38 C
Phnom Penh

ការ​ខាន​​ប្រជុំ​​នៅទីស្ដីការ​គណៈ​​​រដ្ឋមន្ត្រី​​ ធ្វើ​ឱ្យ​មានពាក្យ​ចចាម​​​អារ៉ាម​​អំពី​ជំងឺ​លោក ហ៊ុន សែន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីស្តីការគណៈរដ្ឋមន្ត្រីមិនបានកោះប្រជុំប្រចាំសប្ដាហ៍ដូចដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនោះទេចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាមក ធ្វើឱ្យមានការប៉ាន់ស្មានអំពីបញ្ហាសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការភាន់ច្រឡំជុំវិញមូលហេតុដែលមន្ត្រីមិនកោះប្រជុំ។

កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានបដិសេធថា គ្មានអ្វីខុសប្រក្រតីទេ ហើយបញ្ជាក់ថា ការបង្ហាញមុខរបស់លោក ហ៊ុន សែន ជាសាធារណៈបញ្ជាក់ថា លោកមានសុខភាពមាំទាំអាចធ្វើការបានធម្មតា។

ដោយអះអាងថា រដ្ឋសភាកំពុងឈប់សម្រាក “វិស្សមកាល” ហើយទីស្តីការគណៈរដ្ឋមន្ត្រីគ្មានសេចក្ដីព្រាងច្បាប់ ឬកិច្ចការផ្សេងដែលខ្លួនចូលរួមនោះ អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ខ្ញុំយល់ថា យើងគ្មានអ្វីដែលត្រូវពិនិត្យផ្ទៀងផ្ទាត់ទេ”។

ចំណែកឯលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក៏មានប្រសាសន៍ដែរថា រយៈពេលដែលគ្មានសេចក្ដីព្រាងច្បាប់ ឬអនុក្រឹត្យគឺជារឿងធម្មតា ហើយទីស្តីការគណៈរដ្ឋមន្ត្រីមិនចាំបាច់ទៅ “អង្គុយមើលមុខគ្នានោះទេ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិះនៅក្នុងរថយន្តធ្វើដំណើរក្នុងក្រុងដែលលោកអះអាងថាលោកនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ ហ្វេសប៊ុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិះនៅក្នុងរថយន្តធ្វើដំណើរក្នុងក្រុងដែលលោកអះអាងថាលោកនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសប្តាហ៍មុន។ ហ្វេសប៊ុក

ពាក្យចរចាមអារ៉ាមដែលលើកឡើងថា លោក ហ៊ុន សែន មានបញ្ហាខុសភាព ហើយកំពុងស្វែងរកការព្យាបាលនៅបរទេស បានចាប់ផ្ដើមសុសសាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីដើមខែនេះ។ លោក ឆាំ ឆានី (Chham Chhanny) ដែលជាអ្នករិះគន់ រដ្ឋាភិបាលញឹកញាប់បានអះអាងថា លោកនាយករដ្ឋមន្ត្រីបានទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ហើយមិនបានចាត់តាំងមេដឹកនាំស្ដីទីឡើយពេលលោកស្ថិតនៅក្រៅប្រទេស។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ទីស្តីការគណៈរដ្ឋមន្ត្រីបានជួបប្រជុំលើកចុងក្រោយនៅមុនខួបអនុស្សាវរីយ៍របស់គណបក្សប្រជាជនកាលពីថ្ងៃទី២៨ ខែមិថុនា ហើយនៅពេលនោះលោក ហ៊ុន សែន បានស្នើវិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានរដ្ឋសភាអនុម័តយ៉ាងតក់ក្រហល់ ប៉ុន្តែមិនចាំពីកាលបរិច្ឆេទជាក់លាក់ទេ។

គេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបង្ហាញកំណត់សម្គាល់សម្រាប់ការប្រជុំមួយនៅថ្ងៃទី១៦ ខែមិថុនា។ សេចក្ដីថ្លែងការណ៍ផ្លូវការរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន បង្ហាញថា លោក ហ៊ុន សែន បានសុំពន្យារពេលប្រជុំតាមក្រោយពីរលើកទៀតដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែមិថុនា និងថ្ងៃទី៣០ ខែមិថុនា។

ទីស្ដីការគណៈរដ្ឋមន្ត្រីទំនងជាមិនបានចេញសេចក្ដីថ្លែងការណ៍ ឬផ្ដល់ហេតុផលតាមក្រោយសម្រាប់ការមិនកោះប្រជុំទាំងនេះទេ។

មាត្រា១២៣នៃរដ្ឋធម្មនុញ្ញចែងថា ទីស្ដីការគណៈរដ្ឋមន្ត្រី “ត្រូវកោះប្រជុំរាល់សប្ដាហ៍ក្នុងសម័យប្រជុំពេញអង្គ ឬពេលធ្វើការ” ចំណែកឯច្បាប់ឆ្នាំ១៩៩៤ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃទីស្ដីការគណៈរដ្ឋមន្ត្រីផ្ដល់សិទ្ធិអំណាចឱ្យនាយករដ្ឋមន្ត្រីកោះប្រជុំទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមិនមានចែងអំពីភាពញឹកញាប់នៃកិច្ចប្រជុំឡើយ។

ច្បាប់នេះចែងថា សម័យប្រជុំពេញអង្គរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី “ត្រូវធ្វើការសម្រេចលើកិច្ចការទូទៅរបស់រាជរដ្ឋាភិបាល”។

លោក ផៃ ស៊ីផាន លើកឡើងថា លោក “មិនដឹងទេ” ថាពេលណាទីស្ដីការគណៈរដ្ឋមន្ត្រីនឹងកោះប្រជុំឡើងវិញ ប៉ុន្តែមាន “យន្តការផ្ទៃក្នុង” មួយសម្រាប់ជម្រាបជូននាយករដ្ឋមន្ត្រីជាប្រចាំអំពីសកម្មភាពរបស់ក្រសួង/ស្ថាប័ន ហើយប្រព័ន្ធដែលគេមិនបញ្ជាក់ទាំងនេះបំពេញបានតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក សុក សំអឿន អ្នកជំនាញខាងច្បាប់មិនដឹងពីលក្ខខណ្ឌតម្រូវដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះទេ ហើយលោកក៏មិនធ្លាប់ឮគេអនុវត្តវាដែរ។

ដើម្បីបញ្ចៀសពាក្យចរចាមអារ៉ាមតាមហ្វេសប៊ុកអំពីការទៅព្យាបាលរបស់លោកនៅបរទេស លោក ហ៊ុន សែន បានបង្ហោះរូបថតក្រុមគ្រួសាររបស់លោក និងអ្នកស្មោះត្រង់នឹងលោកដែលទំនងជាស្ថិតនៅប្រទេសសិង្ហបុរី ហើយលោកបានចោទជាសំណួរថា តើលោកចាំបាច់ត្រូវជូនដំណឹងថាលោកស្ថិតនៅកន្លែងណាដែរទេ។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រីមិនបានចាត់តាំងអនុប្រធានស្ដីទីដូចដែលលោកតែងតែធ្វើពេលចេញទៅបរទេសនោះទេ ហើយលោក សុខ ឥសាន បានបន្តបដិសេធថា លោក ហ៊ុន សែន មិនបានចាកចេញពីប្រទេសកម្ពុជាទេ។

លោក ហ៊ុន សែន បានបង្ហាញមុខជាសាធារណៈប៉ុន្មានលើកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ក្នុងនោះរួមមានទាំងសកម្មភាពលោកអានសុន្ទរកថាខ្លីនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទផងដែរ។

លោកនាយករដ្ឋមន្ត្រីត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសសិង្ហបុរី កាលពីខែឧសភា ដោយសារនឿយហត់ខ្លាំងពេក នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក។ កាលពីមុនលោកធ្លាប់បានវាយបកទៅវិញចំពោះការប៉ាន់ស្មានអំពីបញ្ហាសុខភាពរបស់លោក រួមទាំងពាក្យចរចាមអារ៉ាមកាលពីឆ្នាំ២០១៤ ដែលលើកឡើងថា លោកដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសសិង្ហបុរី ភ្លាមៗផងដែរ។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានចាត់ទុកការមិនកោះប្រជុំរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីថាជារឿង “ចម្លែក” ប៉ុន្តែលោកមានមន្ទិលថា វាមិនមែនមិនធ្លាប់កើតមានទេពីមុន។

លោកមានប្រសាសន៍ថា “ប្រាកដជាមានពេលដែលយើងមិនបានចាប់អារម្មណ៍” ហើយគូសបញ្ជាក់ថា ពាក្យចរចាមអារ៉ាមនេះទំនងជាសុសសាយដោយសារអវត្តមានរបស់លោកនាយករដ្ឋមន្ត្រី។

លោកមិនយល់ថា ការមិនកោះប្រជុំមានផលប៉ះពាល់ខ្លាំងទៅលើការគ្រប់គ្រងប្រទេសនោះទេ។ លោកមានប្រសាសន៍សំដៅដល់កម្មវិធីផ្ញើសារ ”សម័យនេះអ្វីៗគេធ្វើតាម Whats App”។

ប៉ុន្តែលោក មាស នី ដែលជាអ្នកវិទ្យាសាស្ត្រសង្គមបានលើកឡើងថា ការកម្របង្ហាញមុខរបស់លោកនាយករដ្ឋមន្ត្រីជាសាធារណៈ និងការមិនកោះប្រជុំរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានធ្វើឱ្យសាធារណជនសន្និដ្ឋានថា លោកនាយករដ្ឋមន្ត្រីឈឺធ្ងន់ ឬក៏មានភាពតានតឹងនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តថា “ជាធម្មតាបើគេលុបចោលមួយសប្ដាហ៍ គេប្ដូរទៅធ្វើនៅសប្ដាហ៍បន្ទាប់។ ប្រហែលជារដ្ឋាភិបាលគួរតែបកស្រាយហើយពីអ្វីដែលកំពុងកើតឡើង”៕ សុខុម (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស