ជំនួុយការម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសេរីភាពឡើងវិញហើយកាលពីម្សិលមិញ ទោះបីជាមន្ត្រីរូបនោះមានពិរុទ្ធភាពក្នុងករណីទាមទារសំណូកនៅក្នុងការដំណើរការដាក់ពាក្យស្នើសុំក្ដី ហើយការដោះលែងឲ្យមានសេរីភាពឡើងវិញនេះកើតឡើងមិនដល់មួយសប្ដាហ៍ទេ បន្ទាប់ពីមន្ត្រីសាលារាជធានីពីរនាក់ត្រូវបានដោះលែងឱ្យមានសេរីភាពដែរ ទោះបីជាមានពិរុទ្ធភាពក្នុងករណីកឹបកេងមូលនិធិសាធារណៈក្ដី។
លោក ឈឹម ពិសិដ្ឋ ជំនួយការរបស់អគ្គនាយករងមួយរូបដែលគេមិនបញ្ចេញអត្តសញ្ញាណនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាស្ថាប័នអនុម័តគម្រោងវិនិយោគបរទេស ត្រូវបានចោទប្រកាន់ពីបទវីតិក្រម (កឹបកេងមូលនិធិសាធារណៈ) បន្ទាប់ពីរងការចោទប្រកាន់ថា ទាល់តែទទួលបានប្រាក់សគុណ ទើបគាត់បោះត្រាលើឯកសារឲ្យ។
នៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រមជំនុំជម្រះ រស់ ពិសិដ្ឋ បានសម្រេចព្យួរទោសលោក ឈឹម ពិសិដ្ឋ រយៈពេលពីរឆ្នាំ។ ទោះជាយ៉ាងណា មិនមានការបកស្រាយណាមួយឡើយជុំវិញហេតុផលដោះលែងលោក ឈឹម ពិសិដ្ឋ ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំមិនយូរប៉ុន្មានបន្ទាប់ពីត្រូវបានឃាត់ខ្លួន។
ចៅក្រមបានពិន័យគាត់ជាទឹកប្រាក់ចំនួន៤លានរៀល (ប្រហែល១.០០០ដុល្លារ) និងបង្គាប់ឱ្យគាត់សងប្រាក់សំណូកចំនួន១.៥០០ដុល្លារ ព្រមទាំងដកហូតប្រាក់ចំនួន១.២៥០ដុល្លារទៀតដែលគាត់ទទួលបានតាមរយៈការសូកប៉ាន់ ប៉ុន្តែប្រាក់ធានានៅក្រៅឃុំចំនួន២០លានរៀល (ប្រហែល៥.០០០ដុល្លារ) ត្រូវបានប្រគល់ឱ្យគាត់វិញ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលជាអ្នកឃាត់ខ្លួនមន្ត្រីរូបនេះក្រោយពីក្រុមហ៊ុនសហគ្រាសនានាចាប់ផ្ដើមត្អូញត្អែរថា លោក ឈឹម ពិសិដ្ឋ ចេះតែចាប់កំហុស ខុសនេះខុសនោះនៅក្នុងពាក្យស្នើសុំរបស់ខ្លួន លុះត្រាតែសូកប៉ាន់គាត់នោះ បានបញ្ជាក់ថា ការសម្រេចដោះលែងមន្ត្រីរូបនេះគឺជាការសម្រេចរបស់តុលាការ។
លោកមានប្រសាសន៍ថា “ខ្ញុំមិនមែនជាតុលាការ តុលាការជាអំណាចមួយ។ អូនឯងឱ្យខ្ញុំទៅត្រួតគាត់ម៉េច?”។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា សំណុំរឿងនីមួយៗគឺផ្អែកលើភាពត្រឹមត្រូវរបស់វា មិនថាចុងចោទមានឋានៈអ្វីឡើយ ហើយថា មន្ត្រីដែលជាប់ទោសអាចនឹងមានប្រយោជន៍ពេលនៅខាងក្រៅ។
លោកបានលើកឡើងយ៉ាងដូច្នេះថា “ពេលខ្លះស្ថានភាពបទល្មើស យើងឃើញថាវាជាវីតិក្រម ប៉ុន្តែចៅក្រមគាត់មានទឡ្ហីករណ៍ណាមួយដែលគាត់គិតថា គាត់អាចសម្រាលទោសដល់ម្នាក់ណុងបាន។ ឧទាហរណ៍ថា ប្រសិនបើដាក់ទោសគាត់ក្នុងគុក វាអាចខាតប្រយោជន៍ច្រើន។ បើឱ្យគាត់នៅខាងក្រៅ គាត់អាចធ្វើការងារសង្គមផ្សេងទៀតទៅតាមសមត្ថភាព និងជំនាញខ្ពង់ខ្ពស់របស់គាត់”។
ការដោះលែងលោក ឈឹម ពិសិដ្ឋ ធ្វើឡើងបន្ទាប់ពីមន្ត្រីសាលារាជធានីពីរនាក់ឈ្មោះ រ័ត្ន បុរី ប្រធានការិយាល័យផែនការ និងវិនិយោគនៃសាលារាជធានី និងឈ្មោះ ម៉ៃ វ៉ាន់ណារុំ ដែលបម្រើការងារនៅការិយាល័យតែមួយ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃពុធ ទោះបីជាត្រូវចៅក្រម រស់ ពិសិដ្ឋ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀលពីបទវីតិក្រមកាលពីខែសីហា ឆ្នាំ២០១៥ក្ដី។
ចៅក្រមរូបនេះបានព្យួរទោសដែលនៅសេសសល់ (ទោះបីជាអ្នកទាំងពីរត្រូវបានឃុំខ្លួនបណ្ដោះអាសន្នចាប់ពីថ្ងៃទី២ ខែមីនាក្ដី) ហើយមិនបានធ្វើការបកស្រាយឡើយជុំវិញការដោះលែងពួកគេ។
ប្រទេសកម្ពុជា តែងតែត្រូវបានអង្គការតម្លាភាពអន្តរជាតិ (Transparency International) ដាក់ចំណាត់ថ្នាក់ស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយច្រើនបំផុតក្នុងពិភពលោក។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានសម្ដែងការព្រួយបារម្ភអំពីការវិវត្តន៍នៃសំណុំរឿងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”យើងមានសំណួរជាច្រើនដែលត្រូវចោទសួរអំពីចំណាត់ការរបស់តុលាការក្នុងសំណុំរឿងនេះ ហើយវាបញ្ជូនសារមិនត្រឹមត្រូវ។ អំពើពុករលួយគឺជាបទល្មើស និងជាបញ្ហាដ៏ធ្ងន់ធ្ងរដែលប្រទេសកម្ពុជា បាននិងកំពុងប្រឈម។ យើងរំពឹងថា ទីភ្នាក់ងារអនុវត្តន៍ច្បាប់នានា ជាពិសេសតុលាការនឹងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ហើយផ្ដន្ទាទោសមន្ត្រីពុករលួយយោងទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ”៕ សុខុម (រាយការណ៍បន្ថែមដោយ George Wright)