34 C
Phnom Penh

ក្រុមហ៊ុនចម្ការ​​​កៅស៊ូ​​​​​​វៀត​​​ណាម​​​នឹង​​​ប្រគល់​​​ភ្នំអារក្ស​​​ឲ្យ​​អ្នកភូមិ​​​វិញ​​​​​​នៅ​​​​​​ក្នុង​​​សម្បទានដីចុង​​​ក្រោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចម្ការកៅស៊ូមួយរបស់ក្រុមហ៊ុនវៀតណាមដែលមានវិវាទដ៏អូសបន្លាយជាមួយអ្នកភូមិជាង១.០០០គ្រួសារក្នុងខេត្តរតនគិរីនោះ សុខចិត្តប្រគល់ត្រឡប់មកវិញនូវ ”ភ្នំអារក្ស” ចំនួន១៥ដល់ភូមិជនជាតិដើមភាគតិចដើម្បីរម្ងាប់ចិត្តសហគមន៍ដែលរងផលប៉ះពាល់ដោយចម្ការកៅស៊ូរបស់ក្រុមហ៊ុន។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលដែលជួយដល់សហគមន៍ទាំងនេះបានឱ្យដឹងថា ក្រុមហ៊ុន ហ៊ងអានយ៉ាឡាយ (HAGL) បានយល់ព្រមប្រគល់ត្រឡប់មកវិញនូវភ្នំអារក្សជាភ្នំតូចៗដែលជនជាតិដើមភាគតិចធ្វើសក្ការបូជាដល់ព្រលឹងដូនតារបស់ខ្លួននៅក្នុងភូមិចំនួន៩ក្នុងស្រុកអណ្តូងមាស និងស្រុកអូរជុំ។

ការស្តារឡើងវិញនូវអូរ ស្ទឹង និងការពង្រីកកន្លែងកប់សពដែលមានស្រាប់ស្ថិតក្នុងចំណោមការប្តេជ្ញាផ្សេងៗទៀតដែលបានយល់ព្រមអំឡុងជំនួបរវាងតំណាងអង្គការមិនមែនរដ្ឋាភិបាលនេះនិងតំណាងក្រុមហ៊ុន HAGL កាលពីសប្តាហ៍មុន បន្ទាប់ពីដំណើរចុះទៅកាន់សហគមន៍ទាំងនោះកាលពីខែមេសា និងខែឧសភា។

អ្នកភូមិប្រហែល១.៦០០គ្រួសារបានចោទប្រកាន់ក្រុមហ៊ុន HAGL ដែលមានចម្ការកៅស៊ូបីផ្សេងទៀតក្នុងស្រុកអូរជុំ និងស្រុកអណ្តូងមាសថា បានប្លន់យកដី ធ្វើឱ្យប៉ះពាល់ដល់អូរស្ទឹង និងរំខានដល់កន្លែងកប់សពដូនតារបស់ពួកគាត់។ ក្រុមហ៊ុននេះបានយល់ព្រមប្រគល់ត្រឡប់មកវិញនូវដីដែលមិនទាន់បានដាំដុះទំហំប្រហែល១០.០០០ហិកតាដល់សហគមន៍មូលដ្ឋាននេះ។

លោក សល់ នឿយ តំណាងអ្នកភូមិជនជាតិដើមភាគតិចកាចក់ក្នុងភូមិតាឡាវស្រុកអណ្តូងមាសបាននិយាយថា ការប្រគល់ត្រឡប់មកវិញនូវភ្នំអារក្សទាំងនេះគួរបានធ្វើយូរមកហើយ។

លោក សល់ នឿយ បានថ្លែងថា “ឥឡូវ យើងកំពុងរង់ចាំមន្ត្រីចុះមក ហើយកំណត់ព្រំប្រទល់ភ្នំអារក្សទាំងនេះ”។ លោកបានបន្ថែមថា ដីសម្បទានសេដ្ឋកិច្ចនេះត្រូវបានផ្តល់ដល់ក្រុមហ៊ុន HAGL ដោយមិនបានពិគ្រោះយោបល់ជាមួយសហគមន៍ឡើយ។

លោក យិន ផែន អភិបាលរងខេត្តបានយល់ស្របថា ការប្រគល់ត្រឡប់មកវិញនូវកន្លែងគោរពបូជាមិនគួរកើតមានទេ។

លោក យិន ផែន មានប្រសាសន៍ថា “វាមិនគួរជាជម្លោះទេ បើភ្នំអារក្សត្រូវកាត់ចេញ”។

លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបានមានប្រសាសន៍ថា សម្បទានចុងក្រោយនេះជាជំហានមួយទៀតក្នុងទិសដៅត្រឹមត្រូវនៅក្នុងជម្លោះនេះ ប៉ុន្តែបានអះអាងថា មានកិច្ចការនៅសេសសល់ច្រើនទៀតដែលត្រូវធ្វើ។ លោកបានថ្លែងថា “នេះជាដំណើរវិវឌ្ឍដ៏ល្អ…រវាងក្រុមហ៊ុន HAGL និងសហគមន៍ទាំងនេះ”។

លោកបានមានប្រសាសន៍បន្ថែមថា “បន្ទាប់ពីការស៊ើបអង្កេត ឬការវាយតម្លៃមក ក្រុមហ៊ុនបានយល់ព្រមប្រគល់ត្រឡប់មកវិញនូវភ្នំអារក្សនិងកន្លែងកប់សព ខណៈពេលរង់ចាំការពិភាក្សាបន្ថែមពីបញ្ហាដែលនៅសេសសល់”។

លោកបានថ្លែងថា “បញ្ហាដែលនៅសេសសល់គឺច្រើនណាស់។ មានការពិភាក្សាបន្តអំពីបញ្ហាដីធ្លី និងកង្វល់ផ្សេងៗទៀត”។

ក្នុងឆ្នាំ២០១៥ សហគមន៍ចំនួន១៤បានទទួលយកប្រាក់ចំនួន១.៧០០ដុល្លារក្នុងសហគមន៍នីមួយៗពីក្រុមហ៊ុន HAGL ទៅទិញក្របីមួយក្បាល ហើយធ្វើពិធីបួងសួងរម្ងាប់ចិត្តដល់ព្រលឹងដូនតាដែលត្រូវបានរំខានដោយចម្ការកៅស៊ូរបស់ក្រុមហ៊ុននេះ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស