27.5 C
Phnom Penh

លោក ហ៊ុន សែន ​គំរាម​សម្លាប់​​ពាក់ព័ន្ធ​​នឹង​ពាក្យ​ចចាម​អារ៉ាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗចំពោះអ្នកដែលលោកចោទប្រកាន់កាលពីម្សិលមិញ ថាបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីបញ្ហាសុខភាពរបស់លោក ហើយលោកលើកឡើងថា ជីវិតរបស់អ្នកដែលបន់ឱ្យលោកស្លាប់នឹងមានគ្រោះថ្នាក់។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានពាក្យចចាមអារ៉ាមសុសសាយថា លោក ហ៊ុន សែន ឈឺធ្ងន់ និងបានទៅព្យាបាលជំងឺនៅបរទេស។ ការប៉ាន់ស្មានតាមបណ្ដាញទំនាក់ទំនងសង្គមមានកាន់តែខ្លាំងឡើង នៅពេលមានការបញ្ជាក់កាលពីខែមុនថា ទីស្ដីការគណៈរដ្ឋមន្ត្រីដែលលោកតែងតែចូលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំ មិនបានកោះប្រជុំប៉ុន្មានសប្ដាហ៍។

ថ្លែងខ្លាំងៗដូចសព្វមួយដងក្នុងពីធីប្រគល់សញ្ញាបត្រនៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានចោទប្រកាន់គណបក្សសង្គ្រោះជាតិ ថាជាអ្នកបង្កើតពាក្យចចាមអារ៉ាមទាំងនេះ។

លោកមានប្រសាសន៍ថា “រឿងអញ្ចឹងច្រើនតែចេញពីបក្សប្រឆាំង។ បើមេបក្សប្រឆាំងមិនគ្រប់គ្រងបញ្ហាហ្នឹងទេ អ្នកដែលគ្រោះថ្នាក់ជាងគេគឺអស់លោក”។

លោកលើកឡើងទៀតថា “ខ្ញុំសូមអំពាវនាវដល់មេបក្សប្រឆាំង មើលសមាជិកសមាជិការបស់ខ្លួនឱ្យបានច្បាស់លាស់”។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានបញ្ចេញវោហាស័ព្ទកាន់តែធ្ងន់ ដោយព្រមានអ្នកដែលបន់ឱ្យលោកស្លាប់ថា ពួកគេនឹងជួបជោគវាសនាដូចគ្នា។

លោកមានប្រសាសន៍ថា “បើសិនបន់ឱ្យ ហ៊ុន សែន ស្លាប់ អ្នកឯងគ្រោះថ្នាក់មុនគេ។ វាជាទីកន្លែងកប់ខ្មោចអស់លោក ខ្ញុំសុំនិយាយដោយត្រង់”។

លោកបានបន្តថា “អស់លោកមិនទាន់មានលទ្ធភាពដើម្បីគ្រប់គ្រងសភាពការណ៍ទេ។ ផលចំណេញអស់លោកបានមកពីការស្លាប់របស់ ហ៊ុន សែន វាមានចំនួនតិចជាងទុកឱ្យ ហ៊ុន សែន នៅរស់។ ខ្ញុំសូមប្រាប់ឱ្យបានច្បាស់”។

លោកបានលើកឡើងបន្ថែមទៀតថា “យកល្អទុកឱ្យ ហ៊ុន សែន នៅរស់។ បើបន់ឱ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ”។

អំឡុងពេលសុន្ទរកថា លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យស៊ើបអង្កេត និងបិទអង្គការប្រឆាំងការជួញដូរកុមារមួយមានឈ្មោះថា អង្គការមេត្រីអន្តរជាតិ (Agape International Missions) ដែលបានសហការជាមួយ CNN នៅក្នុងការផ្សាយព័ត៌មានអំពីបេស្យាចារ្យកុមារនៅប្រទេសកម្ពុជា ហើយបានជំរុញឱ្យបណ្ដាអ្នកប្រើប្រាស់ហ្វេសប៊ុកចៀសវាងការបំផុសបំផុលពាក្យចចាមអារ៉ាមមិនពិតថា កុមារត្រូវគេចាប់វះយកក្រលៀន។

ប្រតិកម្មតបទៅនឹងការអះអាងថា លោកបានទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី លោក

 

នាយករដ្ឋមន្ត្រីកាលពីខែមុនបានជិះរថយន្តទៅសួរសុខទុក្ខប្រជាពលរដ្ឋ ហើយបានថតវីដេអូស៊ែលហ្វី និងរូបថតជាច្រើន។

ទោះបីជាលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា លោក ហ៊ុន សែន មិនបានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅព្យាបាលជំងឺក្ដី ក៏តាមរយៈរូបថតរបស់លោកត្រូវបណ្ដាអ្នកប្រើប្រាស់ហ្វេសប៊ុកចំណាំបានថា កន្លែងមួយចំនួនដែលលោកនាយករដ្ឋមន្ត្រីបានទៅលេងគឺស្ថិតនៅក្នុងប្រទេសសិង្ហបុរី។

លោក ហ៊ុន សែន បានធ្វើការព្រមានបែបនេះកាន់តែច្រើនឡើងៗក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

កាលពីខែឧសភា អំឡុងសុន្ទរកថាថ្លែងទៅកាន់សហគមន៍អ្នកកាន់សាសនាគ្រិស្តនៅក្នុងប្រទេសកម្ពុជា លោកមានប្រសាសន៍ថា លោកសុខចិត្ត “កម្ចាត់១០០ឬ២០០នាក់” ដើម្បីទប់ស្កាត់ការបណ្ដេញលោកចេញពីអំណាច។

នៅខែបន្ទាប់ លោកបាននិយាយចំៗឆ្ពោះទៅរកលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួននៅបរទេស និងដែលជាសត្រូវយូរមកហើយរបស់លោក ដោយព្រមានឲ្យអតីតប្រធានបក្សប្រឆាំងរូបនេះ “ត្រៀមក្ដារមឈូស”។ លោក ហ៊ុន សែន បានបន្ថែមថា អ្នកដែលបំផ្លាញសន្តិភាពនឹង “ទទួលផលនូវអ្វីដែលអ្នកចង់”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស