28 C
Phnom Penh

មនុស្សម្នាក់​​​លង់​ទឹកស្លាប់​ ខណៈ​​​​មាន​​ទឹកជំនន់​​​​​​​​​នៅ​​ខេត្ត​ព្រះ​វិហារ ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញ យុវជនម្នាក់បានលង់ទឹកស្លាប់ និងប្រជាពលរដ្ឋយ៉ាងតិច៣០គ្រួសារត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលកម្រិតទឹកស្ទឹងសែន បានហក់ឡើងលើសកម្រិតប្រកាសអាសន្នជាង១ម៉ែត្រនៅខេត្តព្រះវិហារ ខណៈខេត្តយ៉ាងតិចចំនួនប្រាំទៀតបានរងការជន់លិចដោយសារខ្យល់ព្យុះត្រូពិចសុនកា (Sonca)។

យោងតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានឱ្យដឹងថា ទាហានប្រដាប់អាវុធប្រមាណ៣៥០នាក់មកពីកងយោធពលខេមរភូមិន្ទ ព្រមទាំងអង្គភាពកងអង្គរក្សរបស់នាយករដ្ឋមន្ត្រីផង ត្រូវបានបញ្ជូនកាលពីម្សិលមិញ ដើម្បីលើកបាវខ្សាច់ទប់មាត់ស្ទឹង។ លោកមានប្រសាសន៍ថា “យើងត្រៀមកម្លាំងមួយចំនួនធំ” ប្រសិនបើចាំបាច់។

លោក យ៉ុង គឹមហឿង នាយករងរដ្ឋបាលសាលាខេត្តព្រះវិហារប្រាប់ថា ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានលង់ទឹកស្លាប់ក្នុងខេត្តនេះកាលពីព្រឹកថ្ងៃអង្គារ។ លោកថ្លែងថា “គាត់ហែលលេងពេលទឹកលិច ក៏លង់ស្លាប់”។

ទឹកលិចស្ពានមួយកន្លែងនៅខេត្តឧត្តរមានជ័យ ក្នុងរូបភាពនៅលើទំព័រហ្វេប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយម។

កម្រិតទឹកស្ទឹងសែន ដែលជាដៃទន្លេសាបស្ថិតនៅកម្ពស់១២,៨ម៉ែត្រក្នុងក្រុងព្រះវិហារ គិតមកទល់ល្ងាចម្សិលមិញ លើសពីកម្រិតប្រកាសអាសន្ន១១,៥ម៉ែត្រ នេះបើយោងតាមលោក អ៊ុន ចាន់ដា ដែលមានប្រសាសន៍ថា កម្រិតទឹកកើនឡើងបានធ្វើឱ្យប៉ះពាល់ដល់ក្រុងព្រះវិហារ និងស្រុកចំនួនបួនក្នុងខេត្តនេះ នៅពេលប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។

លោកមានប្រសាសន៍ថា “យើងរៀបចំនូវជម្រកបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពហ្នឹង ហើយនឹងគ្រប់គ្រងចំណីអាហារជូនពួកគាត់”។

លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ស្ថានភាពទំនងជាកាន់តែធ្ងន់ធ្ងរ នៅពេលមេឃបន្តធ្លាក់ភ្លៀង ធ្វើឱ្យទឹកហូរពីទីខ្ពស់ចូលចាក់ចូលទៅក្នុងស្ទឹង។

អ្នកនាំពាក្យដដែលថ្លែងថា “វាប្រែប្រួលដោយសារព្យុះក្នុងតំបន់ ឥទ្ធិពលវាបង្កទៅជាសម្ពាធ បង្កឱ្យមានភ្លៀងធ្លាក់នៅតំបន់ឆ្នេរសមុទ្រ និងខ្ពង់រាបភាគខាងជើង”។

ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តរតនគិរី ខេត្តព្រះសីហនុ និងខេត្តកំពតក៏ទទួលរងការជន់លិចដែរដោយសារព្យុះសុនកា ដែលបានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទ។

ទឹកហូរកាត់ផ្តាច់ផ្លូវមួយកន្លែងក្នុងខេត្តព្រះវិហារ ក្នុងរូបភាពនៅលើទំព័រហ្វេប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយម។
ទឹកហូរកាត់ផ្តាច់ផ្លូវមួយកន្លែងក្នុងខេត្តព្រះវិហារ ក្នុងរូបភាពនៅលើទំព័រហ្វេប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយម។

លោក កែវ វី ប្រាប់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងប្រមូលទិន្នន័យស្ដីពីខ្យល់ព្យុះនេះ ហើយមិនទាន់អាចនិយាយបានទេថាពេលណាព្យុះនេះនឹងបក់បោកទៅផុតប្រទេសកម្ពុជា។

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា សុនកា ជាព្យុះត្រូពិចទី៨ដែលបានវាយប្រហារអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ បានបង្កឱ្យមានបំណាក់ដីនៅប្រទេសវៀតណាមភាគកណ្ដាលកាលពីថ្ងៃអង្គារ មុនពេលវាចាប់ផ្ដើមបក់បោកផុតចូលទៅក្នុងប្រទេសឡាវ និងប្រទេសថៃភាគខាងជើង ដែលបានត្រៀមលក្ខណៈទុកសម្រាប់ការធ្លាក់ភ្លៀងខ្លាំង។

ប្រទេសកម្ពុជា កំពុងរងផលប៉ះពាល់នៅឡើយដោយសារព្យុះសុនកា ខណៈវាបក់បោកផុតបណ្ដាប្រទេសជិតខាង។

លោក កែវ វី មានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៤ ត្រូវបានជន់លិចរយៈពេលខ្លីក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនុ ហើយដំណាំស្រូវយ៉ាងតិច៣.០០០ហិកតាបានរងផលប៉ះពាល់ដោយសារការជន់លិចនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ហើយទំនងជាមានការខូចខាតបន្ថែមទៀតនៅបណ្ដាខេត្តផ្សេងៗ។

អាជ្ញាធរខេត្តព្រះវិហារបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ជំរុញឱ្យប្រជាពលរដ្ឋមូលដ្ឋានស្វែងរកទីទួលមានសុវត្ថិភាព ចំណែកឯអាជ្ញាធរខេត្តកំពតបានក្រើនរំឭកប្រជាពលរដ្ឋកាលពីម្សិលមិញឱ្យប្រុងប្រយ័ត្នសុវត្ថិភាពរបស់កូនៗ។

អ្នកស្រី ពៅ រិន អាយុ៥៦ឆ្នាំ ជាកសិករមកពីភូមិស្រអែមខាងជើង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនិយាយថា គាត់ត្រូវគេជម្លៀសកាលពីព្រឹកម្សិលមិញ ចេញពីផ្ទះរបស់គាត់ដែលត្រូវទឹកជន់លិច ហើយអាជ្ញាធរបានត្រៀមជម្រកបណ្ដោះអាសន្ននៅវត្តទីទួលមួយក្បែរនោះ។ អ្នកស្រីនិយាយទៀតថា “ទឹកលិចគ្រប់កន្លែង គ្មានសល់អីទេ ទាំងចានឆ្នាំង មាន់ទាបាត់អស់ហើយ។ វាលិចជ្រៅប្រហែលបីទៅបួនម៉ែត្រ”។

លោក អ៊ុន ចាន់ដា អភិបាលខេត្តបានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពសុទ្ធតែមកពីឃុំស្រអែម ជាមួយអ្នកស្រី ពៅ រិន។

លោក កែវ វី បានឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរាប់ឃើញព្យុះចំនួន១៣១ដែលបានសម្លាប់មនុស្សប្រាំនាក់ និងធ្វើឲ្យ៤៩នាក់ទៀតរងរបួសគិតចាប់ពីដើមឆ្នាំរហូតមកទល់នឹងថ្ងៃអង្គារ ដែលបានធ្លាក់ពីព្យុះចំនួន២០៥ ការស្លាប់មនុស្ស១៣នាក់ និងការរងរបួស៧០នាក់ក្នុងរយៈពេល៧ខែដើមឆ្នាំមុន៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស