31 C
Phnom Penh

រដ្ឋាភិបាល​នឹងស៊ើប​ពត៌​មានចុះផ្សាយ​​​​​ដោយ​​ CNN ​ពាក់ព័ន្ធ​ពេស្យាចារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ ក្រសួងមហាផ្ទៃបានលើកឡើងថា ខ្លួននឹងសើុបអង្កេតលើព័ត៌មានចុះផ្សាយមួយស្តីអំពីពេស្យាចារកុមារនៅក្នុងរាជធានីភ្នំពេញដែលលេចឡើងសាជាថ្មីនៅលើបណ្តាញសារព័តមាន CNN ក្នុងសប្តាហ៍នេះ មួយថ្ងៃបន្ទាប់ពីសហភាពសហព័ន្ធអ្នកសារព័ត៌មានដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានរិះគន់បណ្តាញសារព័ត៌មានសហរដ្ឋអាមេរិកមួយនេះចំពោះការផ្សាយម្តងហើយម្តងទៀតនូវ”ព័ត៌មានមិនពិត”ដែលអាចជះឥទ្ធិពលអវិជ្ជមានលើកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

ការសើុបអង្កេតរបស់ក្រសួងនេះនឹងផ្តោតលើអង្គការសាសនាគ្រិស្ត Agape InternationalMissions (AIM) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្សដែលផ្តល់ព័ត៌មានសម្រាប់ CNN ធ្វើការចុះផ្សាយ នេះបើយោងតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

លោកស្រីបានមានប្រសាសន៍ថា “យើងគ្រាន់តែចង់ឲ្យពួកគេធ្វើការបញ្ជាក់ប៉ុណ្ណោះព្រោះអ្វីដែល CNN បានផ្សាយ វាកើតឡើងរួចទៅហើយនៅក្នុងឆ្នាំ២០០៧។ ពួកគេផ្សាយវាជារៀងរាល់ឆ្នាំ”។

លោកស្រីបានមានប្រសាសន៍បន្ថែមថា “យើងនឹងប្រមូលព័ត៌មានទាំងអស់ ហើយផ្ញើត្រឡប់ទៅឲ្យ CNN ព្រោះអ្វីដែលពួកគេបានធ្វើ វាបំភ្លៃការពិត ហើយវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស[កម្ពុជា]”។ លោកស្រីបានបន្ថែមទៀតថា “វាមិនមែនជារឿងតូចតាចទេ”។

CNN-Photoបណ្តាញសារព័ត៌មាន CNN បានផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធតំបន់ស្វាយប៉ាក ជាសង្កាត់មួយក្នុងខណ្ឌឫស្សីកែវ ដែលល្បីខាងពេស្យាចារកុមាររហូតដល់មានការបង្ក្រាបនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០។

នៅក្នុងវីដេអូឯកសារឆ្នាំ២០១៣របស់ CNN ដែលមានចំណងជើងថា “រាល់ថ្ងៃនៅកម្ពុជា (Every Day In Cambodia) តួសំដែងស្រី ម្នាក់ឈ្មោះ Mirra Sorvino បានអមដំណើរលោក Don Brewster ស្ថាបនិកអង្គការ AIM ចុះទៅកាន់តំបន់ស្វាយប៉ាកដើម្បីជួបជាមួយក្មេងស្រីៗដែលត្រូវបានលក់ឲ្យបម្រើផ្លូវភេទ ជួនកាលត្រូវបានលក់ដោយឪពុកម្តាយរបស់ពួកគេតែម្តង។បន្ទាប់មក វីដេអូឯកសារនេះ ត្រូវបានផ្សាយប៉ុន្មានលើកនៅក្នុងឆ្នាំ២០១៥បន្ទាប់ពីទទួលបានពានរង្វាន់។

នៅថ្ងៃទី២៤ ខែកក្កដា បណ្តាញសារព័ត៌មាន CNN បានផ្សាយព័ត៌មានមួយ ដែលមានចំណងជើងថា”ជីវិតបន្ទាប់ពីការជួញដូរ៖ ក្មេងស្រីកម្ពុជាត្រូវបានលក់ឲ្យបម្រើផ្លូវភេទដោយម្តាយរបស់ពួកគេ” ដែលអ្នកយកព័ត៌មានម្នាក់បានត្រឡប់ទៅសម្ភាសស្ត្រីដែលមានមុខនៅក្នុងវីដេអូឯកសារឆ្នាំ២០១៣។ ទោះបីជាព័ត៌មានចុះផ្សាយមួយនេះនិយាយអំពីវឌ្ឍនភាពរបស់ស្ត្រីទាំងនោះក្តី តែវាបានចាប់ផ្តើមដោយរំឭកឡើងវិញអំពីសកម្មភាពដែលក្មេងស្រីទាំងនោះរងការរំលោភបំពានកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ។

មានប្រតិកម្មតប លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា   ដែលក៏ជាសមាជិកគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែរនោះបានរិះគន់ចំពោះអ្វីដែលសហភាពនេះចាត់ទុកថា “ព័ត៌មានមិនពិត” ដែលផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មាន CNN ។

លោក ហ៊ុយ វណ្ណៈ បានសរសេរនៅ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំឃើញ CNN ផ្សាយវីដេអូឯកសារខ្លីជាច្រើនសា ហើយចំណងជើងត្រូវបានប្តូរ”។ លោកបានបន្តថា”ខ្ញុំកត់សម្គាល់ឃើញថា មានកំហុសឆ្គង…នៅក្នុងការបកស្រាយដែលប្រហែលជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅទូទាំងពិភពលោក”។

ពេលទាក់ទងកាលពីម្សិលមិញ លោក ហ៊ុយ វណ្ណៈ ដែលជាប្រធានផ្នែកព័ត៌មាននៅស្ថានីយទូរទស្សន៍ CTN និង CNC មិនយល់ស្របទេចំពោះចំណងជើងនៃព័ត៌មានចុះផ្សាយនេះដែលអះអាងថា ក្មេងស្រីទាំងនោះជាជនជាតិខ្មែរ និងការបង្ហាញឈុតសំខាន់ៗ ដែលចាត់ទុកតំបន់ស្វាយប៉ាកថា ជា”កន្លែងដែលមានសកម្មភាព” ជួញដូរកុមារដ៏រំាុរ៉ៃ។ស្ត្រីនៅក្នុងវីដេអូអមនិយាយទាំងខ្មែរ និងវៀតណាម។

លោក ហ៊ុយ វណ្ណៈ បានថ្លែងថា “ពួកគេមិនអាចបញ្ចេញទស្សនៈជារួមថា ម្តាយកម្ពុជានៅតែលក់កូនស្រីរបស់ខ្លួនឲ្យបម្រើផ្លូវភេទបាននោះឡើយ វាមិនត្រឹមត្រូវទេ”។

កាលពីថ្ងៃទី២៥ខែកក្កដា បណ្តាញព័ត៌មាន CNN បានដកពាក្យ “Cambodian” ចេញពីចំណងជើងនោះ។

ប៉ុន្តែទាំងព័ត៌មានចុះផ្សាយនេះ និងវីដេអូសុទ្ធតែចាត់ទុកតំបន់ស្វាយប៉ាកថា ជាអតីតកន្លែងដែលពោរពេញទៅដោយការជួញដូរកុមារ។ព័ត៌មានចុះផ្សាយនេះក៏បានគូសបញ្ជាក់ផងដែរថា បញ្ហានេះបានស្ងប់ហើយ ហើយថា អ្នករស់នៅក្នុងសហគមន៍នោះគឺសុទ្ធតែជនអន្តោប្រវេសន៍វៀតណាមដែលគ្មានឯកសារត្រឹមត្រូវ។

លោក Don Brewster និងប្រធានផ្នែកសើុបអង្កេតរបស់លោក ឈ្មោះ Eric Meldrum មិនអាចទាក់ទងបានទេ។ លោក Eric Meldrumមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺតាមអីុម៉េលឡើយ។

បណ្តាញសារព័ត៌មាន CNN ក៏មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយដែរ ប៉ុន្តែ លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា បណ្តាញសារព័ត៌មានមួយនេះបានទទួលលិខិតពីសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារួចហើយ ហើយបានឆ្លើយតបថា ខ្លួននឹងពិភាក្សាអំពីកង្វល់នេះ។

ទាំងអ្នកស្រី ជូ ប៊ុនអេង និង លោក ប៉ុល  ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៅក្រសួងមហាផ្ទៃ សុទ្ធតែមិនបានទាក់ទងបានកាលពីម្សិលមិញ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស