27 C
Phnom Penh

ប្រទេសកម្ពុជា​​​​​​ឈានមុខ​​​គេ​​​ក្នុង​​​តំបន់​​​ក្នុងការ​​​​សម្រេច​​​បានគោល​​​ដៅ​​​​​​​​​ការ​​​ព្យាបាល​​​​​មេរោគ​​​អេដស៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមរបាយការណ៍អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ប្រទេសកម្ពុជាមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងការព្យាបាលមេរោគអេដស៍ដោយឈានមុខគេក្នុងតំបន់ដោយសម្រេចបានគោលដៅ៨០ភាគរយនៃអ្នកដែលផ្ទុកមេរោគនេះ ហើយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតែ៧ប៉ុណ្ណោះក្នុងពិភពដែលសម្រេចបានតាមគោលដៅព្យាបាល។

អង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា វាជា “សមិទ្ធផលដ៏ធំធេង” សម្រាប់ប្រទេសដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរាលដាលមេរោគអេដស៍លឿនបំផុតក្នុងតំបន់កាលពី២០ឆ្នាំកន្លងមក។

ការព្យាបាលយ៉ាងទូលំទូលាយមានន័យថា មេរោគនេះត្រូវបានកាត់បន្ថយ៧៣ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជាដោយកាត់បន្ថយហានិភ័យនៃការចម្លងមេរោគនេះទៅអ្នកផ្សេងទៀត។

របាយការណ៍អង្គការសហប្រជាជាតិដដែលលើកឡើងថា ប្រទេស៦ផ្សេងទៀតនោះគឺបុតស្វាណា ដាណឺម៉ាក អីុស្លង់ សិង្ហបុរី ស៊ុយអែត និងចក្រភពអង់គ្លេសមានការវិវឌ្ឍដូចគ្នានឹងប្រទេសកម្ពុជាដែរ។

លោកស្រី Vladanka Andreeva នាយិកាប្រចាំប្រទេសនៃអង្គការ UNAIDS បានមានប្រសាសន៍កាលពីម្សិលមិញថា “វាអស្ចារ្យណាស់ពីអ្វីដែលយើងសម្រេចបាន។ វាពិតជាអស្ចារ្យក្នុងការឃើញប្រទេសមួយដូចជាប្រទេសកម្ពុជានេះអាចប្រកួតប្រជែងនៅកម្រិតពិភពលោក”។

យោងតាមការចេញផ្សាយរបស់ UNAIDS បានឲ្យដឹងថា ប្រទេសកម្ពុជាបានអនុវត្តផែនការ ៩០-៩០-៩០របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៣។ ការសម្រេចបានតាមទិសដៅនោះគឺឲ្យមនុស្ស៩០ភាគរយដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ៩០ភាគរយនៃអ្នកដែលដឹងពីស្ថានភាពរបស់ខ្លួននោះទៅរកការព្យាបាល ហើយ៩០ភាគរយនៃអ្នកទទួលបានការព្យាបាលនោះ “ត្រូវបានកាត់បន្ថយមេរោគជា” ត្រឹមឆ្នាំ២០២០។

លោកស្រី Andreeva បានថ្លែងថា ឥឡូវនេះប្រទេសកម្ពុជាបានផ្តល់ការព្យាបាលសង្គ្រោះជីវិតមនុស្សរហូតដល់៥៧.០០០នាក់ក្នុងចំណោមមនុស្សប្រមាណ៧១.០០០នាក់ទូទាំងប្រទេសដែលផ្ទុកមេរោគអេដស៍។

លោកស្រីបានបន្តថា “យើងស្ថិតក្នុងចំណុចដ៏ល្អបំផុត ប៉ុន្តែយើងត្រូវរក្សាឱ្យបាន។ ខ្ញុំគិតថា ឧបសគ្គដ៏ធំបំផុតចំពោះការរក្សាឱ្យបាននោះគឺត្រូវក្រឡេកមើលស្ថានភាពហិរញ្ញវត្ថុ”។

ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ មានគម្លាតនៃការផ្តល់ហិរញ្ញវត្ថុ៤,៧លានដុល្លារតាមការរំពឹងទុក ដែលលោកស្រីលើកឡើងថា ស្ថាប័នពាក់ព័ន្ធកំពុងបញ្ចុះបញ្ចូលឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់តាមរយៈថវិកាជាតិ។

លោក រស់ ភារុណ អ្នកនាំពាក្យក្រសួងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

ប៉ុន្តែ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានមានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមក្នុងការបន្តពិភាក្សាជាមួយរដ្ឋាភិបាល។

លោកបានថ្លែងថា “ខ្ញុំគិតថា រដ្ឋាភិបាលទំនងជានឹងប្តេជ្ញាចំណាយតាមចំនួននោះ។ យើងសង្ឃឹមយ៉ាងមុតមាំ”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស