗអំពីការប្រព្រឹត្តអំពើពុករលួយថា “ជារឿងតូចតាច”។

ប្រាក់ប្រហែល៤៨លានដុល្លារនឹងបញ្ជូនាមរយៈការិយាល័យសេវាគម្រោងរបស់អង្គការសហប្រជាជាតិ (UNOPS) ដែលទទួលខុសត្រូវគ្រប់គ្រងលើមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់របស់ មូលនិធិពិភពលោក បន្ទាប់ពីមានរឿងអាស្រូវពុករលួយកាលពីឆ្នាំ២០១៣។ ប្រាក់ទាំងនោះនឹងផ្តល់ទៅឲ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសីុតសាស្ត្រ-ប៉ាណកសាស្ត្រ (CNM) នេះបើយោងតាមលោក អ៊ាង ម៉ូលី រីឯប្រាក់ចំនួន៥០លានដុល្លារទៀតនឹងផ្តល់ទៅឲ្យក្រសួងហិរញ្ញវត្ថុផ្ទាល់តែម្តង។

តំណាងម្ចាស់ជំនួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវនេះមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែក្រុមនេះធ្លាប់មានការប្រទាំងប្រទើសគ្នាជាមួយរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។

ការសើុបអង្កេតរបស់មូលនិធិពិភពលោកក្នុងឆ្នាំ២០១៣បានរកឃើញបណ្តាញពុករលួយដ៏ធំនៅក្នុងក្រសួងសុខាភិបាលពាក់ព័ន្ធនឹងលទ្ធកម្មមុងដែលអតីតប្រធាន CNM នេះនិងអនុប្រធានម្នាក់ទទួលបានប្រាក់សគុណជាង៤១០.០០០ដុល្លារនៅក្នុងការជួយឲ្យអ្នកផ្គត់ផ្គង់មុងទទួលបានកិច្ចសន្យា។  មូលនិធិពិភពលោកបានលើកឡើងថា ប្រាក់នេះត្រូវបានសងមកវិញហើយ ប៉ុន្តែរដ្ឋាភិបាលមិនបានផ្តន្ទាទោសមន្ត្រីដែលជាប់ពាក់ព័ន្ធឡើយដោយលោក ឱម យុិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅតែបន្តអះអាងថា ការសើុបអង្កេតរបស់ មូលនិធិពិភពលោករំលោភលើសិទ្ធិរបស់មន្ត្រីទាំងនោះ។

ក្រោយមក មូលនិធិពិភពលោកបានបញ្ជូនជំនួយសម្រាប់ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់របស់ខ្លួនតាមរយៈ UNOPS ជាភ្នាក់ងារប្រតិបត្តិការរបស់អង្គការសហប្រជាជាតិដែលនឹងត្រូវឃ្លាំមើលការអនុវត្តរបស់ CNM។

មូលនិធិពិភពលោក និង CNM ក៏មានការប្រឈមមុខដាក់គ្នាដ៏អូសបន្លាយផងដែរក្រោយមានរឿងអាស្រូវពាក់ព័ន្ធការចំណាយលើការធ្វើដំណើរ ដោយ CNM បដិសេធមិនព្រមអនុវត្តគម្រោងកាត់បន្ថយហានិភ័យថ្មី ឬបំពេញការងារប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់នៅក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០១៥។

របាយការណ៍កាលពីខែមីនារបស់មូលនិធិពិភពលោកបានរកឃើញករណីកេងបន្លំថ្មីៗដោយបុគ្គលិកចំនួន២១នាក់របស់ CNM ដែលមូលនិធិនេះលើកឡើងថា បានបំប៉ោងវិកយបត្រកេងលុយពីម្ចាស់ជំនួយសម្រាប់ថ្លៃចំណាយលើការធ្វើដំណើរជាន់គ្នាគិតជាទឹកប្រាក់ចំនួន៣.៩៤០ដុល្លារ ដែលសុទ្ធតែទទួលបានយល់ព្រមពីលោក ហ៊ុយ រ៉េគល់ ប្រធាន CNM ។ ក្នុងករណីខ្លះ ចំនួនថ្ងៃធ្វើដំណើរក្នុងមួយខែត្រូវបានដាក់លើសទៀតផង។

សមាជិកជាន់ខ្ពស់នៃមជ្ឈមណ្ឌលនេះរួមទាំងអនុប្រធានដែលគេមិនបញ្ចេញឈ្មោះពីរនាក់ផងបានជួលសាច់ញាតិទោះបីជាពួកគេគ្មានសមត្ថភាព ឬនៅក្នុងករណីមួយគ្មានបទពិសោធន៍ថែមទៀតផង នេះបើយោងតាមការលើកឡើងបន្ថែមក្នុងរបាយការណ៍មូលនិធិពិភពលោក។ សាច់ញាតិផ្សេងៗទៀតត្រូវបានយកមកធ្វើការក្នុងនាមជាអ្នកស្ម័គ្រចិត្ត ហើយទទួលបានប្រាក់ទាំងស្រុងពីការឧបត្ថម្ភក្នុងមួយថ្ងៃ ពេលចុះបំពេញបេសកកម្មផ្ទាល់។

ពេលមូលនិធិពិភពលោកចាប់ផ្តើមធ្វើការពិនិត្យភ្លាមៗអំឡុង៦ខែដំបូងនៃឆ្នាំ២០១៦មូលនិធិនេះបានបដិសេធមិនផ្តល់ប្រាក់តាមសំណើគិតជាទឹកប្រាក់ជិត៦៥.០០០ដុល្លារគឺស្មើនឹងជាង៣ភាគ៤នៃសំណើទាំងអស់ ដោយសារការធ្វើដំណើរនោះមិនអាចផ្ទៀងផ្ទាត់រកតម្លាភាពបាន។

ពេលទាក់ទងកាលពីម្សិលមិញ លោក ហ៊ុយ រ៉េគល់ បានច្រានចោលការចោទប្រកាន់ ទាំងនោះ។ លោកបានថ្លែងថា “ខ្ញុំអត់ដឹងថា អ្នកកំពុងសំដៅដល់អ្វីទេ ពាក្យពុករលួយព្រោះខ្ញុំអត់ដឹងថា វាមានន័យយ៉ាងម៉េចទេ”។ លោកបានថ្លែងបន្តថា “នេះគ្រាន់តែជាករណីគេមកចោទយើងប៉ុណ្ណោះ ប៉ុន្តែវាមិនមែន ជាការពិតទេ”។

អ្វីដែលទំនងជាការធ្វើដំណើរជាន់គ្នាដែលគេអះអាងថាមានការបំប៉ោងនៅក្នុងវិក្កយបត្រ រួមមានការធ្វើដំណើរកម្សាន្តដែលត្រូវបានគេលុបចោល ហើយមានការផ្ញើវិក្កយបត្រផ្ញើទៅឲ្យម្ចាស់ជំនួយតែមួយប៉ុណ្ណោះ នេះបើយោងតាមលោក ហ៊ុយ  រ៉េគល់ ហើយថា សេនាធិការរដ្ឋាភិបាលផ្សេងៗទៀតបានជួលមនុស្សឲ្យធ្វើការពេញម៉ោងឲ្យ CNM រីឯ UNOPS ទទួលបន្ទុកលើការជួលអ្នកម៉ៅការងារ។

លោកបានលើកឡើងទាក់ទិននឹងមូលនិធិពិភពលោកថា “ខ្ញុំអត់ដឹងថា ហេតុអីគេចូលចិត្តចោទម្លេ៉ះ”។ លោកបានបន្ថែមថា មន្ត្រីដែលជាប់ពាក់ព័ន្ធការកេងបន្លំនៅតែធ្វើការដូចធម្មតា ខណៈការសើុបអអង្កេតនៅតែបន្ត។

លោក ឱម យិុនទៀង បានលើកឡើងទៀតថា ការសើុបអង្កេតផ្ទាល់របស់អង្គភាពលោកលើការចោទប្រកាន់របស់មូលនិធិពិភពលោកកំពុងបន្ត ប៉ុន្តែលោកមិនបានប្រាប់ថា ពេលណា វានឹងបញ្ចប់នោះទេ។

មូលនិធិពិភពលោកបានលើកឡើងកាលពីខែមីនាថា ខ្លួននឹងទាមទារឲ្យប្រគល់មូលនិធិនោះមកវិញ ហើយនឹងដាក់ចេញផែន ការបង្កើតនការពិនិត្យលើការចំណាយលើការធ្វើដំណើរ ដែលអនុវត្តដោយUNOPS  និង ក្រុមហ៊ុនផ្តល់សេវា Pricewaterhouse Coopers ដែលឃ្លាំមើលជំនួយរបស់មូលនិធិពិភពលោកមកឲ្យកម្ពុជាតាំងពីឆ្នាំ២០១៥មក។

ទោះបីជាមានការអះអាងថា មានការកេងបន្លំក៏ដោយ ប៉ុន្តែកំណត់ត្រានៅកម្ពុជាបង្ហាញថា មានមនុស្សតែម្នាក់ប៉ុណ្ណោះដែលស្លាប់ដោយសារជំងឺគ្រុនចាញ់កាលពីឆ្នាំមុន ខណៈចំនួនករណីសរុបបានធ្លាក់ចុះជាងពាក់កណ្កាលនេះបើយោងតាមស្ថិតិ CNM ។

លោក ហ៊ុយ រ៉េគល់ បានលើកឡើងថា “ឥឡូវនេះយើងខិតខំធ្វើការខ្លាំងណាស់”។ លោកបានថ្លែងបន្តថា “យើងខិតខំធ្វើការជារៀងរាល់ថ្ងៃ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស