30 C
Phnom Penh

នគរ​​​បាលថាមានក្រុមមួួយ​​​ស្ថិត​​​នៅ​​​ពីក្រោយ​​​ពាក្យ​​​ចចាមអារ៉ាម​​​ខ្វេះ​​​យក​​​ក្រលៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្យាយាមរម្ងាប់កំហឹងផ្ទុះឡើងតាមហ្វេសប៊ុកដែលជំរុញឲ្យមហាជនប្រើហិង្សាលើជនសង្ស័យ និងអាជ្ញាធរ នគរបាលជាតិបានលើកឡើងកាលពីម្សិលមិញថា ក្រុមមួយដែលគេមិនបញ្ជាក់អត្តសញ្ញាណ គឺជាមេខ្លោងបំផុសបំផុលពាក្យចចាមអារ៉ាមមិនពិតថាមានគេដើរចាប់ក្មេងៗខ្វេះយកក្រលៀន។

ជំទាស់នឹងសេចក្តីរាយការណ៍ព័ត៌មានមិនពិតជាច្រើនដែលថាមានការចាប់ក្មេងៗទូទាំងប្រទេសនោះ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានធានាអះអាងចំពោះមុខអ្នកយកព័ត៌មានជាច្រើនលើកច្រើនសាកាលពីម្សិលមិញថា គ្មានភ័ស្តុតាងបញ្ជាក់ពីការចាប់ក្មេងៗឬការវះពោះយកគ្រឿងក្នុងដ៏រាលដាលនោះទេ។ 

លោក គៀត ច័ន្ទថារីទ្ទ អ្នកនាំពាក្យនគរបាលជាតិនិយាយទៅកាន់អ្នកយកព័ត៌មាននៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក គៀត ច័ន្ទថារីទ្ទ អ្នកនាំពាក្យនគរបាលជាតិនិយាយទៅកាន់អ្នកយកព័ត៌មាននៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនសាធារណជនទាំងអស់នៅទូទាំងប្រទេសឲ្យបានជ្រាបថា … ព័ត៌មាននេះគឺជាព័ត៌មានមិនពិតទេ”។

លោកបានលើកឡើងទៀតថា មានសេចក្តីរាយការណ៍អំពីការចាប់ក្មេងៗចំនួន១៥ករណីនៅទូទាំងខេត្តចំនួន១០ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ។ ប៉ុន្តែការសើុបអង្កេតរកឃើញថា មានករណីចាប់ក្មេងពិតប្រាកដតែ១ករណីប៉ុណ្ណោះ គឺហេតុការណ៍កើតឡើងនៅក្នុងខេត្តកំពង់ស្ពឺដែលប្រព្រឹត្តដោយម្តាយមីងម្នាក់ដែលមានបំណងជំរិតទារប្រាក់ពីម្តាយជនរងគ្រោះ នេះបើយោងតាម លោក គៀត ច័ន្ទថារិទ្ធ ដែលបានប្រាប់យកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីម្សិលមិញ។

អ្នកនាំពាក្យរូបនេះ បានថ្លែងថា “១៤រឿង ទៀតនោះ គឺសុទ្ធតែរឿងដែលថា ជះឥទ្ធិពលចិត្តសាស្ត្រពីការបំពុលបរិយាកាសនោះទាំងអស់”។ លោកបានលើកឡើងពីឧទាហរណ៍ ដែលឪពុកម្តាយរាយការណ៍ថា កូនៗរបស់ខ្លួនត្រូវគេចាប់ បន្ទាប់ពីពួកគេដើរនៅក្នុងផ្សារ ចូលរួមនៅក្នុងព្រះវិហារគ្រិស្តសាសនាចេញពីរៀនមកផ្ទះវិញយឺត ឬក៏រត់ទៅជាមួយគូស្នហ៍។

លោកក៏បានចេញការព្រមានដល់អ្នកលេងហ្វេសប៊ុកផងដែរដោយលើកឡើងថា “ការនិយាយបំផ្លើស ការផ្សាយព័ត៌មានមិនពិត ការបញ្ជូនដំណឹងមិនពិត មានទោស”។

កាលពីយប់មិញ នគរបាលខេត្តតាកែវបានសាកសួរជនសង្ស័យម្នាក់ឈ្មោះ លី ឆាយយ៉ា ដែលកាលពីថ្ងៃអាទិត្យបានបង្ហោះវីដេអូមួយនៅលើហ្វេសប៊ុកស្តីអំពីក្មេងស្រីម្នាក់ត្រូវបានបុរសជនជាតិវៀតណាមពីរនាក់កំពុងដេញតាម ជាព័ត៌មានដែលក្មេងស្រីរូបនេះ និងគ្រួសាររបស់នាងបានបដិសេធ នេះបើយោងតាមលោក មឿង សារុន អធិការនគរបាលស្រុកសំរោង។

ព៏ត៌មានមិនពិតស្រដៀងគ្នាបានធ្វើឲ្យកើតមានក្តីព្រួយបារម្ភទូទាំងប្រទេស និងបានញុះញង់បញ្ឆេះកំហឹង ក្នុងចំណោមមហាជនដែលព្រួតគ្នាវាយដំលើជនសង្ស័យ។

បុរសពីរនាក់ត្រូវបានវាយដំរហូតដល់សន្លប់កាលពីថ្ងៃសៅរ៍ នៅក្នុងខេត្តកំពង់ធំបន្ទាប់ពីមានមនុស្សជាង១.០០០នាក់មកឡោមព័ទ្ធចោទប្រកាន់ពួកគេថា បានចាប់ក្មេងៗដើម្បីវះពោះយកគ្រឿងក្នុង ទោះបីជាមាននគរបាល និងកងរាជអាវុធហត្ថជាង១០០នាក់ការពារជនសង្ស័យក៏ដោយ។ លោក សួង ថេន អធិការនគរបាលស្រុកបារាយណ៍ បានលើកឡើងថា បុរសម្នាក់ក្នុងចំណោមបុរសទាំងពីរនាក់នេះគឺជាជនដែលអាជ្ញាធរតាមចាប់ខ្លួនពីបទចោរកម្មមិនមែនបទចាប់ក្មេងៗទេ ហើយករណីនេះបានឈានទៅដល់ការចាប់ខ្លួន មនុស្សម្នាក់ឈ្មោះ ណៃ ស៊ីណេង សកម្មជនគណបក្សសង្គ្រោះជាតិដែលអាជ្ញាធរលើកឡើងថា បានបង្ហោះព័ត៌មានមិនពិតអំពីជនសង្ស័យជនជាតិវៀតណាមដើរចាប់ក្មេងៗវះពោះយកគ្រឿងក្នុងនៅលើហ្វេសប៊ុក។

ពាក្យចចាមអារ៉ាមដែលថា មានគេដើរចាប់ក្មេងវះពោះយកគ្រឿងក្នុង ដែលទីបំផុតត្រូវបាននគរបាលបញ្ជាក់ថាមិនពិតនោះ ក៏ធ្វើឲ្យមានការល្បីសុសសាយនៅក្នុងខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តប៉ៃលិនផងដែរកាលពីចុងសប្តាហ៍។

ប្រភពដើមដែលធ្វើឲ្យកើតមានពាក្យចចាមអារ៉ាមទូទាំងប្រទេសថា មានការដើរចាប់ក្មេងៗនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ និងបានធ្វើឲ្យមានភាពស្មុគស្មាញក្នុងចំណោមអធិការនគរបាលខេត្ត និងថ្នាក់មូលដ្ឋានដែលតែងតែព្យាយាមឃាត់កុំឲ្យមហាជនដែលពោរពេញទៅដោយកំហឹងប្រើហិង្សា។

លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងទៀតថា នគរបាលសង្ស័យលើក្រុមតែមួួយគត់ប៉ុណ្ណោះ ដែលជាមេខ្លោងបំផុសបំផុលព័ត៌មានមិនពិត។

លោកបានមានប្រសាសន៍ថា “ការសន្និដ្ឋានរបស់យើងគឺថា អាចមានក្រុមមួួយមានចេតនាធ្វើរឿងនេះដើម្បីកេងចំណេញស្អីមួយ ប៉ុន្តែ យើងមិនដឹងទេ”។ លោកបានបន្ថែមថា នគរបាល “យើងមានតម្រុយខ្លះៗ” ដែលគាំទ្រដល់ការសន្និដ្ឋាន ប៉ុន្តែនៅមិនទាន់ចែករំលែកឲ្យដឹងអំពីមូលហេតុនៅឡើយទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគ្មានការស្ទាក់ស្ទើរទេក្នុងការសន្និដ្ឋានអំពីមូលហេតុដោយផ្តោតគោលដៅលើគូប្រជែងគណបក្សកាន់អំណាច។

នៅក្នុងការបង្ហោះមួយលើទំព័ររបស់សហព័ន្ធយុវជនដែលគាំទ្រគណបក្សប្រជាជន លោក សុខ ឥសាន បានមានប្រសាសន៍ថា “វាអាចជាចេតនារបស់ក្រុមជនមួយក្រុមណាចង់បង្កភាពវឹកវរដល់សង្គម និងប្រជាជនឲ្យជ្រួលច្របល់ អស្ថិរភាព អាលគេយកលេសដាក់កំហុសលើរាជរដ្ឋាភិបាលថា អសមត្ថ ភាពគ្រប់គ្រងសង្គមដែលចង់ឲ្យមានឥទ្ធិពលដល់បរិយាកាសនយោបាយ ដើម្បីគេមានលេសបន្ទាបបន្ថោកការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា”៕ ស៊ុយឈាង        

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស