28.4 C
Phnom Penh

នគរ​​​បាល​​​កំពុង​​​តាម​​​ស្វែង​​​រក​​​មនុស្ស​៤​​​នាក់​​​ទៀត​​​ដែល​​​សង្ស័យ​​​ថា​ជញ្ជូន​​​អាវុធ​​​ឆ្លង​​​ព្រំដែន​​​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យមួយរូបបានលើកឡើងថា នគរបាលកំពុងតាមស្វែងរកជនសង្ស័យ៤នាក់ដែលគេជឿថា បានជញ្ជូនអាវុធខុសច្បាប់ឆ្លងកាត់ព្រំដែននៅក្នុងសំណុំរឿងមួយដែលជនជាតិខ្មែរបីនាក់ និងជនជាតិថៃ៦នាក់ត្រូវបានចាប់ខ្លួនកាលពីខែមុនពីបទជួញដូរអាវុធ។

លោក សិទ្ធ ឡោះ ស្នងការរងខេត្តនេះបានលើកឡើងថា “កម្មករ៤នាក់ត្រូវបានគេជួលឲ្យលីអាវុធរុំក្នុងបាវឆ្លងកាត់ព្រំដែនដោយមានបុរសជនជាតិថៃជាអ្នកចាំទទួល។ឥឡូវនេះពួកគេកំពុងរត់គេចខ្លួន”។

ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានលើកឡើងទៀតថា អាជ្ញាធរមានបំណងសាកសួរជនសង្ស័យទាំង៤នាក់នោះ ដែលគេអះអាងថា ត្រូវបានជួលដោយជនជាតិខ្មែរដែលកំពុងឃុំខ្លួន៣នាក់ដើម្បីឲ្យជញ្ជូនអាវុធឆ្លងដែនពីស្រុកម៉ាឡៃ។

អប់ វីរៈ អាយុ៤៨ឆ្នាំ ជាបុគ្គលិកនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ដែលឥឡូវត្រូវបានព្យួរពីការងារ ជិន លីន អាយុ៣៦ឆ្នាំ និង យិន សាវី អាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ខែកក្កដា ក្នុងខេត្តបាត់ដំបង ហើយត្រូវបានបញ្ជូនទៅខេត្តបន្ទាយមានជ័យ ជាកន្លែងដែលពួកគេត្រូវបានចោទប្រកាន់ពីបទជួញដូរអាវុធ និងគ្រាប់រំសេវ។លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យបានលើកឡើងកាលពីម្សិលមិញថា សាលាដំបូងខេត្តនេះកំពុងសើុបអង្កេតថា តើមានមនុស្សជាប់ពាក់ព័ន្្ធបន្ថែមទៀត ឬក៏អត់។

លោកបានថ្លែងថា “ចៅក្រមកំពុងសើុបអង្កេតករណីនេះនៅឡើយ”។ លោកបានបន្ថែមថា ជនសង្ស័យទាំង៣នាក់នោះកំពុងឃុំខ្លួននៅពន្ធនាគារខេត្តរង់ចាំការបើកសវនាការ។

លោក វីរៈ ដែលលោក ហេង រតនា ប្រធាន CMAC ប្រាប់អត្តសញ្ញាណកាលពីសប្តាហ៍មុនថា ឈ្មោះ អប់ ឡេងជឺ ជាបុគ្គលិក CMAC  តាំងពីឆ្នាំ១៩៩៧មកនោះ បានប្រាប់អាជ្ញាធរថា ខ្លួនបានរក្សាអាវុធដែលរកឃើញក្នុងដីទុកកាលពីឆ្នាំ២០០៨ នេះបើយោងតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ។

ជនជាតិថៃចំនួន៦នាក់ត្រូវបានចាប់ខ្លួនកាលពីខែមុននៅក្នុងប្រទេសថៃ ដោយមាន៥នាក់ត្រូវបានចាប់ខ្លួនពេលដឹកជញ្ជូនគ្រាប់ផ្លោង កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតដុតឈ្នួន៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស