ស្ត្រីម្នាក់ដែលបានលួចយកទារិកាអាយុ៦ខែត្រូវជាកូនមិត្តភក្ដិរបស់ខ្លួន ហើយក្រោយមកបានយកទៅទុកចោលនៅកន្លែងចាក់សំរាមមួយ ត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទប៉ុនប៉ងមនុស្សឃាត ហើយត្រូវបានផ្តន្ទាទោសកំបាំងមុខកាលពីម្សិលមិញ។
លោក តុប ឈុនហេង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រាប់តុលាការថា “សាលាដំបូងរាជធានីភ្្នំពេញសម្រេចផ្ដន្ទាទោសឈ្មោះ យិន សុធារ៉ា អាយុ៣៤ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ”។
យិន សុធារ៉ា ជាស្ត្រីមេម៉ាយមានកូនពីរនាក់បានសារភាពនៅសវនាការជំនុំជម្រះកាលពីដើមខែនេះថា គាត់បានលួចយកទារិកានេះ ពីព្រោះគាត់ “ស្រឡាញ់ទារិកានេះខ្លាំង”។
មិនមានការពន្យល់ពីមូលហេតុដែល យិន សុធារ៉ា មិនបានបង្ហាញមុខឡើយកាលពីម្សិលមិញ។ ស្ត្រីរូបនេះត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសចាប់តាំងពីត្រូវបានចាប់ខ្លួនកាលពីខែមីនាមក។
យិន សុធារ៉ា បាននិយាយនៅសវនាការជំនុំជម្រះថា គាត់មានផែនការលួចយកទារិការូបនេះខណៈពេលកំពុងលេងបៀនៅផ្ទះមិត្តភក្ដិរបស់ខ្លួនដែលនៅក្បែរគ្នា។
គាត់បាននិយាយថា “ខ្ញុំស្រឡាញ់ទារិកានេះខ្លាំង ហើយខ្ញុំគិតខ្លី”។ ដោយលបចូលទៅក្នុងបន្ទប់របស់ទារិកានោះ យិន សុធារ៉ា បានយកស្កុតបិទមាត់ក្មេងនោះ ហើយចងខ្សែសម្រូតចុះក្រោមតាមបង្អួចដោយដាក់ក្នុងថង់ខ្មៅ ហើយបានយកក្មេងនេះទៅផ្ទះ។
គាត់បានព្យាយាមរកវិធីនាំក្មេងនេះទៅវិញ បន្ទាប់ពីទទួលបានការហៅទូរស័ព្ទក្នុងសភាពស្លន់ស្លោពីម្ដាយក្មេងនេះដែលត្រូវជាមិត្តភក្ដិរបស់ខ្លួន។ នៅម៉ោងប្រហែលជា៤ទៀបភ្លឺ គាត់បានជិះម៉ូតូទៅកាន់ផ្ទះស្ត្រីដែលជាមិត្តភក្តិរបស់ខ្លួនដោយដាក់ទារិកានេះនៅក្នុងថង់ខ្មៅមួយ។ ប៉ុន្តែនៅពេលគាត់ឃើញបុរសម្នាក់ដែលត្រូវជាប្អូនប្រុសរបស់មិត្តិភក្តិខ្លួនឈរនៅខាងក្រៅ គាត់ក៏បានយកក្មេងនេះដាក់ក្រោមកែបម៉ូតូ ហើយជិះហួសទៅ។
យិន សុធារ៉ា បាននិយាយថា គាត់បានយកក្មេងនេះទៅដាក់លើគ្រែឈើមួយដែលជាកន្លែងលក់អាហារតាមដងផ្លូវ។ ប៉ុន្តែបុរសដែលត្រូវជាប្អូនមិត្តភក្ដិខ្លួននោះបានផ្ដល់សក្ខីកម្មថា ខ្លួនបានប្រទះឃើញទារិកានេះនៅកន្លែងចាក់សំរាមមួយបន្ទាប់ពីតាមដាន យិន សុធារ៉ា ដោយសម្ងាត់។
និយាយបន្ទាប់ពីសវនាការ លោកស្រី ជាតិ សុខា មេធាវីចុងចោទបានមានប្រសាសន៍ ថា លោកស្រីនឹងប្ដឹងទាស់ការផ្តន្ទាទោសនេះ។
លោកស្រីបានថ្លែងថា “សម្រាប់ខ្ញុំ វាធ្ងន់ធ្ងរណាស់។ ខ្ញុំនឹងទៅជួបគាត់ ហើយរៀបចំឯកសារដើម្បីប្ដឹងឧទ្ធរណ៍”៕ សារុន