27 C
Phnom Penh

រដ្ឋមន្ត្រីថា ​យុទ្ធសាស្ត្រ​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ គឺ​​​ប្រើ​លុយ អំណាច ​​​និង​​​វាយ​​​ដំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លើកឡើងពីការណែនាំរបស់លោក  ហ៊ុន សែន ដល់មន្ត្រីជាន់ខ្ពស់នៅក្នុងបក្ស លោក វង សូត រដ្ឋមន្ត្រីសង្គមកិច្ចបានមានប្រសាសន៍នៅក្នុងសុន្ទរកថាឥតលាក់លៀមមួយកាលពីថ្ងៃច័ន្ទថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ ដោយប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងអំណាច ហើយនឹងវាយដំព្រមទាំងចាប់សត្រូវរបស់ខ្លួនដាក់ពន្ធនាគារ។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ និងមន្ត្រី ជាន់ខ្ពស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងនីតិសម្បទាដែលមានតែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយក្រុមតូចចូលរួម លោក វង សូត បានរៀបរាប់អំពីកិច្ចប្រជុំផ្ទៃក្នុងកាលពីថ្ងៃអាទិត្យដែលលោកនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្ររបស់ខ្លួនមុនការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំក្រោយ។

សំដៅដល់ទម្រង់នៃអំពើហិង្សាដែលពលរដ្ឋខ្មែរជាច្រើនធ្លាប់ជួបប្រទះអំឡុងរបបខ្មែរក្រហម លោក វង សូត បានថ្លែងថា ” ហើយឥឡូវគាត់ប្រើពាក្យថា ‘បោះឆ្នោតលើកនេះបើមានបញ្ហាតវ៉ាទៀតត្រូវក្បាលគល់ឫស្សីហើយ'”។ លោកបានបន្ថែមថា “អត់មានបើកសិទ្ធិឲ្យហែ្អងតវ៉ាទេ”។

លោកនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យមន្ត្រីចាប់ខ្លួនអ្នក “ដែលធ្វើខុសច្បាប់” នេះបើយោងតាមលោក វង សូត ដែលបាននិយាយតាមបទបញ្ជារបស់លោក ហ៊ុន សែន ។  “បើចាប់វាមិនបាន ច្បាប់ហ្នឹងចន្លោះប្រហោងត្រូវធ្វើច្បាប់ហ្នឹងទៀត។ចុះអញឈ្នះ ហើយចង់ធ្វើអីក៏បានដែរ”។

រដ្ឋសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតអនុម័តវិសោធនកម្មពីរលើកលើច្បាប់ស្តីពីគណបក្សនយោបាយដែលលោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ធ្វើឡើងដើម្បីបិទផ្លូវកុំឲ្យលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងចូលប្រឡូកក្នុងឆាកនយោបាយ។

ប៉ុន្តែលោក វង សូត ហាក់ទទួលស្គាល់ថា គណបក្សរបស់លោកមានហេតុផលនយោបាយនៅក្នុងការធ្វើវិសោធនកម្មនេះ ដែលផ្ទុយនឹងការអះអាងដដែលៗរបស់គណបក្សកាន់អំណាចមួយនេះថា វិសោធនកម្មនេះធ្វើឡើងដើម្បីប្រយោជន៍ប្រជាធិបតេយ្យនោះ។

នៅក្នុងអាត់សំឡេងស្តីពីសុន្ទរកថាដែលអ្នកយកព័ត៌មានទទួលបានកាលពីម្សិលមិញ លោកបានបន្តថា “តែបណ្តោយឲ្យអំណាចយើងទៅជាអ្នកចាញ់វិញ ចប់ហើយ។ លើកនេះយើងថា ផុតតែម្តង”។

លោក វង សូត បានលើកឡើងទៀតថា កម្ពុជាកំពុងតែប្រែក្លាយដូចសហរដ្ឋអាមេរិក ដែលមានគណបក្សនយោបាយដ៏មានប្រជាប្រិយភាពតែពីរប៉ុណ្ណោះ។ គណបក្សតូចតាចផ្សេងៗទៀតជួនកាល “វាកើតដោយសារអាធំអីអញ្ចឹង វាដូចសម្តេចនាយកមានប្រសាសន៍ ម្សិលមិញ”។

ការលើកឡើងបែបនោះហាក់បីដូចជាគាំទ្រការអះអាងរបស់អ្នករិះគន់លោក ហ៊ុន សែន ដែលបានលើកឡើងជាច្រើនឆ្នាំមកហើយថា លោកនាយករដ្ឋមន្ត្រីព្យាយាមបំបែកសំឡេងគណបក្សប្រឆាំងតាមរយៈការបង្កើតគណៈបក្សគូប្រជែងតូចៗ។

រដ្ឋមន្ត្រីរូបនេះបានសរសើរដល់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលស្ថិតក្នុងការដឹកនាំរបស់លោក ហ៊ុន សែន ដោយវាខុសពីគណបក្សប្រឆាំង” ដ៏ពិសពុល” ដែលលោកលើកឡើងថា គ្រប់គ្រងដោយមហាអំណាចខាងក្រៅដែលគេមិនបញ្ចេញឈ្មោះ។

លោក វង សូត បានលើកឡើងបន្តទៀតថា មន្ត្រីដែលមិនពេញចិត្តនឹងគណបក្សប្រជាជនកម្ពុជាអាចដើរចេញទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិបាន។

លោកបានសួរថា “បើវាមិនមែនជាមន្ត្រីស្រឡាញ់គណបក្សប្រជាជន ទៅណាទៅៗបើឯងមិនមែនគណបក្សប្រជាជននៅខាងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនខំនៅធ្វើអី?”។

ទោះជាយ៉ាងណា លោក វង សូត បានថ្លែងថា គណបក្សកាន់អំណាចនឹងឈ្នះ ព្រោះមានធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងអំណាច ដោយលើកឡើងពីយុទ្ធសាស្ត្របីចំណុចដែលលោក ហ៊ុន សែន បានដាក់ចេញ។ លោកបានមានប្រសាសន៍ថា “បើ[យើង] ប្រៀបធៀបជាមួយបក្សប្រឆាំង មានទេអាបីហ្នឹង”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាហាក់បីដូចជាមានការភ្ញាក់ផ្អើលដែលបានឮការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ ដោយលើកឡើងថា លោកមិនដឹងអំពីការលើកឡើងរបស់លោក ហ៊ុន សែន ដែលគេបានរាយការណ៍នោះឡើយ។

លោកបានមានប្រសាសន៍ថា “នេះជាយោបល់ផ្ទាល់ខ្លួនរបស់ឯកឧត្ដម វង សូត”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះ ជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទេពាក់ព័ន្ធការគំរាមវាយដំរបស់លោកនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ ដោយមានបន្ទូលថា “ខ្ញុំគិតថា នោះមិនមែនជាបែបផែនដែលអ្នកនយោបាយមួយរូបគួរនិយាយទេ”។

ទោះជាយ៉ាងណា ព្រះអង្គម្ចាស់ បានមានបន្ទូលថា ការអះអាងថា ទទួលបានជ័យជម្នះគឺ “គ្រាន់តែជាផ្នែកនៃហ្គេម” ប៉ុណ្ណោះហើយទោះបីជាការបំបែកសំឡេង និងការបង្កើតគណបក្សប្រឆាំងតូចៗប្រហែលជាមានប្រសិទ្ធភាពកាលពីពេលមុនក៏ដោយ តែបើនិយាយពីគណបក្សសង្គ្រោះជាតិវិញ គឺគ្មានភ័ស្តុតាងបញ្ជាក់ថា វាមានប្រសិទ្ធភាពទេ។

លោក Josef Benedict អនុប្រធានយុទ្ធនាការ ប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលើកឡើងថា បើពិតប្រាកដមែននោះ ការលើកឡើងរបស់លោក ហ៊ុន សែន “បង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីការមិនគោរពរបស់អាជ្ញាធរកម្ពុជាចំពោះអ្នកតវ៉ាអហិង្សា”។

លោកបានសរសេរនៅក្នុងអីុម៉េលមួយថា “សម្រាប់មន្ត្រីរដ្ឋាភិបាលដែលអំពាវនាវឲ្្យមានការវាយដំដ៏ហិង្សាលើអ្នកតវ៉ាដែលគ្រាន់តែបញ្ចេញមតិយោបល់ គឺជារឿងគួរឲ្យភ្ញាក់ផ្អើលដែលមិនអាចទទួលយកបាន កុំថាឡើយមន្ត្រីរូបនោះជានាយករដ្ឋមន្ត្រី”។

គម្រោងមុនការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ជាតម្រុយមិនល្អមុនការបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះបើយោងតាមលោកយឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងឃ្លាំមើលនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ។

លោកបានថ្លែងថា “រដ្ឋាភិបាលគ្មានហេតុផល…ដកហូតសិទ្ធិរបស់ប្រជាពលរដ្ឋទេ លុះត្រាតែមានការបញ្ជាក់ពីស្ថានភាពដ៏សំខាន់ចំបាច់ណាមួយ”។

លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតបានលើកឡើងថា ទោះបីជាគណបក្សប្រជាជនកម្ពុជាផ្តោតលើការធ្វើកំណែទម្រង់បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ក៏ដោយ តែ”អ្វីៗទាំងនោះហាក់បីដូចជាប្រែប្រួលក្នុងរយៈពេល១ឆ្នាំកន្លះចុងក្រោយ” ។

នយោបាយបំភិតបំភ័យនៅតែមានការពេញនិយមនៅទូទាំងពិភព និងនៅកម្ពុជាដែលមានបណ្តាញទំនាក់ទំនងសង្គមជាអ្នកជួួយឲ្យអ្នករិះគន់ “បញ្ចេញមតិរិះគន់ខ្លាំងៗ” និងជួយឲ្យបញ្ហា “ត្រូវបានដឹងឮទូទាំងប្រទេស”ក្នុងពេលបច្ចុប្បន្ន។

លោកបានថ្លែងថា ដោយប្រឈមនឹងគ្រោះគំរាមកំហែងទាំងនោះ “មានតែចាំ មើលទេថា តើលោក ហ៊ុន សែន នឹងក្លាយជាតួអង្គអ្វីនៅក្នុងឆ្នាំ២០១៨”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស