27 C
Phnom Penh

ច្បាប់​​​ស្តី​​​ពីគណបក្ស​​​នយោបាយ​​​ឆ្លង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​រួច​​​ហើយ​​​ ខណៈ​​​គណបក្ស​​​ សម រង្ស៊ី កំពុង​​​ជ្រើស​​​រើស​​​ឈ្មោះ​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញមិនបានធ្វើឲ្យនរណាម្នាក់ភ្ញាក់ផ្អើលទាល់តែសោះ ពេលខ្លួនយល់ថា វិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាប់ស្តីពីគណបក្សនយោបាយស្របតាមរដ្ឋធម្មនុញ្ញ ដោយបើកផ្លូវឲ្យច្បាប់នេះឆ្ពោះទៅរកការចុះហត្ថលេខានៅក្នុងសប្តាហ៍នេះ។

ក្រុមប្រឹក្សានេះ ដែលមានសមាជិក៩រូបភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជានោះបានយល់ឃើញថា វិសោធនកម្មនេះ”ស្របនឹងរដ្ឋធម្មនុញ្ញ”នៅក្នុងសេចក្តីសម្រេច”ស្ថាពរ និងបិទផ្លូវតវ៉ា” នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលចុះហត្ថលេខាដោយ លោក អឹុម ឈុនលឹម ប្រធានក្រុមប្រឹក្សានេះ។

cam-photo-party-law-channa-JUMPឥឡូវច្បាប់នេះនឹងត្រូវបញ្ជូនតាមរយៈសភា និងទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយ ហើយនឹងបញ្ជូនបន្តទៅព្រះបរមរាជវាំង រង់ចាំព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្តលេខា។ ព្រះមហាក្សត្របានយាងចេញពីប្រទេសកាលពីថ្ងៃអាទិត្យដើម្បីទៅពិនិត្យព្រះរាជសុខភាពនៅក្នុងប្រទេសចិន ប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្សប្រឆាំងទទូចសុំកុំឲ្យព្រះអង្គឡាយព្រះហស្តលេខាលើច្បាប់នេះ ។

ការយាងចាកចេញរបស់ព្រះមហាក្សត្របានធ្វើឲ្យច្បាប់នេះធ្លាក់ក្នុងបន្ទុករបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្តីទី ដែលប្រាកដជានឹងចុះហត្ថលេខាលើច្បាប់នេះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា ច្បាប់នេះអាចនឹងត្រូវចុះហត្ថលេខានៅក្នុងសប្តាហ៍នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ហើយថា ច្បាប់នេះផ្តោតគោលដៅយ៉ាងច្បាស់ក្រឡែតលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ពេលលោកស្នើឲ្្យមានការធ្វើវិសោធនកម្មកាលពីខែមុន។ លោក សម រង្ស៊ី ដែលប្រឈមបណ្តឹងយ៉ាងច្រើនដែលអ្នកសង្កេតការណ៍មួយចំនួនធំចាត់ទុកថា ជារឿងនយោបាយនោះ បានប្រើប្រាស់ហ្វេសប៊ុករិះគន់ពីទីក្រុងប៉ារីសកន្លែងដែលលោកកំពុងរស់នៅក្រោយពេលនិរទេសខ្លួនឯងទៅទីនោះ ដោយធ្វើឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាមួម៉ៅយ៉ាងខ្លាំង។

វិសោធនកម្មនេះរារាំងគណបក្សនយោបាយមិនឲ្យបង្ហាញរូបទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមនៅក្នុងឧបករណ៍ផ្សព្វផ្សាយរបស់ខ្លួន ឬក៏ពិគ្រោះយោបល់ជាមួយពួកគេឡើយ។ វិសោធនកម្មនេះ ក៏រួមមានមាត្រារារាំងគណបក្សនយោបាយមិនឲ្យប្រើស្លាកសញ្ញា ឬឈ្មោះដោយយកឈ្មោះរូបវន្តបុគ្គលមកដាក់ផងដែរ។គណបក្សនយោបាយមានពេល៩០ថ្ងៃនៅក្នុងការអនុលោមតាមច្បាប់ថ្មីនេះ បន្ទាប់ពីវាចូលជាធរមាន។

អង្គការសង្គមស៊ីវិលមួយក្រុមបានចាត់ទុកច្បាប់នេះផ្ទុយនឹងរដ្ឋធម្មនុញ្ញនៅក្នុងលិខិតបើកចំហមួយកាលពីសប្តាហ៍មុន។

គណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំកាលពីម្សិលមិញដើម្បីណែនាំឲ្យប្រញាប់ប្រញាល់ប្តូរស្លាកសញ្ញាដែលមានរូបលោកសម រង្ស៊ី ដោយត្រូវចំណាយហិរញ្ញត្ថុអស់ច្រើនដោយសារច្បាប់នេះជិតចូលជាធរមានហើយ។

លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា លោកអត់ដឹងថា ត្រូវចំណាយអស់ប្រាក់ប៉ុន្មានទេនៅក្នុងការប្តូរស្លាកសញ្ញានេះ តែថាវានឹងខ្ជះខ្ជាយពេលវេលា និងលុយកាក់។

ស្លាកសញ្ញាទូទាំងប្រទេស នឹងត្រូវជំនួសដោយស្លាកសញ្ញាព្រះអាទិត្យរះរបស់គណបក្សនេះហើយនឹងត្រូវប្តូរពាក្យស្លោក “រួមគ្នាសង្គ្រោះជាតិយើង” ចេញ។

ពាក្យស្លោកនេះគឺជាសមិទ្ធផលដែលបានមកពីការច្របាច់បញ្ចូលគ្នាក្នុងឆ្នាំ២០១២រវាងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងគណបក្ស សម រង្ស៊ី ។ គណបក្ស សម រង្ស៊ី ប្រឈមការប្តូរឈ្មោះរបស់ខ្លួនដើម្បីឲ្យស្របតាមច្បាប់ថ្មីនេះ។

គណបក្សកេរដំណែលទាំងពីរេនះនៅរក្សាអាសនៈក្នុងព្រឹទ្ធសភារបស់ខ្លួននៅឡើយ ប៉ុន្តែគេជឿថានឹងត្រូវរម្លាយចោលបន្ទាប់ពីមានការបោះឆ្នោតព្រឹទ្ធសភាដែលគ្រោងធ្វើឡើងនៅខែមករា។

ទោះបីជា គណបក្សសម រង្ស៊ី ធ្លាប់បានលើកឡើងថា ខ្លួននឹងជ្រើសរើសឈ្មោះថ្មីនៅថ្ងៃម្សិលមិញ ក៏ដោយ តែលោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្សនេះមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។

លោក ទាវ វណ្ណុល បានប្រាប់គេហទំព័រថ្មីៗកាលពីម្សិលមិញថា គណបក្សរបស់លោកនឹងត្រូវជ្រើសរើសរវាងឈ្មោះគណបក្សរស្មីប្រជាជិបតេយ្យ គណបក្សពន្លឺភ្លើងទៀន និងគណបក្សជាតិខ្មែរ ដែលជាឈ្មោះចាស់របស់គណបក្ស សម រង្ស៊ី ។

គណបក្ស សម រង្ស៊ី ក៏បានទទួលយកជាផ្លូវការផងដែរនូវការលាលែងរបស់លោក គង់ គាំ អ្នកនយោបាយចាស់វស្សា ដែលប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៥ ប៉ុន្តែ បានបន្តកាន់តំណែងរហូតដល់ថ្ងៃម្សិលមិញ។

លោក គង់ គាំ ដែលចាប់ផ្តើមអាជីពនយោបាយជាទីប្រឹក្សារបស់លោក ហ៊ុន សែន នោះទើបតែបាននិយាយជាមួយគណបក្ស សម រង្ស៊ី ប៉ុន្មានខែមុនថា លោកចង់លាលែងដើម្បីត្រួសត្រាយផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំសូមចប់ពីគណបក្សចាស់ជាប្រវត្តិសាស្ត្រដើម្បីត្រួសត្រាយលទ្ធិប្រជាធិបតេយ្យប៉ុណ្ណឹងចុះ”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស