37 C
Phnom Penh

ប្រមុខ​រដ្ឋ​ស្ដីទី​​ចុះ​ហត្ថលេខា​លើ​​ច្បាប់​​ស្ដីពី​បក្ស​​នយោ​បាយ​ចម្រូង​​​​ចម្រាស​ជំនួស​ព្រះ​មហា​​​ក្សត្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស សម រង្ស៊ី និងក្លាយជាគណបក្ស ”ភ្លើងទៀន”

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាបានចុះហត្ថលេខាលើវិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាប់ស្ដីពីគណបក្សនយោបាយហើយកាលពីថ្ងៃសុក្រ រារាំងបានសម្រេចមិនឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ គាំទ្រអតីតគណបក្សរបស់លោកពីបរទេស។

គណបក្សប្រឆាំងបានត្រៀមខ្លួនហើយសម្រាប់ផលប៉ះពាល់ពីច្បាប់នេះ ដោយពេលនេះគណបក្ស សម រង្ស៊ី បានដាក់ឈ្មោះថ្មីថា “គណបក្សភ្លើងទៀន” ចំណែកឯគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បញ្ជាក់ថា ខ្លួននឹងនៅបន្តជារចនាសម្ព័ន្ធគ្រប់គ្រងក្នុងករណីគណបក្សសង្គ្រោះជាតិដែលគណបក្សទាំងពីរបានបង្កើតឡើងក្នុងឆ្នាំ២០១២ ត្រូវបានរម្លាយចោលនៅមុនការបោះឆ្នោតជាតិនាឆ្នាំក្រោយ។

លោក មឹន ស៊ាន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍ថា លោក សាយ ឈុំ បានចុះហត្ថលេខាលើច្បាប់នេះឱ្យចូលជាធរមានក្នុងឋានៈលោកជាប្រមុខរដ្ឋស្ដីទី ខណៈព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងចាកចេញពីប្រទេសកម្ពុជាកាលពីសប្ដាហ៍មុន ដើម្បីពិនិត្យព្យាបាលព្រះសុខភាពនៅក្រុងប៉េកាំង។ អ្នកនាំពាក្យរូបនេះថ្លែងថា “ច្បាប់ជាការប្រញាប់ អនុវត្តច្បាប់នេះពីថ្ងៃចុះហត្ថលេខាតទៅ”។

ព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រមិនបានរារាំងព្រះអង្គពីការឡាយព្រះហស្តលេខាកាលពីថ្ងៃសៅរ៍ លើព្រះរាជក្រឹត្យដាច់ដោយឡែក ព្រះរាជទានគោរមងារថ្មីដល់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិឡើយ។ តាមរយៈសារលិខិតមួយច្បាប់ គណបក្សប្រឆាំងបានជំរុញឱ្យព្រះមហាក្សត្រកុំឡាយព្រះហស្តលេខាលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលព្រះអង្គយាងចាកចេញពីប្រទេសកម្ពុជា ហើយការយាងចាកចេញរបស់ទ្រង់បង្ហាញពីវិសោធនកម្មទី២លើច្បាប់នេះក្នុងឆ្នាំនេះដែលទ្រង់បានប្រគល់ឱ្យលោក សាយ ឈុំ ចុះហត្ថលេខា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ព្រះមហាក្សត្របានផ្ទេរសិទ្ធិអំណាចឱ្យប្រមុខរដ្ឋមួយរឿងម្ដងៗ ហើយថា លោកមិនដឹងថាហេតុអ្វីបានជាព្រះមហាក្សត្រឡាយព្រះហត្តលេខាលើព្រះរាជក្រឹត្យប្រទានគោរមងារជាសម្ដេច [ដល់លោក ទៀ បាញ់] ប៉ុន្តែមិនឡាយព្រះហស្តលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនោះទេ។ លោកបានលើកឡើងថា “សួរព្រះករុណាបានដឹង”។

គណបក្សនយោបាយនានានឹងមានពេល៩០ថ្ងៃ ដើម្បីអនុវត្តតាមវិសោធនកម្មនៃច្បាប់ស្ដីពីគណបក្សនយោបាយដែលផ្ដល់សិទ្ធិអំណាចឲ្យតុលាការរម្លាយគណបក្សណាដែលសមគំនិតជាមួយទណ្ឌិត ឬបង្ហាញរូបទណ្ឌិតនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួន។ វិសោធនកម្មនេះក៏រារាំងគណបក្សនយោបាយមិនឱ្យបង្ហាញឈ្មោះ ឬរូបបុគ្គលនៅលើស្លាកសញ្ញាគណបក្សរបស់ខ្លួនដែរ។

នៅពេលស្នើវិសោធនកម្មនេះកាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយថា វិសោធនកម្មនេះមានបំណងតម្រង់គោលដៅទៅរកលោក សម រង្ស៊ី ដែលប្រឈមបទចោទប្រកាន់ជាច្រើន ដែលបណ្ដាអ្នកសង្កេតការណ៍និយាយថាជារឿងនយោបាយ។

តាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន១៩ រួមទាំងអង្គការសិទ្ធិមនុស្សអាដហុក និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ផង បានរិះគន់ច្បាប់នេះថាផ្ទុយពីរដ្ឋធម្មនុញ្ញ ដោយលើកឡើងដូច្នេះថា “សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មនេះអាចនឹងធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងរំលោភបំពានបទប្បញ្ញត្តិជាច្រើននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបំពានកាតព្វកិច្ចរបស់កម្ពុជា  ក្នុងការគោរពសិទ្ធិមនុស្សជាអន្តរជាតិ”។

គណបក្សសង្គ្រោះជាតិកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្ដូរស្លាកសញ្ញាដែលមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធានគណបក្សនេះ។

ក្នុងពេលជាមួយគ្នានេះ លោក ទាវ វណ្ណុល ប្រធានស្ដីទីនៃគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនេះបានជ្រើសរើសឈ្មោះថ្មីរបស់ខ្លួនហើយ ពីព្រោះស្លាកសញ្ញាគណបក្ស សម រង្ស៊ី មានរូបទៀនរួចហើយដែល “ធ្វើឱ្យប្រជាពលរដ្ឋងាយយល់ ហើយងាយចាំ”។

ទោះបីជាគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានច្របាច់បញ្ចូលគ្នាកាលពី៥ឆ្នាំមុនក្ដី ក៏រចនាសម្ព័ន្ធរបស់គណបក្សត្រូវបានរក្សាទុកឲ្យនៅដដែល ដើម្បីរក្សាអាសនៈព្រឹទ្ធសភារបស់គណបក្សចាស់។

យោងតាមលោក ទាវ វណ្ណុល បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាបច្ចុប្បន្នរបស់គណបក្ស សម រង្ស៊ី នឹងឈរឈ្មោះជាបេក្ខភាពរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតព្រឹទ្ធសភានៅខែមករា ប៉ុន្តែគណបក្ស សម រង្ស៊ី នឹងបន្តនៅដដែលជាផែនការបម្រុងទុក ក្នុងករណីគណបក្សសង្គ្រោះជាតិមាន “បញ្ហា”។

លោកមានប្រសាសន៍ថា “យើងអាចថាបម្រុងក៏អាចថាបាន តែសំខាន់ឆន្ទៈរបស់គណៈអចិន្ត្រៃយ៍ គឺយើងចង់រក្សាទុកប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា ថាមានគណបក្សប្រជាធិបតេយ្យដែលបានងើបឡើងដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតអគ្គលេខាធិការនៃគណបក្សសិទ្ធិមនុស្ស និងបច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្សដែលពេលនេះដឹកនាំដោយលោក សឺន ស៊ូបែរ្តិ៍ ក៏នឹងបន្តនៅដដែល ទោះបីជាមន្ត្រីជាប់ឆ្នោតចុងក្រោយរបស់ខ្លួនបោះបង់អាសនៈរបស់ខ្លួន ឬបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីខែមុនក្តី។

លោកបានលើកឡើងបន្ទរតាមការអត្ថាធិប្បាយរបស់លោក ទាវ វណ្ណុល ថា “វាគ្រាន់តែជាយុទ្ធសាស្ត្រ”។

ចំណែកឯលោក សម រង្ស៊ី មានប្រសាសន៍ថា លោកនឹងបន្តល្បងដែនកំណត់នៃច្បាប់នេះតាមរយៈការបង្ហោះរូបដែលលោកថតជាមួយថ្នាក់ដឹកនាំណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្ដេចឪ នរោត្តម សីហនុ និងព្រះសង្ឃផងដែរ។

លោកបានសរសេរតាមរយៈសារអេឡិចត្រូនិកមួយថា ”តើតុលាការដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាកំណត់វាត្រឹមណា? រូបថតខ្ញុំថតជាមួយលោក កឹម សុខា ដែលត្រូវបានបង្ហាញយ៉ាងទូលំទូលាយ និងដែលត្រូវបានដកចេញពីទីសាធារណៈដោយសារវាត្រូវបានហាមឃាត់យ៉ាងច្បាស់នោះ ថតតាំងពីមុនច្បាប់នេះចូលធរមានម្លេ៉ះ។ ដូច្នេះ រូបថតខ្ញុំសូម្បីតាំងពីច្រើនឆ្នាំមុនក៏អាចត្រូវបានហាមឃាត់ដែរ”៕ សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស