28.4 C
Phnom Penh

រដ្ឋាភិបាល​​​ប្រគល់សិទ្ធិ​​​គ្រប់គ្រង​​​មរតកសាសន៍​​​នូវ​​​បទ​​​ចម្រៀង​​​៤១បទ​​​ដល់​​​ក្រុមគ្រួសារ​​​លោក គង្គ ប៊ុនឈឿន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគ្រួសារកវីនិពន្ធនិងអ្នកនិពន្ធ ប្រលោមលោក គង្គ ប៊ុនឈឿន ដែលបានទទួលមរណភាពទៅហើយនោះ ត្រូវបានប្រគល់ សិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀងជាង៤០បទក្នុងចំណោមបទចម្រៀងដែលលោកនិពន្ធ។

លោក សិុន សារ៉ាឌី ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌បានមានប្រសាសន៍ថា សិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀង៤១បទក្នុងចំណោមបទចម្រៀង៧០បទដែលក្រុមគ្រួសាររបស់គាត់បានស្នើសុំ ត្រូវបានប្រគល់ឲ្យពួកគាត់បន្ទាប់ពីដំណើរការរយៈពេល១ឆ្នាំដែលចូលរួមស្រាវជ្រាវពីក្រសួងនេះ។

លោកបានថ្លែងថា “ពួកគាត់មានសិទ្ធិគ្រប់គ្រងមរតកសាសន៍នេះ ដូច្នេះពួកគាត់អាចផ្តល់[បទចម្រៀងនេះ] ដល់អ្នកផ្សេងយកទៅធ្វើអាជីវកម្ម”។ ភាគច្រើននៃបទចម្រៀងដែលនិពន្ធដោយកវីរូបនេះ ត្រូវបានច្រៀងដោយលោក សីុន ស៊ីសាមុត ហើយប្រលោមលោកជាច្រើនដែលជាស្នាដៃរបស់លោកត្រូវបានយកទៅផលិតជាខ្សែភាពយន្តមុនរបបខ្មែរក្រហម។

លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ កាលពីខែមេសាឆ្នាំមុននៅប្រទេសន័រវែស ដែលលោកបានរស់នៅទីនោះក្នុងភាពនិរទេសខ្លួនដោយសារមានការគំរាមកំហែងដល់អាយុជីវិតចំពោះប្រលោមលោកចុងក្រោយរបស់លោកដែល មានចំណងជើងថា “វាសនានាងម៉ារីណា”បោះពុម្ពផ្សាយក្នុងឆ្នាំ២០០០ដែលបង្ហាញពីបញ្ហានិទណ្ឌភាពក្នុងប្រទេសកម្ពុជា។

លោក សុះ ម៉ាច អ្នកចម្រៀង និងជាអតីតប្រធានសមាគមសិល្បករខ្មែរបានមានប្រសាសន៍ថា ការប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍នេះផ្តល់គំរូល្អដល់សិល្បករជំនាន់ក្រោយ។

លោកបានថ្លែងថា “អ្វីដែលបានធ្វើគឺជាការលើកទឹកចិត្តដ៏ធំធេង ជាការផ្តល់កិត្តិយសនិងតម្លៃចំពោះស្នាដៃរបស់គាត់។ គាត់គឺជាបុគ្គលដ៏កម្រម្នាក់ ហើយយើងគួរតែកោតសរសើរ និងផ្តល់កិត្តិយសចំពោះស្នាដៃរបស់គាត់”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស