លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋាភិបាលរៀបចំផែនការផ្ដល់មូលនិធិដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដ៏ល្បីល្បាញនៅក្នុងប្រទេសនេះកាលពីម្សិលមិញ រយៈពេល៤ខែបន្ទាប់ពីប្រធានមូលនិធិដ៏យូរអង្វែងរូបនេះបានលាលែង។
លោកវេជ្ជបណ្ឌិត បេអាត រិចនើរ (Beat Richner) អ្នកឯកទេសកុមារជនជាតិស្វ៊ីស ដែលបានគ្រប់គ្រងមូលនិធិគន្ធបុប្ផាមានមូលដ្ឋាននៅទីក្រុងហ្សូ៊រីច ចាប់តាំងពីលោកបានបើកមន្ទីរពេទ្យទី១ក្នុងចំណោមមន្ទីរពេទ្យចំនួនប្រាំក្នុងឆ្នាំ១៩៩២នោះ បានលាលែងដោយមូលហេតុសុខភាពមិនបញ្ជាក់ឱ្យដឹងកាលពីខែមីនាក្នុងអាយុ៧០ឆ្នាំ។

កាលពីម្សិលមិញ អំឡុងសុន្ទរកថាមួយនៅរាជធានីភ្នំពេញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម” លោកនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាលរកមធ្យោបាយផ្ដល់ “ការគាំទ្រចាំបាច់ទាំងឡាយ ពិសេសផែនការគាំទ្រខាងហិរញ្ញវត្ថុពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា” ដល់មន្ទីរពេទ្យទាំងនេះ។
លោក ហ៊ុន សែន បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការធានាថា មន្ទីរពេទ្យទាំងនេះ “រក្សាវិន័យល្អ គុណភាព សេវាខ្ពស់ និងការផ្ដល់ការថែទាំជូនកុមារគ្រប់រូបដោយឥតគិតថ្លៃ” ដោយលើកឡើងថា សាធារណជននឹងបន្ទោសរដ្ឋាភិបាល ប្រសិនបើមិនមានការយកចិត្តទុកដាក់។
លោកមានប្រសាសន៍ថា “យើងមិនអាចថា អត់វេជ្ជបណ្ឌិត បេអាត រិចនើរ ធ្វើឱ្យមន្ទីរពេទ្យដួលរលំនោះទេ។ យើងមិនអាចទទួលយកបានទេ”។ លោកបន្ថែមថា “ហើយប្រជាជនកម្ពុជាក៏លំបាកនឹងយល់ថាតើរាជរដ្ឋាភិបាលធ្វើកិច្ចការងារនេះបានឬមិនបាន”។
លោកវេជ្ជបណ្ឌិត Denis Laurent អនុប្រធានមូលនិធិនេះក្នុងប្រទេសកម្ពុជាបានស្វាគមន៍ការប្ដេជ្ញារបស់លោក ហ៊ុន សែន។

លោកបានថ្លែងថា វាជាការមិនពិតដែលថាប្រភពដើមនៃការផ្ដល់មូលនិធិរបស់មូលនិធិនេះបានអស់ភ្លាមៗជាមួយនឹងការលាលែងរបស់លោកវេជ្ជបណ្ឌិត រិចនើរ នោះ ពីព្រោះលោកនាយករដ្ឋមន្ត្រីបានអះអាងហើយនៅក្នុងសុន្ទរកថារបស់លោក។ ប៉ុន្តែលោកបានថ្លែងថា ការចាកចេញរបស់ប្រធានរូបនេះបានធ្វើឱ្យមានកង្វល់អំពីថាតើទទួលបានប្រភពមូលនិធិទាំងនោះដោយរបៀបណាក្នុងរយៈពេលវែងនោះ និងថាតើសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីដែលបានសន្យានឹងជួយសម្រាលបានឬយ៉ាងណា។
លោកបានថ្លែងថា “វាពិតជាសំខាន់ណាស់សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងសន្តិសុខរបស់មន្ទីរពេទ្យគន្ធបុប្ផា…ដូច្នេះវាជាការល្អណាស់សម្រាប់យើង”។
លោកវេជ្ជបណ្ឌិត Denis Laurent បានមានប្រសាសន៍ថា លោកមិនមានការបារម្ភថាតួនាទីហិរញ្ញវត្ថុដ៏ធំសម្រាប់រដ្ឋាភិបាលនឹងធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការគាំពារដ៏មានកេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យនោះឡើយ។
លោកបានថ្លែងថា “ខ្ញុំគិតថា ឥឡូវនេះមនុស្សគ្រប់គ្នានៅតាមក្រសួងស្ថាប័នយល់ព្រមបន្តជាមួយគោលនយោបាយរបស់លោកវេជ្ជបណ្ឌិត រិចនើរ”។
នៅខាងក្រៅមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញរបស់មូលនិធិនេះ កាលពីម្សិលមិញ ឪពុកម្ដាយ និងអាណាព្យាបាលគ្រប់រូបក៏បានស្វាគមន៍ការសន្យារបស់រដ្ឋាភិបាលក្នុងការជួយដល់មន្ទីរពេទ្យទាំងនេះឱ្យដំណើរការផងដែរ។
អ្នកស្រី ស៊ឺ ស្រីមុំ ដែលកូនអាយុ១៣ឆ្នាំរបស់គាត់ទើបតែធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកគ្រាប់ឈាមនោះបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដោយបានឮអញ្ចឹង”។ អ្នកស្រីបន្ថែមថា “គាត់យកចិត្តទុកដាក់ចំពោះកូនខ្ញុំ។ គាត់ជួយយើងដោយអត់រើសអើងនយោបាយ។ ខ្ញុំចង់ឱ្យមន្ទីរពេទ្យនេះនៅរហូត”៕ សារុន (រាយការណ៍បន្ថែមដោយ Zsombor Peter)