29 C
Phnom Penh

ផែនការ​​សម្អាត​កាកសំណល់​ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការទទួលខុសត្រូវចំពោះការបោសសម្អាតសំរាមពីតំបន់នានាត្រូវបានប្រគល់ឱ្យមន្ត្រីស្រុក ខណ្ឌក្រោមគោលការណ៍ណែនាំថ្មីចេញកាលពីម្សិលមិញ ដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការប្រគល់កិច្ចការគ្រប់គ្រងកាកសំណល់ទៅថ្នាក់មូលដ្ឋាន។

មន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ថ្នាក់ដឹកនាំស្រុក ខណ្ឌទូទាំងប្រទេសនឹងត្រូវជួបជាមួយសហគមន៍ដើម្បីគ្រោងវិធីសាស្ត្រមូលដ្ឋានក្នុងការដោះស្រាយបញ្ហានេះ មុនពេលរាយការណ៍អំពីលទ្ធផលរកឃើញរបស់ខ្លួនទៅថ្នាក់ខេត្តដើម្បីទទួលបានថវិកា។

 ស្ត្រីម្នាក់ចាក់សំរាមលើគំនរសំរាមនៅជាប់ផ្សារកាប់គោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ស្ត្រីម្នាក់ចាក់សំរាមលើគំនរសំរាមនៅជាប់ផ្សារកាប់គោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ដំណើរការនេះនឹងប្រគល់ផែនការរបស់ខេត្តសម្រាប់ការដោះស្រាយបញ្ហាសំរាមទៅមន្ត្រីឲ្យកាន់តែជិតផ្ទះរបស់ប្រជាពលរដ្ឋ ដោយសង្ឃឹមអនុវត្តច្បាប់ដែលត្រូវបានបង្កើតឡើងឆ្លើយតបទៅនឹងអនុក្រឹត្យមួយកាលពីឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងកាកសំណល់។

អំឡុងពេលដាក់ចេញគោលការណ៍ណែនាំនេះនៅរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានទទួលបន្ទុកគ្រប់គ្រងកាកសំណល់រឹង បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាត្រូវឱ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេច ព្រោះវាផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ទាំងអ្នកផ្ដល់សេវា និងប្រជាពលរដ្ឋដែលជាអ្នកទទួលផល”។

លោកបានលើកឡើងបន្តថា “ឧទាហរណ៍ ដូចជាធ្វើវេទិកាជាដើម។ បើយកថ្លៃសេវា៤.០០០រៀលក្នុងមួយខែ [សម្រាប់ការប្រមូលសំរាម] តើប្រជាពលរដ្ឋយល់យ៉ាងម៉េច?”។

យោងតាមលោក ថូ គឹមហ៊ុន មន្ត្រីក្រុមប្រឹក្សាស្រុកស្ទោង ខេត្តកំពង់ធំបានឲ្យដឹងថា ផែនការសម្រាប់ការសម្អាតកាកសំណល់ត្រូវដាក់បញ្ចូលក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ស្រុក ខណ្ឌជាមួយព័ត៌មានបច្ចុប្បន្នភាពពេញមួយឆ្នាំ។

លោកថ្លែងថា លោកស្វាគមន៍ចំណាត់ការនេះ ពីព្រោះកាលពីមុនស្រុករបស់លោកខ្វះទាំងថវិកា ខ្វះទាំងបុគ្គលិកដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។

បុរសម្នាក់បោះលើគំនរសំរាមនៅជាប់ផ្សារកាប់គោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ង៉ាន ចំរើន អនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានចេញផែនការនេះជាមួយក្រសួងបរិស្ថានមានប្រសាសន៍ថា ថវិកានឹងបែងចែកចេញពីថវិកាជាតិផ្អែកលើតម្រូវការដែលរាយការណ៍ជូនរដ្ឋាភិបាលថ្នាក់កណ្ដាល។

លោក ឱក សេរីសោភក្ដិ៍ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា ដែលបានចូលរួមកិច្ចពិភាក្សារបស់រដ្ឋាភិបាលស្ដីពីការផ្ទេរការគ្រប់គ្រងកាកសំណល់ទៅថ្នាក់មូលដ្ឋានក្នុងរយៈពេល៣ឆ្នាំមកនេះមានប្រសាសន៍ថា ការប្រកាសនេះគឺជាជំហានគួរឱ្យស្វាគមន៍ក្នុងទិសដៅត្រឹមត្រូវ។ លោកថ្លែងថា “វារាងយឺតបន្តិច ប៉ុន្តែប្រសើរជាងមិនធ្វើ” ហើយថា ការបោះឆ្នោតសកលក្នុងពេលខាងមុខទំនងជាជំរុញឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ជាក់ស្តែងនៅទូទាំងប្រទេស។

លោកថ្លែងថា ការគ្រប់គ្រងកាកសំណល់ “កាន់តែស្មុគស្មាញ មិនមែនកើតឡើងតែនៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែគឺគ្រប់កន្លែង ហើយវាបង្កការគំរាមកំហែងដល់សុខភាព”។

លោកបានបន្ថែមថា សំណើទាំងនេះនឹងជួយអនុវត្តផែនការមេគ្រប់គ្រងកាកសំណល់ដែលមានស្រាប់របស់ខេត្ត។។

លោកបានគូសបញ្ជាក់ថា តាមរយៈការប្រគល់ការទទួលខុសត្រូវនេះឱ្យអាជ្ញាធរមូលដ្ឋាន ”យើងនឹងបោះជំហានពីការមានផែនការទៅការអនុវត្តផែនការ”៕ សុខុម (រាយការណ៍បន្ថែមដោយ Janelle Retka)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស