34 C
Phnom Penh

ពាក្យ​​​ចចាមអារ៉ាមពីការ​​​ដើរ​​​ចាប់កូន​​​ក្មេង​​​​​​​​​​​​បណ្តាល​​​ឱ្យ​មានការ​​​ចាប់ខ្លួន​​​បុរស​​​ទី២ម្នាក់ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អ្នកលេងហ្វេសប៊ុក “កុំបង្កើតបញ្ហា” ព្រោះការបំផុសបំផុលពាក្យចចាមអារ៉ាមថាមានការចាប់ក្មេងៗទូទាំងប្រទេសកាលពីម្សិលមិញបានបណ្តាលឱ្យមានការចាប់ខ្លួនម្នាក់ទៀត ពេលនេះគឺបុរសម្នាក់ដែលនគរបាលខេត្តតាកែវបានសាកសួរកាលពីមុនចំពោះការបំផុសបំផុលថា មានបុរសជនជាតិវៀតណាមដើរចាប់កូនក្មេង។

លោក ឈុន សារ៉េត ស្នងការរងនគរបាលខេត្តតាកែវបានប្រាប់អត្តសញ្ញាណជនសង្ស័យរូបនោះថា ឈ្មោះ លី ឆាយយ៉ា អាយុ៣៣ឆ្នាំ មកពីខេត្តព្រៃវែង រស់នៅជាមួយប្រពន្ធរបស់ខ្លួនក្នុងឃុំខ្វាវស្រុកសំរោង ខេត្តតាកែវ។ នគរបាលបានសាកសួរបុរសរូបនេះកាលពីថ្ងៃច័ន្ទ។

យោងតាមលោក មឿង សារុន អធិការនគរបាលស្រុកសំរោងបានឱ្យដឹងថា នៅក្នុងវីដេអូឃ្លីបដែលជននេះបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន លី ឆាយយ៉ា និយាយថា បុរសជនជាតិវៀតណាមពីរនាក់បានដេញតាមក្មួយស្រីប្រពន្ធរបស់ខ្លួន ជាការអះអាងដែលក្មេងស្រីរូបនេះ និងម្ដាយរបស់នាងក្រោយមកបានបដិសេធ។

លី ឆាយយ៉ា ក៏បានរិះគន់អាជ្ញាធរចំពោះការអះអាងថា ពាក្យចចាមអារ៉ាមពីការដើរចាប់ក្មេងៗជាព័ត៌មានមិនពិត ហើយបានជំរុញឱ្យពួកគេស៊ើបអង្កេតការអះអាងនេះបន្ថែមទៀត។

ពាក្យចចាមអារ៉ាមដែលត្រូវបានបដិសេធហើយបដិសេធទៀតដោយនគរបាលនោះបានធ្វើឱ្យ លោក ហ៊ុន សែន លើកឡើងពីបញ្ហានេះអំឡុងការថ្លែងសុន្ទរកថានៅពិធីប្រគល់សញ្ញាបត្រកាលពីម្សិលមិញនៅកោះពេជ្រ។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា “ប៉ុន្មានថ្ងៃកន្លងទៅនេះ  បង្កើតឱ្យមានបញ្ហាច្រើនណាស់ រឿងវាមិនចេះចប់ ប៉ុន្តែសួរទៅមើលតើវាបានផលអី? បំផុសពីរឿងការចាប់កូនក្មេងទៅវះយកក្រលៀន វះយកនេះ វះយកនោះ”។ “តើវាពិតទេរឿងអញ្ចឹង”។

លោក ហ៊ុន សែន បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះក្មួយៗយុវជន ហើយជាពិសេសអ្នកដែលលេងហ្វេសប៊ុក៖ សូមកុំបង្កើតបញ្ហា កុំសាងគ្រោះឱ្យជាតិតាមរយៈការបំពុលបរិយាកាសនានា”។

ពាក្យចចាមអារ៉ាមពីការដើរចាប់កូនក្មេងជារឿយៗតែងតែអមមកជាមួយការអះអាងពីជនសង្ស័យជនជាតិវៀតណាម ឬការវះយកគ្រឿងក្នុង បានធ្វើឱ្យមានការចែករំលែកតាមហ្វេសប៊ុករាប់ម៉ឺន ទោះជាអាជ្ញាធរព្យាយាមរម្ងាប់បញ្ហាយ៉ាងណានេះក៏ដោយ។

ការចាប់ខ្លួន លី ឆាយយ៉ា កើតឡើងបន្ទាប់ពីមានការចាប់ខ្លួនស្រដៀងគ្នានេះនូវសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ក្នុងខេត្តកំពង់ធំ។ ណៃ ស៊ីណេង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យចោទប្រកាន់ពីបទ “បំផុសបំផុល ឬផ្សព្វផ្សាយព័ត៌មានមិនពិត” ក្រោយពីជននេះបានបង្ហោះក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃអាទិត្យដោយអះអាងថា ជនជាតិវៀតណាមបីនាក់ត្រូវគេសង្ស័យថា ដើរចាប់កូនក្មេងវះយកគ្រឿងក្នុង។

នៅថ្ងៃនោះ មនុស្សមួយក្រុមប្រហែល១.០០០នាក់បានសម្រុកចូលប៉ុស្តិ៍នគរបាល ហើយបានវាយដំលើជនសង្ស័យពីរនាក់រហូតដល់សន្លប់ដោយសារតែព័ត៌មានមិនពិតនេះ ដោយគិតថា បុរសទាំងពីរនាក់នេះត្រូវបានឃុំខ្លួនដោយសារតែការដើរចាប់កូនក្មេង។

លោក ជាម ច័ន្ទនី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ធំ មានប្រសាសន៍ថា ការចាប់ខ្លួននេះគឺជាហេតុផលនយោបាយ ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចោទក្រុមតែមួយគត់ដែលជាមេខ្លោងបំផុសបំផុលពាក្យចចាមអារ៉ាមនេះ ”ដើម្បីធ្វើឱ្យគណបក្សប្រជាជនកម្ពុជាចុះខ្សោយ”។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា នគរបាលមានការសង្ស័យផងដែរថា អាចមានក្រុមណាមួយនៅពីក្រោយពាក្យចចាមអារ៉ាមនេះ។ លោកបានថ្លែងថា មន្ត្រីនគរបាលបានស៊ើបអង្កេតករណីដើរចាប់ក្ូនក្មេង១៥ករណីក្នុងរយៈពេល២០ថ្ងៃកន្លងមក គឺមានតែមួយករណីប៉ុណ្ណោះដែលជាការចាប់ពិតប្រាកដ ហើយថា គ្មានភ័ស្តុតាងនៃការវះយកគ្រឿងក្នុងទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស