មន្ត្រីនគរបាលមួយរូបបានលើកឡើងកាលពីម្សិលមិញថា បុគ្គលិកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលត្រូវបានចាប់ខ្លួនដោយសារសង្ស័យជាប់ពាក់ព័ន្ធនៅក្នុងការជួញដូរអាវុធឆ្លងកាត់ព្រំដែននោះបានប្រាប់អាជ្ញាធរថា គាត់បានរក្សាទុកអាវុធដែលរកឃើញនៅក្នុងដីកាលពីឆ្នាំ២០០៨។
លោក សិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា “តាមព័ត៌មានយើង គាត់ទុកកាំភ្លើង អាកា-៤៧ចំនួន ២០ដើម និងគ្រាប់ផ្លោងធុន៨២មិល្លីម៉ែត្រចំនួន៣គ្រាប់នៅផ្ទះរបស់គាត់” ក្នុងក្រុងបាត់ដំបង។
ឧត្តមសេនីត្រី សិទ្ធ ឡោះ បានលើកឡើងថា បុគ្គលិកដោះមីនរូបនេះដែលលោកប្រាប់អត្តសញ្ញាណថា ឈ្មោះ វីរៈ “បានសារភាពថា គាត់បានលក់អាវុធទៅប្រទេសថៃ៣លើកមកហើយ”។ គេហទំព័រព័ត៌មាន Fresh News ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលមុននោះបានកំណត់អត្តសញ្ញាណបុរសរូបនេះថា មានឈ្មោះ អប់ វីរៈ អាយុ៤៨ឆ្នាំ។
ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានលើឡើងទៀតថា លោក វីរៈ និងជនជាតិខ្មែរពីរនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងស្រុកភ្នំព្រឹក្ស និងស្រុកសំពៅលូន ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃសុក្រ ហើយត្រូវបានបញ្ជូនទៅខេត្តបន្ទាយមានជ័យដើម្បីសាកសួរ។
ការចាប់ខ្លួនជនជាតិខ្មែរទាំងបីនាក់នេះកើតមានឡើងក្រោយពេលមានការចាប់ខ្លួន ជនជាតិថៃចំនួន៥នាក់ កាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងខេត្តស្រះកែវ ដែលមានព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យជនជាតិថៃទាំងនេះត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ដោយសារដឹកជញ្ជូនគ្រាប់ផ្លោងធុន៨២មិល្លីម៉ែត្រចំនួន៣គ្រាប់ កាំភ្លើងផ្លោងធុន៨២មិល្លីម៉ែត្រចំនួន២ដើម កាំភ្លើងផ្លោងធុន៨១មិល្លីម៉ែត្រ១ដើម និងគ្រាប់រ៉ុក្កែតដុតឈ្នួនចំនួន៣ឈុតពីប្រទេសកម្ពុជាទៅប្រទេសថៃ នេះបើយោងតាម អ្នកនាំពាក្យនគរបាលថៃ និងកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃដដែលនោះថា ជនជាតិថៃទី៦ ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាអ្នកមានបំណងទិញអាវុធទាំងនេះត្រូវបានចាប់ខ្លួនក្នុងខេត្តមែហុងសុន នាភាគខាងជើងប្រទេសថៃកាលពីថ្ងៃសុក្រ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងកាលពីថ្ងៃអាទិត្យថា ជនជាតិខ្មែរទាំងបីនាក់នេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍នៅក្នុងខេត្តបន្ទាយមានជ័យ “ដោយសារមានជាប់ពាក់ព័ន្ធក្នុងការជួញដូរអាវុធ”។ គេមិនអាចទាក់ទងលោកដើម្បីសុំការបំភ្លឺពាក់ព័ន្ធពេលវេលា និងទីកន្លែងដែលមិនត្រូវគ្នានេះបានទេ។
ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានលើកឡើងទៀតថា លោក វីរៈ បានសារភាពនៅពេលសាកសួរថា បានយកកាំភ្លើងអាកា-៤៧ និងគ្រាប់ពីស្រុកសំឡូតខេត្តបាត់ដំបងក្នុងឆ្នាំ២០០៨ ទៅលាក់ទុកនៅផ្ទះរបស់គាត់ បន្ទាប់ពីអ្នកភូមិបានប្រទះឃើញអាវុធមួយចំនួន។
លោក វីរៈ សង្ស័យថា បានដឹកជញ្ជូនអាវុធពីក្រុងបាត់ដំបងទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាកន្លែងដែលអាវុធទាំងនេះត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសថៃកាលពីសប្តាហ៍មុន។
ពេលសួរថា តើអាវុធទាំងនេះមានតម្លៃប៉ុន្មាន ឧត្ដមសេនីយ៍ សិទ្ធ ឡោះ បានលើកឡើងថា លោកអត់ដឹងទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានបញ្ជាក់កាលពីម្សិលមិញថា បុគ្គលិកដោះមីនរូបនោះដែលគេប្រាប់អត្តសញ្ញាណថា ឈ្មោះ អប់ វីរៈ តាមពិតគឺឈ្មោះ អប់ ឡេងជឺ ជាបុគ្គលិកCMAC តាំងពីឆ្នាំ១៩៩៧មកម្លេ៉ះ។ លោក ហេង រតនា បានលើកឡើងថា គាត់បានដាក់ច្បាប់សុំឈប់សម្រាក៩ថ្ងៃតាំងពីថ្ងៃទី១៥ខែកក្កដាមកហើយនឹងត្រូវព្យួរការងាររង់ចាំការសើុបអង្កេតរបស់នគរបាល។
លោក ហេង រតនា បានមានប្រសាសន៍ថា “ប្រសិនបើនគរបាល ឬតុលាការរកឃើញថា គាត់ពិតជាបានប្រព្រឹត្តបទល្មើសមែន អ៊ីចឹងយើងនឹងបណ្តេញគាត់ចេញ”។
លោកបានលើកឡើងបន្តទៀតថា CMACបានធ្វើការជាមួយនគរបាលដើម្បី បញ្ជាក់អត្តសញ្ញាណបុគ្គលិករូបនេះ ក្នុងនោះរួមមានការប្រើប្រាស់រូបភាពផងដែរ ហើយប្តេជ្ញាសហការសើុបអង្កេតជាមួយនគរបាល។
លោក ហេង រតនា បានលើកឡើងបន្ថែមថា បុគ្គលិករូបនេះ បានទៅធ្វើការនៅក្នុងខេត្តកំពង់ចាម តាំងពីដើមឆ្នាំនេះមក ដោយស្ថិតក្នុងក្រុមការងារមានគ្នាចំនួន៥នាក់ដែលមានភារកិច្ចបោសសម្អាត និងប្រមូលគ្រាប់រំសេវចាស់ៗ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោកបានថ្លែងថា “CMAC មិនពាក់ព័ន្ធនឹងអាវុធថ្មីៗទេ”។ លោកបានថ្លែងបន្តថា “យើងប្រមែលប្រមូលតែអាវុធចាស់ៗប៉ុណ្ណោះ”។
ពេលសួរថា តើជនសង្ស័យរូបនេះបានប្រមូលអាវុធដែលប្រទះឃើញដោយខុសច្បាប់តាមរយៈការងាររបស់ខ្លួនជាមួយ CMACឬយ៉ាងណានោះ លោក ហេង រតនា បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកគ្មានភ័ស្តុតាងបែបនេះទេ។
លោកបានលើកឡើងទៀតថា ការសម្រេចថា តើត្រូវយកគ្រាប់ចេញ ឬកម្ទេចនៅកន្លែងរកឃើញគឺត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយមេក្រុម ដែលលោក វីរៈ បានធ្វើការជាមួយ។ លោក ជេត វ៉ាន់នី ស្នងការរងខេត្តបាត់ដំបងបានលើកឡើងថា គេរកមិនឃើញអាវុធនៅផ្ទះរបស់លោក វីរៈក្នុងក្រុងបាត់ដំបងទេ។
លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានលើកឡើងថា ជនសង្ស័យម្នាក់ទៀតឈ្មោះ ជិន លីន ជាកសិករដែលមានអាយុ៣៦ឆ្នាំបានសារភាពថា គាត់បានជួយដឹកជញ្ជូនអាវុធទាំងនេះ។លោកបានលើកឡើងទៀតថា រថយន្តមួយបាំងកន្លះម៉ាកនីសាន់ របស់លោក ជិន លីន ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យដកហូតនៅក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងកាលពីថ្ងៃសុក្រ។
លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានលើកឡើងថា ជនសង្ស័យទាំង៣ដែលកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តនឹងត្រូវសាកសួរម្តងទៀតនៅថ្ងៃនេះ ៕ស៊ុយឈាង