27 C
Phnom Penh

ពលរដ្ឋ​​​ខ្មែរ​​​៩នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​​ពី​​​ម៉ាឡេស៊ីត្រឡប់មកវិញ​​​អំឡុង​​​ការ​​​បង្ក្រាប​​​លើ​​​ពល​​​ករ​​​ចំណាកស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សលមិញថា ពលរដ្ឋ៩នាក់ក្នុងចំណោមពលរដ្ឋជាង៣០នាក់ដែលបានស្វែងរកការជ្រកកោននៅស្ថានទូតកម្ពុជាប្រចាំទីក្រុងគូឡាឡាំពួ បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីមានវិធានការបង្ក្រាបលើពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវកាលពីថ្ងៃទី១ ខែកក្កដានោះ ត្រូវបានបញ្ជូនត្រឡប់មកវិញហើយ។

សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា “ដោយបារម្ភខ្លាំងពីការបង្ក្រាបរបស់មន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ីលើពលករបរទេសដែលរស់នៅ និងធ្វើការងារខុសច្បាប់នោះ ពលករខ្មែរ៩នាក់បានមកកាន់ស្ថានទូតដើម្បីសុំឱ្យបញ្ជូនពួកគេត្រឡប់មកប្រទេសវិញ”។

ក្រសួងបានលើកឡើងថា ពលរដ្ឋទាំង៩នាក់នេះត្រូវបានជួញដូរទៅប្រទេសម៉ាឡេស៊ី តាមប្រទេសថៃកាលពីឆ្នាំមុន ហើយបានត្រឡប់មកដល់វិញហើយកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។

កាលពីសប្តាហ៍មុន ក្រសួងបានឱ្យដឹងថា ពួកគេខ្វះមូលនិធិដើម្បីជួយដល់ពលរដ្ឋខ្មែរជាង៣០នាក់ទៀតដែលស្វែងរកការជ្រកកោន ហើយពួកគេត្រូវការការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលនានា។ ក្រសួងក៏បានលើកឡើងផងដែរថា ពលរដ្ឋខ្មែរ៧៩នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីដើមខែនេះ។

សេចក្តីថ្លែងការណ៍កាលពីម្សិលមិញមិនបានលើកឡើងថាតើនរណាបានចំណាយប្រាក់សម្រាប់ការបញ្ជូនពលរដ្ឋខ្មែរទាំង៩នាក់នេះត្រឡប់មកវិញ ឬថា តើពលរដ្ឋប៉ុន្មាននាក់ទៀតនៅស្ថានទូតនៅឡើយ ឬកំពុងត្រូវឃុំខ្លួនដោយអាជ្ញាធរម៉ាឡេស៊ីនោះឡើយ។

មន្ត្រីស្ថានទូតប្រចាំប្រទេសម៉ាឡេស៊ី និងអ្នកនាំពាក្យក្រសួងការបរទេសក្នុងប្រទេសកម្ពុជាកាលពីម្សិលមិញ មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស