29 C
Phnom Penh

គណបក្ស​​​ សម រង្ស៊ី ប្រឈម​​​នឹង​​​ការផ្លាស់​​​​​​ប្តូរ​​​ឈ្មោះ​​​ថ្មី​​​ ប៉ុន្តែ​​​មិន​​​ទាន់​​​ប្រាកដ​​​ថា​​​ត្រូវ​​​ដាក់​​​ឈ្មោះ​​​អ្វី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាប់ស្តីពីគណបក្សនយោបាយបានឆ្លងដំណើរការនីតិវិធីដោយមានការប្រើអំណាច ហើយទំនងជានឹងត្រូវចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់នៅក្នុងសប្តាហ៍នេះ ដោយធ្វើឲ្យគណបក្សប្រឆាំង សង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សអន្តរជាតិមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។

ក្នុងចំណោមការផ្លាស់ប្តូរដែលបង្ខំដោយច្បាប់នេះ គឺការប្តូរឈ្មោះថ្មី សម្រាប់ គណបក្ស សម រង្ស៊ី ដើម្បីអនុលោមតាមមាត្រាដែលរារាំងគណបក្សនយោបាយមិនឲ្យយកឈ្មោះរូបវន្តបុគ្គលមកដាក់។

វាជាបញ្ហាធ្លាប់ជួបពីមុនមកសម្រាប់លោក សម រង្ស៊ី ដែលត្រូវបានក្រសួងមហាផ្ទៃបង្ខំឲ្យប្តូរឈ្មោះគណបក្សថ្មី នៅក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីមានបុគ្គលដែលបែកចេញពីគណបក្សជាតិខ្មែររបស់លោកបានចុះបញ្ជីដោយប្រើឈ្មោះនេះ។

ដោយបដិសេធថា មិនមែនឲ្យតម្លៃជ្រុលលើខ្លួនឯងក្នុងការជ្រើសរើសឈ្មោះសម្រាប់គណបក្សរបស់ខ្លួននោះ លោកសម រង្ស៊ី បានសរសេរនៅក្នុងអីុម៉េលមួយថា “ដើម្បី បានចូលរួមនៅក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ១៩៩៨ និងដើម្បីធានាថា គ្មាននរណាម្នាក់អាចលួចឈ្មោះរបស់យើងម្តងទៀត យើងដាក់ឈ្មោះគណបក្សរបស់យើងតាមឈ្មោះរបស់ខ្ញុំតែម្តង”។

គណបក្សជាតិខ្មែរ ជាជម្រើសម្តងទៀតក្នុងចំណោមឈ្មោះដែលគណបក្ស សម រង្ស៊ី ត្រូវជ្រើសរើស នេះបើយោងតាមលោកទាវ វណ្ណុល ប្រធានស្តីទីគណបក្សនេះ។ ឈ្មោះដែលជាជម្រើសផ្សេងៗទៀតគឺ រស្មីប្រជាធិបតេយ្យ និងពន្លឺភ្លើងទៀន។ លោក ទាវ វណ្ណុល បានបន្ថែមថា លុះត្រាតែច្បាប់នេះចូលជាធរមានសិន ទើបគណបក្សរបស់លោកប្តូរឈ្មោះ។

ហើយមិនដូចបទប្បញ្ញត្តិផ្សេងៗទៀតនៃច្បាប់នេះ បទប្បញ្ញត្តិនេះទំនងជាមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើគណបក្សប្រឆាំង។ សមាជិកគណបក្ស សម រង្ស៊ី បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិនៅក្នុងឆ្នាំ២០១២ ដោយរួមកម្លាំងជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ហើយគណបក្សសម រង្ស៊ី នៅរក្សាឈ្មោះគឺគ្រាន់តែដើម្បីរក្សាអាសនៈសភាដែលបានមកពីការបោះឆ្នោតនៅក្នុងឆ្នាំនោះប៉ុណ្ណោះ។

cam-photo-inside-analysis1ប៉ុន្តែ ការផ្លាស់ប្តូរបង្ហាញពីសែស្រឡាយពីដូនតារបស់គណបក្សដាក់ឈ្មោះនៅកម្ពុជាដែលឆាកល្ខោននយោបាយដ៏រញ៉េរញ៉ៃរបស់ខ្លួន មានសារជាតិធ្វើឲ្យគេគោរពខ្លាំង យកតម្រាប់តាមគេ ហើយធ្វើជានិមិត្តរូបនៃឈ្មោះគណបក្សខ្លួន។

ក្រុមអ្នកជំនាញលើកឡើងថា ឈ្មោះគឺជាបញ្ហាសំខាន់។

លោក Bruce Hawker អ្នកជំនាញខាងយុត្តិសាស្ត្រជនជាតិអូស្ត្រាលី និងជាប្រធានអង្គការ Campaigns & Communications Group បានថ្លែងថា “ប្រសិនបើគណបក្សមួយមានឈ្មោះដែលមិនទទួលបានការឆ្លើយតបវិជ្ជមានភ្លាមៗ អ៊ីចឹងត្រូវចំណាយពេលវេលាលុយកាក់ និងការខិតខំខ្លាំងដើម្បីពន្យល់ឲ្យអ្នកបោះឆ្នោតយល់អំពីទស្សនទាននយោបាយរបស់ខ្លួន”។

លោក George Ajjan ប្រធានក្រុមហ៊ុន Ajjan Associates ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់នយោបាយអន្តរជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានលើកឡើងថា លោកបានជំរុញឲ្យអតិថិជនរបស់លោកសាកល្បងឈ្មោះថ្មី តាមរយៈការស្ទង់មតិសាធារណៈដើម្បីចៀសវាងផលវិបាកដែលមិនអាចព្យាករដឹងមុន ដោយលើកឡើងពីគណបក្សមួយដែលបង្កើតនៅក្នុងប្រទេសហ្គីណេ ក្នុងតំបន់អាហ្វ្រិកកណ្តាល គឺគណបក្សដែលមានឈ្មោះថា Guinee Pour Tous ឬ ហ្គីណេ សម្រាប់ទាំងអស់គ្នា។

លោកបានសរសេរនៅក្នុងអីុម៉េលមួយថា “វាជារឿងអកុសលសម្រាប់ពួកគេ ព្រោះបើប្រកបអក្សរដើមនៃពាក្យនីមួយៗរួមគ្នាជាភាសាបារាំង GPT គឺសំដៅដល់ខ្យល់ក្នុងពោះវៀន”។ លោកបានសរសេរថា “ហេតុដូច្នេះឈ្មោះគណបក្សគឺជាបញ្ហាសំខាន់ណាស់”។

ទាំងគណបក្សប្រជាធិបតេយ្យដែលជំរុញឲ្យមានប្រជាធិបតេយ្យសេរីពហុបក្ស និងគណបក្សសេរីនិយមដែលប្រកាន់ជំហរអភិ រក្សសុទ្ធតែគ្មានកត្តាទាំងនោះ ពេលគណបក្សទាំងពីរនេះត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៤០។

វាក៏ដូចគ្នាដែរសម្រាប់សម្តេចឪ នរោត្តម សីហនុ ដែលដាក់រាជ្យ និងឡើងជាប្រមុខរដ្ឋសម័យសង្គមរាស្ត្រនិយមនៅក្នុងឆ្នាំ១៩៥៥។

ឈ្មោះមានអត្ថន័យជាក់លាក់ណាស់ នេះបើយោងតាមការសរសេររបស់លោក Charles Meyer ដែលធ្លាប់ជាទីប្រឹក្សារបស់ព្រះអង្គ នៅក្នុងសៀវភៅប្រវត្តិសាស្ត្រឆ្នាំ១៩៧១ ដែលមានចំណងជើងថា “នៅពីក្រោយស្នាមញញឹមរបស់ខ្មែរ (Behind the Khmer Smile)” ។

ដោយមិនសំដៅដល់ប្រជាពលរដ្ឋទាំងអស់ “រាស្ត្រ” សំដៅដល់ប្រជាពលរដ្ឋដែលរស់នៅក្រោមរបបរាជានិយម នេះបើយោងតាមលោក Charles Meyer ។

លោកបានសរសេរថា “គោលដៅចម្បងរបស់ចលនានេះគឺដើម្បីបំបាត់គណបក្ស [ផ្សេងៗ]… ហើយប្រមូលយកសមាជិកគណបក្សទាំងនោះឲ្យមកស្ថិតនៅក្នុងស្ថាប័នធំមួយដែលភាពស្មោះស្ម័គ្រផ្ទាល់ចំពោះអតីតព្រះមហាក្សត្រអង្គនេះ អាចទុកជាមេរៀនមួយ”។

ស្របពេលដំណាលគ្នានេះនៅក្នុងទីក្រុងហាណូយ គណបក្សកុម្មុយនីស្តឥណ្ឌូចិនរបស់បុគ្គលបដិវត្តន៍ ហូ ជីមិុញ បានបែកចេញទៅជាគណបក្សប្រជាជនបដិវត្តន៍ខ្មែរ ព្រមទាំងគណបក្សប្រជាជនបដិវត្តន៍វៀតណាម សម្រាប់វៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់ប្រទេសឡាវផងដែរ។

គណបក្សកាន់អំណាចបច្ចុប្បន្នបានប្រារព្ធការបង្កើតក្នុងឆ្នាំ១៩៥១ជាខួបអនុស្សវរីយ៍ របស់ខ្លួន ប៉ុន្តែទើបតែក្រោយការឈ្លានពានរបស់វៀតណាមនៅក្នុងឆ្នាំ១៩៧៩ប៉ុណ្ណោះ ដែលអ្នកនយោបាយបក្សបច្ចុប្បន្នអះអាងថា ចេញពីគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលរៀនសូត្យតាមលទ្ធិម៉ាកលេនីន។ គណបក្សកាន់អំណាចមួយនេះប្រើឈ្មោះគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃរបស់ខ្លួននៅក្នុងឆ្នាំ១៩៩១ នៅពេលជិតជិតឈានចូលដល់អន្តរកាលនៃរបបមូលធននិយម និងប្រជាធិបតេយ្យ។

អ្នករិះគន់គណបក្សប្រជាជនកម្ពុជា មួយចំនួននាពេលបច្ចុប្បន្នយល់ថា ឈ្មោះរបស់គណបក្សនេះតំណាងឲ្យគោលនយោបាយចាស់គំរឹលដែលពួកគាត់មើលឃើញថាមានការគាបសង្កត់។

បុរសអ្នករត់រុឺម៉កកង់បីម្នាក់ឈ្មោះ សុង ឈិន អាយុ៦៥ឆ្នាំដែលបានឈប់រ៉ឺម៉កដើម្បីសម្រាកនៅតាមបណ្តោយតីរវិថីស៊ីសុវត្ថិនិយាយថា “តាមខ្ញុំដឹងពីមុនមក ឈ្មោះគណបក្សកាន់អំណាចដូចមកពីគណបក្សកុម្មុយនីស្តអញ្ចឹង។ មិនមែនជាប្រជាធិបតេយ្យ ហើយក៏មិនមែនសាធារណរដ្ឋដែរ។ បើ ‘ប្រជាធិបតេយ្យ’ គឺសេរីភាព។

ទោះជាយ៉ាងណា លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនបានឆ្លើយតបឡើយ នៅពេលគេសួរអំពីប្រវត្តិជាបក្សកុម្មុយនីស្តរបស់គណបក្សនេះ។

ការបោះឆ្នោតសកលក្នុងឆ្នាំ១៩៩៣ បាននាំគណបក្សជាច្រើនឲ្យចូលប្រកួតប្រជែងក្នុងរបត់នយោបាយនេះ ហើយមួយចំនួនធំក្នុងចំណោមគណបក្សទាំងនោះបានរលំរលាយបាត់ទាំងមុនការបោះឆ្នោតអាណត្តិបន្ទាប់មកដល់ទៅទៀត។

គណបក្សទាំងនោះបានជ្រើសរើសឈ្មោះរបស់ខ្លួនទៅតាមការអន្ទះសារបស់ប្រជាពលរដ្ឋដែលចង់បានលទ្ធិប្រជាធិបតេយ្យខ្លាំងក្នុងកាលនោះ។ គណបក្សទាំងនោះមានឈ្មោះដូចជា គណបក្សសាធារណរដ្ឋសេរី (Free Republican Party) គណបក្សសាធារណរដ្ឋអភិវឌ្ឍន៍សេរី (Free Development Republican Party) គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យខ្មែរ (Republican Democracy Khmer Party)។

លោកតា សឺន សាន ដែលជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនា និងជាមេដឹកនាំចលនាប្រឆាំងកុម្មុយនីស្តបានបង្កើតគណបក្សមួយមានឈ្មោះថា គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ចំណែកឯលោក សាក់ ស៊ុតសាខន ដែលជាគូប្រជែងរបស់លោក និងជាមេដឹកនាំចលនាតស៊ូមួយរូបដែរបានបង្កើតគណបក្សមួយមានឈ្មោះស្រដៀងគ្នាថា គណបក្សប្រជាធិបតេយ្យសេរីនិយម។

គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បានជួបជោគវាសនាស្រដៀងគ្នានឹងគណបក្ស សម រង្ស៊ី ដែរ ដោយជម្លោះផ្តាច់ខ្លួនដឹកនាំដោយគូប្រជែងម្នាក់បានធ្វើឲ្យលោកតា សឺន សាន ប្រគល់ឈ្មោះ និងរូបសញ្ញារបស់គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាទៅគេនៅក្នុងតុលាការ ហើយលោកតា សឺន សាន ក៏បានបង្កើតគណបក្សថ្មីដាក់ឈ្មោះថា គណបក្សលោកតា សឺន សាន។

គណបក្សរាជានិយមពីរ គឺគណបក្សហ៊្វុនសិុនបុិច និងគណបក្សម៉ូលីណាកា តាមពិតជាអក្សរកាត់នៃឈ្មោះជាភាសាបារាំង ប៉ុន្តែមានតែគណបក្សហ៊្វុនសិុនបុិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប៉ុណ្ណោះដែលអាចបង្កការគំរាមកំហែងពិតប្រាកដដល់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោតតាមរយៈការសន្យារបស់ខ្លួនថា “កម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការ”។

គណបក្សរាជានិយមក្រោយៗមួយចំនួនទៀតបានដាក់ឈ្មោះរបស់ខ្លួនតាមកេរដំណែលបន្សល់ពីសង្គមរាស្ត្រនិយមរបស់សម្តេចឪ ក្នុងនោះរួមមានទាំងគណបក្សរណសិរ្សសង្គមជាតិនិយមរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលមានរូបសញ្ញាបង្ហាញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងសម័យសម្តេច សីហនុ មុនពេលស្បថជាផ្លូវការដើម្បី “ការពារព្រះមហាក្សត្រ និងសម្តេចម៉ែជារៀងរហូត” កាលពីឆ្នាំ២០០៦ផងដែរ នេះបើយោងតាមលោកស្រី អាស្ទ្រីដ ណូរ៉េន នីលសុន។

នៅឆ្នាំ២០១៤ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏បានព្យាយាមធ្វើឲ្យជីវិតនយោបាយដែលស្លាប់ទៅហើយរបស់ទ្រង់រស់រានឡើងវិញដែរ តាមរយៈការបង្កើតគណបក្សសង្គមរាស្ត្ររាជធិបតេយ្យ មុនពេលចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិចម្តងទៀត។

ខណៈគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា តំណាងឲ្យអាណត្ដិដែលលោកកាន់តំណែងជានាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សដែលទទួលបានការគោរពស្រឡាញ់ លោក សម រង្ស៊ី មានប្រសាសន៍ថា ឈ្មោះរបស់គណបក្សសង្គ្រោះជាតិតំណាងឲ្យជោគវាសនារបស់ប្រទេសជាតិ។

លោក សម រង្ស៊ី លើកឡើងថា ពាក្យថាសង្គ្រោះសំដៅដល់ “បញ្ហាប្រឈមរបស់ប្រទេសជាតិដែលកំពុងតែរលំរលាយដោយសារការបន្តបំផ្លិចបំផ្លាញសម្បត្តិជាតិ និងការអនុវត្តទាំងងងឹតងងល់នៃគោលនយោបាលសេដ្ឋកិច្ច និងសង្គមមិនពាក់ព័ន្ធគ្នា ដែលមិនទុកអនាគតសម្រាប់ពលរដ្ឋរបស់ខ្លួន”។

លោកស្រី អាស្ទ្រីដ ណូរ៉េន នីលសុន បានសរសេរក្នុងសារអេឡិចត្រូនិកមួយថា គណបក្សសង្គ្រោះជាតិក៏បានបញ្ឆិតបញ្ឆៀងទៅរករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មុននឹងក្លាយជាគណបក្សប្រជាជនកម្ពុជា ដែលបានផ្តួលរំលំខ្មែរក្រហមផងដែរ។

លោកស្រីសរសេរថា “តាមរយៈការជ្រើសរើសឈ្មោះនេះ គណបក្សសង្គ្រោះជាតិអះអាងតបថាតំណាងឲ្យប្រជាពលរដ្ឋខ្មែរ ហើយវាមិនត្រឹមតែអំពីអ្នកដែលជួយសង្គ្រោះជាតិនោះទេ ប៉ុន្តែក៏អំពីអ្នកដែលប្រទេសជាតិត្រូវការឱ្យជួយសង្គ្រោះផងដែរ”។

វាជាសារមួយដែលស្របនឹងទស្សនៈរបស់លោក សុង ឈិន អ្នករត់រ៉ឺម៉កម៉ូតូកង់បីដែលលើកឡើងថា ប្រទេស “ត្រូវការការសង្គ្រោះ”។ គាត់និយាយថា “យើងឃើញទេ ឥឡូវព្រៃឈើអស់រលីងហើយ។ យើងឃើញពីការរំលោភសិទ្ធិមនុស្ស។ ប្រជាជនចង់ផ្លាស់ប្តូរ”។

នៅក្បែរនោះ លោក លឹម វាសនា អាយុ៣៦ឆ្នាំដែលជាអាជីវករលក់ដូរ និងជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី យូរមកហើយនិយាយថា គាត់យល់ថា ច្បាប់ថ្មី និងការប្តូរឈ្មោះនឹងមិនប៉ះពាល់ដល់ការគាំទ្រខ្លាំងរបស់គណបក្សប្រឆាំងនោះទេ។

ប៉ុន្តែប្រសិនបើគាត់ត្រូវជ្រើសរើសឈ្មោះថ្មី គាត់ចង់បានឈ្មោះ ពន្លឺភ្លើងទៀន។ គាត់និយាយទៀតថា “អាពន្លឺហ្នឹងអាចជួយប្រជាជនឲ្យយល់ពីស្ថានភាព។ ប្រជាជនចង់ភ្លឺ តែឥឡូវដូចនៅក្នុងងងឹតអញ្ចឹង”។

ចំណែកឯលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធមិនជ្រើសរើសឈ្មោះសម្រាប់គណបក្ស សម រង្ស៊ី ទេ។ លោកបានសរសេរតាមសារអេឡិចត្រូនិកមួយថា អ្វីដែលសំខាន់ “គឺត្រូវបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ”៕ ស៊ុយឈាង និង សុខុម (រាយការណ៍បន្ថែមដោយ Michelle Vachon)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស