ក្រសួងមហាផ្ទៃគ្រោងឃ្លាំមើលទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង រកមើលការរំលោភបំពានវិសោធនកម្មទើបអនុម័តថ្មីៗ នៃច្បាប់ស្តីពីគណបក្សនយោបាយដែលក៏នឹងបង្ខំឲ្យគណបក្សសង្គ្រោះជាតិចំណាយខ្ទង់កន្លះលានដុល្លារដើម្បីលុបរូបលោកចេញពីស្លាកសញ្ញារបស់ខ្លួន។
ទន្ទឹមនេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលបានចុះហត្ថលេខាលើច្បាប់នេះដែលរារាំងទណ្ឌិតមិនឲ្យឃុបឃិតជាមួយគណបក្សនយោបាយ ឬបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សទាំងនោះ បានថ្កោលទោសបុគ្គលដ៏សំខាន់ម្នាក់ដែលរិះគន់ច្បាប់ថ្មីនេះ ដោយចាត់ទុកការអត្ថាធិប្បាយរបស់គាត់ថាជាការ “រំលោភ” កិច្ចការរបស់ប្រទេសកម្ពុជា។
ចំណែកឯលោក សម រង្ស៊ី បានបន្តបង្ហោះតាមហ្វេសប៊ុកនូវព័ត៌មានសង្ខេបប្រចាំថ្ងៃផលិតនៅក្នុងប្រទេសកម្ពុជា ដែលលោកចំណាយប្រាក់ផ្ទាល់ខ្លួន អមដោយវីដេអូមួយដែលអះអាងថា “សឺង ង៉ុកមិញ បិតាស្ថាបនិកគណបក្សប្រជាជនកម្ពុជា គឺជាជនក្បត់ជាតិ”។
លោក ឈឹម កាន ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងឃ្លាំមើលទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី រកមើលសារដែលបានបំពានច្បាប់ថ្មីនេះ ប៉ុន្តែពេលនេះលោកមិនទាន់អាចនិយាយបានទេថា តើសារទាំងនោះបានរំលោភច្បាប់នេះឬក៏អត់។
កាលពីយប់មិញ លោក សម រង្ស៊ី បានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា លោកនឹងមិនគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោកដែលគ្រប់គ្រងដោយបុគ្គលិកខ្មែរពីរាជធានីភ្នំពេញទេ។
លោកបានសរសេរដូច្នេះថា “រាល់គំនិតយោបល់ និងសំណើដែលចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្ញុំនឹងមានសម្រាប់អ្នកទាំងអស់គ្នា ដែលផ្សាយអំពីគណបក្សនយោបាយទាំងអស់ដោយគ្មានការលើកលែងដោយហេតុថាដើម្បីបម្រើផលប្រយោជន៍ជាតិ”។
លោកបានបន្ថែមថា ឋានៈថ្មីរបស់លោកនឹងមិនអាចរារាំងលោក “ពីការទម្លាយការពិត” បានឡើយ។
លោក សម រង្ស៊ី ដែលរស់នៅដោយនិរទេសខ្លួនក្នុងប្រទេសបារាំង ស្របពេលលោកកំពុងប្រឈមបទចោទប្រកាន់តាមផ្លូវច្បាប់ជាច្រើនដែលមជ្ឈដ្ឋានទូទៅចាត់ទុកជារឿងនយោបាយនោះ បានព្យាយាមល្បងដែនកំណត់ច្បាប់នេះតាមរយៈការបង្ហោះសារថ្មីៗដែលបង្ហាញពីរូបលោកនៅអែបលោក ហ៊ុន សែន និងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ក្នុងចំណោមអ្នកផ្សេងទៀត។
សារបង្ហោះបង្កហេតុស្ដីពីលោក សឺង ង៉ុកមិញ ដែលបានទទួលមរណភាពនៅក្រុងប៉េកាំងក្នុងឆ្នាំ១៩៧២និយាយថា អតីតប្រធានស្ដីទីនៃចលនាដែលក្រោយមកក្លាយ ជាគណបក្សប្រជាជនកម្ពុជា គឺជាអាយ៉ងរបស់វៀតណាម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍កាលពីម្សិលមិញថា វាគ្មានបញ្ហាអ្វីនោះទេ ពីព្រោះច្បាប់នេះរារាំងគណបក្សនយោបាយមិនឱ្យ “ព្រមព្រៀង ឬសមគំនិតដោយបើកចំហ ឬជាយុត្តិសាស្ត្រ” ជាមួយទណ្ឌិតដើម្បីផលប្រយោជន៍នយោបាយរបស់គណបក្សឡើយ ហើយលោក សម រង្ស៊ី គ្មានប្រយោជន៍អ្វីដល់គណបក្សប្រជាជនទេ។
លោកបានលើកឡើងទៀតថា “ពីព្រោះគាត់ភ្លើ គាត់មិនយល់ពីខ្លឹមសារច្បាប់”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយថា វិសោធនកម្មនេះតម្រង់គោលដៅទៅរកលោក សម រង្ស៊ី នៅពេលលោកស្នើច្បាប់នេះកាលពីខែមិថុនា ចំណែកឯលោក សុខ ឥសាន ធ្លាប់បានលើកឡើងថា ច្បាប់នេះមានបំណង “សម្លាប់អាជីពនយោបាយ សម រង្ស៊ី”។
រហូតមកទល់ពេលនេះ ផលប៉ះពាល់ធំបំផុតនៃច្បាប់នេះគឺពាក់ព័ន្ធស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ ដែលភាគច្រើននៃស្លាកសញ្ញាទាំងនោះមានរូបលោក កឹម សុខា ប្រធានគណបក្ស និងលោក សម រង្ស៊ី កាន់ដៃគ្នាលើកឡើងលើ។ ពេលនេះគណបក្សសង្គ្រោះជាតិកំពុងប្រឈមកិច្ចការដ៏ធំ នោះគឺលុបរូបលោក សម រង្ស៊ី ចេញពីស្លាកសញ្ញាទាំងអស់របស់ខ្លួន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា កិច្ចការដែលកំពុងសម្របសម្រួលជាមួយគណបក្សថ្នាក់ខេត្តនេះនឹងត្រូវចំណាយចន្លោះពី៣០ម៉ឺនដុល្លារទៅ៥០ម៉ឺនដុល្លារ។
ដោយត្រូវផ្លាស់ប្ដូរស្លាកសញ្ញាទាំងអស់នៅទូទាំងប្រទេសត្រឹមដំណាច់ខែកញ្ញា អ្នកនាំពាក្យរូបនេះថ្លែងថា “សមាជិកបក្ស មន្ត្រីបក្ស និងសប្បុរសជនផ្សេងទៀតនឹងរួមវិភាគទាន”។
គណបក្សនយោបាយនានាមានពេល៩០ថ្ងៃដើម្បីអនុវត្តតាមច្បាប់នេះ បន្ទាប់ពីច្បាប់នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ។
នៅថ្ងៃតែមួយដែលដែលបានអនុម័តវិសោធនកម្មនេះ លោក ប្រេដ អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានថ្កោលទោសច្បាប់នេះដែលរាំងបានសម្រេចមិនឱ្យលោក សម រង្ស៊ី ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាឆ្នាំក្រោយ។
លោកបានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា “ដូច្ចេះសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលបានបោះឆ្នោតគាំទ្រច្បាប់នេះគួរតែមានសេចក្ដីក្លាហាន និងការគោរពខ្លួនឯងហ៊ានលាឈប់ ជំនួសឱ្យការចូលរួមក្នុងស្ថានភាពបែបនេះ”។ ទោះជាយ៉ាងណា លោក ប្រេដ អាដាម មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្ដីថ្លែងការណ៍មួយដោយប្រើពាក្យធ្ងន់ៗអះអាងថា វោហារសាស្ត្ររបស់លោក ប្រេដ អាដាម “ជាការរំលោភលើឯករាជ្យ អធិបតេយ្យ រំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា”។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា “ក្រុមប្រឹក្សាធម្មនុញ្ញសូមថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការចំពោះការមួលបង្កាច់ដោយចេតនាទុច្ចរិតរបស់បុគ្គលនេះដែលបានរំលោភបំពានធ្ងន់ធ្ងរដល់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណៈមតិជាតិ និងអន្តរជាតិ”៕ សុខុម