34 C
Phnom Penh

នគរ​បាល​​បញ្ចេញ​​​ស្ថិតិ​​​​​ករណី​​​ចាប់រំលោភ​ទាប​​​​​ទំនង​ជា​ដោយសារ​ខ្លាច​ប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ នគរបាលជាតិបានបញ្ចេញតួលេខបទល្មើសសម្រាប់ឆមាសទី១ដើមឆ្នាំនេះ ក្នុងនោះការចាប់រំលោភដែលបានរាយការណ៍មានតែ១២៦ករណី និងការបៀតបៀនផ្លូវភេទមាន៣៦ករណីនៅទូទាំងប្រទេស ហើយប្រធានអង្គការសិទ្ធិស្ត្រីមួយរូបបានលើកឡើងថា តួលេខនេះទំនងជាកើនឡើងដោយសារករណីបៀតបៀនផ្លូវភេទ។

លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពពិតទំនងជាធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់។ លោកស្រីថ្លែងថា “ខ្ញុំយល់ថាតួលេខដែលនគរបាលបានរាយការណ៍មិនត្រឹមត្រូវទេ ព្រោះមានករណីជាច្រើនទៀតមិនត្រូវបានរាយការណ៍ដែលយើងមិនបានដឹង និងគ្មានប្រព័ន្ធសម្រាប់តាមដានរឿងនេះ”។

លោកស្រីបានគូសបញ្ជាក់ថា ករណីចាប់រំលោភមិនត្រូវបានជនរងគ្រោះរាយការណ៍អស់ដោយសារហេតុផលចម្បងពីរគឺ ទី១ ជនរងគ្រោះខ្លាចខូចកេរ្តិ៍ឈ្មោះ ទី២ ជនរងគ្រោះមិនជឿទុកចិត្តលើអាជ្ញាធរ។ លោកស្រីបានបន្តថា “ពួកគាត់ស្ទាក់ស្ទើរក្នុងការរកយុត្តិធម៌តាមផ្លូវតុលាការ។ ពួកគាត់យល់ថា ជនសង្ស័យនឹងក្លាយជាជនរងគ្រោះ ហើយជនរងគ្រោះនឹងជាប់ទោសព្រហ្មទណ្ឌ”។

លោកស្រីមានប្រសាសន៍ទៀតថា ដោយសារតែកង្វះស្ត្រីជាតំណាងនៅតាមស្ថាប័នសមត្ថកិច្ចក្នុងមូលដ្ឋានទើបមិនអាចជួយអ្វីបាន។ លោកស្រីបានលើកឧទាហរណ៍ពីករណីមួយកាលពីពេលថ្មីៗនេះដែលឪពុកម្ដាយរបស់ជនរងគ្រោះសុខចិត្តទៅសុំជំនួយពីមន្ត្រីជាស្ត្រីនៅសាលារៀនរបស់កូនពួកគាត់មុនគេជាជាងទៅប្ដឹងនគរបាល។

លោកស្រីថ្លែងថា “យើងអត់មានស្ត្រីទេនៅក្នុងជួរសមត្ថកិច្ចមូលដ្ឋាន។ យើងពិតជាមានស្ត្រីនៅក្នុងគណៈកម្មការ [ថ្នាក់ឃុំ] រចនាសម្ព័ន្ធមាន ប៉ុន្តែពួកគាត់មិនអាចធ្វើកិច្ចការរបស់ពួកគាត់បានដោយសារតែគ្មានថវិកា គ្មានផែនការ”។

តួលេខសម្រាប់ឆមាសទី១ដើមឆ្នាំនេះគឺកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការរំលោភដែលបានរាយការណ៍មានចំនួន១០៤ករណី និងបៀតបៀនផ្លូវភេទចំនួន២១ករណី។

កន្លងមក បណ្ដាអ្នកជំនាញបានរិះគន់ទិន្នន័យដែលធ្វើបច្ចុប្បន្នភាពរាល់៦ខែម្ដងនេះ ដោយលើកឡើងថា មន្ត្រីរាយការណ៍បទល្មើសមិនអស់ដើម្បីកុំឲ្យខ្លួនឯងខូចឈ្មោះ។

លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ ដែលជាអង្គការសិទ្ធិស្ត្រីបានមានប្រសាសន៍កាលពីខែមករាថា “បទល្មើសមួយចំនួនធំមិនត្រូវបានរាយការណ៍អស់ទេ ដោយសារនគរបាលតែងតែបារម្ភអំពីបុណ្យស័ក្ដិរបស់ខ្លួនធៀបនឹងនគរបាលដូចគ្នា”។

លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍កាលពីម្សិលមិញថា ការសម្ភាសនៅឆ្នាំនេះជាមួយជនរងគ្រោះ និងជនដៃដល់បានបង្ហាញថា គ្រឿងស្រវឹង គ្រឿងញៀន និងវីដេអូអាសអាភាសជាមូលហេតុសំខាន់ដែលធ្វើឱ្យបទល្មើសទាំងនេះកើតឡើង។ លោកបានគូសបញ្ជាក់ថា ជនសង្ស័យច្រើនតែជាសាច់ញាតិរបស់ជនរងគ្រោះ។

ទាក់ទិនបញ្ហានេះ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស