លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយបានចូលរួមការបើកសវនាការជំនុំជម្រះរឿងក្តីរបស់ខ្លួនពាក់ព័ន្ធការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងញុះញង់នៅសាលាដំបូងរាជធានីភ្នំពេញរហូតទាល់ចប់កាលពីម្សិលមិញ ដោយយកក្រដាសញុ៉កត្រចៀកដើម្បីជាការតវ៉ាជំទាស់នឹងករណីដែលលោកចាត់ទុកថាជារឿងនយោបាយតាំងពីដើមទីមកមេ្ល៉ះ។
លោក គឹម សុខ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែកុម្ភៈដោយសារពេលផ្តល់បទសម្ភាសន៍តាមវិទ្យុអាស៊ីសេរី លោកបានភ្ជាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទៅនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពកាលពីខែកក្កដា ឆ្នាំ២០១៦។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបដិសេធថា មិនជាប់ពាក់ព័ន្ធក្នុងករណីធ្វើឃាតនេះ បានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តជាង៥០០.០០០ដុល្លារ។
មុនពេលសវនាការចាប់ផ្តើមកាលពីម្សិលមិញ លោក ជូង ជូងី មេធាវីរបស់លោក គឹម សុខ និងលោក គី តិច មេធាវីរបស់លោកហ៊ុន សែន បានតទល់គ្នាអស់រយៈពេល១ម៉ោងជុំវិញសំណើរបស់លោក គឹម សុខ ស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីចូលរួមការបើកសវនាការដោយផ្ទាល់។
លោក គឹម សុខ បានថ្លែងបែបចំអកថា “ប្រសិនបើគ្មានដើមចោទ សូមកាត់ទោសខ្ញុំ ហើយបញ្ជូនខ្ញុំទៅពន្ធនាគារទៅ”។
សំដៅដល់គោរមងាររបស់លោកនាយករដ្ឋមន្ត្រី លោក គី តិច បានឆ្លើយតបថា “តើអ្នកចង់ឲ្យសម្តេចមកឈរនៅក្នុងរង្វង់ក្រចកសេះដូច គឹម សុខ ឬ? “។
ចៅក្រម គី រិទ្ធី ទីបំផុតបានសម្រេចថា លោក ហ៊ុន សែន មិនចាំបាច់មានវត្តមានដោយផ្ទាល់ទេ ដោយទំនងជាលើកឡើងថា តំណែងក្នុងគណបក្សរបស់លោកនាយករដ្ឋមន្ត្រីអាចអនុញ្ញាតឲ្យលោកមិនចូលរួមបាន។
សំដៅដល់គោរមងារពេញរបស់លោកនាយករដ្ឋមន្ត្រី ចៅក្រមរូបនេះ បានមានប្រសាសន៍ថា ” ដើមចោទគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា”។ លោកបានថ្លែងបន្តថា “ហេតុដូច្នេះមានតែមេធាវីចូលរួម វាគ្រប់គ្រាន់ហើយ”។
នៅត្រង់ចំណុចនោះ លោក គឹម សុខ បានទាមទារឲ្យដូរចៅក្រម និងទាមទារឲ្យផ្អាកការបើកសវនាការរហូតទាល់តែតុលាការចេញសេក្តីថ្លែងការណ៍ជាសាធាណៈប្រកាសសេចក្តីសម្រេចអនុញ្ញាតឲ្យលោក ហ៊ុន សែន អាចមិនចូលរួមបាន និងផ្តល់ការពន្យល់ពេញលេញសិន។
ចៅក្រម គី រិទ្ធី ក៏បានច្រានចោលសំណើនោះដែរ ដោយធ្វើឲ្យមេធាវីរបស់ចុងចោទបានដើរចេញពីបន្ទប់សវនាការដើម្បីជាការតវ៉ា។
មុនពេលដើរចេញ លោក ជូង ជូងី បានមានប្រសាសន៍ថា “ខ្ញុំសូមមិនចូលរួមការបើកសវនាការនេះ ព្រោះការពន្យល់របស់កូនក្តីខ្ញុំពាក់ព័ន្ធការកោះហៅដើមចោទត្រូវគេកាត់ ហើយវាមើលទៅឡប់ឡែ”។
បន្ទាប់ពីសម្រាកមួយសន្ទុះ សវនការបានចាប់ផ្តើម ខណៈនោះលោក គឹម សុខ បានហែកក្រដាសនៅខាងមុខគាត់រួចញុ៉កត្រចៀក តែម្តង។ លោកនៅតែបន្តញុ៉កត្រចៀករហូត ទោះបីជាតុលាការមើល និងស្តាប់វីដេអូឃ្លីបស្តីពីលោកផ្តល់បទសម្ភាសន៍តាមវិទ្យុក៏ដោយ។
ព្រះរាជអាជ្ញារង សៀង សុខ បានលើកឡើងថា “ស្តាប់វីដេអូឃ្លីប សំឡេងនេះពិតជារបស់គាត់ [លោក គឹម សុខ ] ហេតុដូច្នេះគាត់ប្រព្រឹត្តបទល្មើសតាមរយៈសោតទស្សន៍”។
មេធាវីរបស់លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា ការដែលលោក គឹម សុខ ដើរពីវត្តចាស់ទៅសាលាដំបូងរាជធានីជាមួយអ្នកគាំទ្រយ៉ាងច្រើននៅថ្ងៃដែលលោកត្រូវបានចាប់ខ្លួន គឺជាភ័ស្តុតាងគ្រាប់គ្រាន់បញ្ជាក់ថា ជាការញុះញង់ ជាបទចោទប្រកាន់ដែលមានទោសជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ។
លោកបានថ្លែងថា “យើងឃើញថា លោក គឹម សុខ បានដើរទៅសាលាដំបូងរាជធានីភ្នំពេញ ពេលមានមនុស្សជាច្រើនប្រមូលផ្តុំនៅខាងមុខតុលាការ ហេតុដូច្នេះនេះគឺជាការញុះញង់ដែលអាចនាំឲ្យកើតមានភាពចលាចល។ ទោះជាយ៉ាងណា មានអាជ្ញាធរគ្រប់គ្រាន់ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសនេះ “។
ពេលចាកចេញពីតុលាការត្រឡប់ទៅពន្ធនាគារវិញ លោក គឹម សុខ នៅតែផ្គើនដដែល។ លោកបានថ្លែងថា “នេះគឺជាសវនាការសិប្បនិមិត្តដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន”។ លោកបានបន្ថែមថា “តុលាការធ្វើការតាមទឹកមាត់នរករបស់ ហ៊ុន សែន “។
ចៅក្រមលើកឡើងថា សាលក្រមនៅក្នុងសំណុំរឿងនេះនឹងត្រូវប្រកាសនៅថ្ងៃទី១០ខែសីហា៕ ស៊ុយឈាង