35 C
Phnom Penh

លោកនាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បញ្ជា​​​ឱ្យ​​​បិទ​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​មួយពាក់​​​ព័ន្ធ​​​ “ការ​​​ប្រមាថ​​​” របស់ CNN

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ បទបញ្ជាឱ្យសើុបអង្កេត បិទ និងបណ្តេញអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរផ្លូវភេទមួយភ្លាមៗ  ដោយចោទប្រកាន់អង្គការនេះថា បាន “ប្រមាថដ៏ធ្ងន់ធ្ងរ” លើប្រទេសកម្ពុជា តាមរយៈការលើកឡើងថា ម្តាយមួយចំនួនលក់កូនរបស់ខ្លួនឱ្យបម្រើផ្លូវភេទ ក្រោយពេលបណ្តាញសារព័ត៌មាន CNN បានធ្វើសេចក្តីរាយការណ៍អំពីការងាររបស់អង្គការនេះក្នុងពេលថ្មីៗ។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតច្បាប់ក្នុងរាជធានីភ្នំពេញលោកនាយករដ្ឋមន្ត្រីក៏បានរិះគន់ខ្លាំងៗលើបណ្ដាញសារព័ត៌មាន CNN ផងដែរចំពោះការផ្សាយព័ត៌មាននេះ ហើយបានជំរុញឱ្យស្ថានទូតអាមេរិកធ្វើការសើុបអង្កេតផ្ទាល់ខ្លួនលើអង្គការមេត្រីអន្តរជាតិ (AIM)ដែលចុះបំពេញការងារផ្ទាល់ភាគច្រើនក្នុងប្រទេសកម្ពុជាប៉ុន្តែ មានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតច្បាប់ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ ហ្វេសប៊ុក

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំមិនអាចទទួលយកបានទេដែលធ្វើការចុះផ្សាយរបស់អង្គការមួយបញ្ចាំងតាមទូរទស្សន៍ CNN ក៏ដូចជា ABC ដោយនិយាយថា ម្តាយយកកូនទៅលក់ធ្វើស្រីពេស្យានោះ។នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ”។ លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំដាក់បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសពិនិត្យមើល ហើយបិទចោលភ្លាមៗ។ មិនឱ្យអ្នកឯងប្រមាថជនជាតិខ្ញុំបាននោះទេ”។

លោក ហ៊ុន សែន បានព្រមានអង្គការក្រៅរដ្ឋាភិបាលបរទេសកុំប្រើកម្ពុជាជាដើមទុនដើម្បីរៃអង្គាសជំនួយ និងព្រមានស្ថានទូតអាមេរិកកុំ “បង្កើតបញ្ហាច្រើនពេក”។ លោកបានបន្ថែមថា លោកអាចអនុញ្ញាតឱ្យមានការតវ៉ាប្រឆាំងអង្គការមេត្រីអន្តរជាតិ និងស្ថានទូតនេះបាន ប្រសិនបើចង់ ប៉ុន្តែ លោកនឹងមិនធ្វើអ៊ីចឹងទេ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា “អង្គការក្រៅរដ្ឋាភិបាលបរទេសមួយដែលយកកម្ពុជាជាដើមទុនរៃអង្គាស ហើយបន្តុះបង្អាប់ មើលងាយ មើលថោកចំពោះកម្ពុជា គឺមិនត្រឹមតែមិនអាចទទួលយកបានទេ គឺមិនអាចអត់ឱនឱ្យតែម្តង”។ លោកបានថ្លែងបន្តថា”ដោយតម្លៃណាក៏ដោយអង្គការមួយនេះត្រូវចាកចេញពីកម្ពុជាមិនអាចឱ្យនៅបានទៀតទេ”។

លោកបានលើកឡើងទៀតថា រដ្ឋាភិបាលនឹងទទួលខុសត្រូវចំពោះក្មេងៗគ្រប់រូបដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការថែទាំរបស់អង្គការ នេះ ហើយបានធ្វើការវាយប្រហារពាក្យសម្តីខ្លាំងៗចុងក្រោយលើបណ្ដាញសារព័ត៌មាន CNN តាមលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែលតែងតែរិះគន់ម្តងហើយម្តងទៀតថា បណ្តាញសារព័ត៌មានមួយនេះផ្សាយតែ”ព័ត៌មានមិនពិត”។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ទូរទស្សន៍ CNN សមតែប្រធានាធិបតី ដូណាល់  ត្រាំ ជេរ”។ លោកបានមានប្រសាសន៍បន្ថែមថា ” គាត់ជេរត្រូវហើយ  សូមផ្តាំទៅប្រធានាធិបតី ដូណាល់ ត្រាំ ថា ឯកឧត្តមជេរ CNN គឺត្រឹមត្រូវហើយ។ សារព័ត៌មានអាមេរិកខូចណាស់”។

សម្តីវាយប្រហារខ្លាំងៗរបស់លោកនាយក រដ្ឋមន្ត្រីកើតមានឡើងបន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសកាលពីថ្ងៃសុក្រថា អង្គការមេត្រីអន្តរជាតិកំពុងស្ថិតក្រោមការសើុបអង្កេតពាក់ព័ន្ធនឹងការលើកឡើងនៅក្នុងសេចក្តីរាយការណ៍ដែល CNN ចុះផ្សាយនៅដើមសប្តាហ៍នោះ គឺអត្ថបទព័ត៌មានដែលមានចំណងជើងថា “ជីវិតក្រោយការជួញដូរ៖ ក្មេងស្រីកម្ពុជាត្រូវបានម្តាយពួកគេលក់ដើម្បី បម្រើផ្លូវភេទ(Life after trafficking: The cambodian girls sold for sex by their mothers)”។ ក្រោយមក ពាក្យ “កម្ពុជា(Cambodian)” ត្រូវបានដកចេញ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីថ្ងៃអង្គារថា លោកអត់ដឹងករណីនេះទេ ហើយមន្ត្រីនៅការិយាល័យប្រឆាំងការជួញដូរមនុស្សនៃក្រសួងនេះដែលកំពុងដឹកនាំការសើុបអង្កេតមិនអាចទាក់ទងបានទេ។ អ្នកនាំពាក្យក្រសួងការបរទេសក៏មនអាចទាក់ទងបានដែរ។

លោក Don Brewster ស្ថាបនិកអង្គការមេត្រីអន្តរជាតិដែលត្រូវបានដកស្រង់សម្តីនៅក្នុងអត្ថបទព័ត៌មានរបស់ CNN មិនបានលើកទូរស័ព្ទទេ ហើយក៏មិនបានពិភាក្សាអំពីបញ្ហានេះតាមរយៈសារជាអក្សរដែរ។លោកមិនបានអត្ថាធិប្បាយទេ ពេលសួរថា តើលោក ឬក៏បុគ្គលិកណាផ្សេងទៀតនៅអង្គការមេត្រីអន្តរជាតិត្រូវបានឃាត់ខ្លួន ឬថា តើអង្គការនេះត្រូវបានបិទ ឬយ៉ាងណានោះ។

លោក Eric Meldrum ប្រធានផ្នែកសើុបអង្កេតនៅអង្គការមេត្រីអន្តរជាតិដែលក៏ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីរាយកាណ៍ព័ត៌មាននេះដែរនោះ មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយតាមរយៈសារជាអក្សរ ឬអីុម៉េលឡើយ។

ពេលស្នើសុំឱ្យធ្វើអត្ថាធិប្បាយ ស្ថានទូតអាមេរិកមិនបានលើកឡើងចំៗអំពីសុន្ទរកថារបស់លោក ហ៊ុន សែនស្តីអំពីស្ថានទូតនេះ ឬក៏បទបញ្ជារបស់លោក ហ៊ុន សែន ឱ្យបិទនិងបណ្តេញអង្គការមេត្រីអន្តរជាតិទេ។

អ្នកនាំពាក្យឈ្មោះ Arend Zwartjes បានសរសើរប្រទេសកម្ពុជាចំពោះជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងការជួញដូរផ្លូវភេទកុមារ ហើយថារដ្ឋាភិបាលអាមេរិកមានមោទនភាពចំពោះការចូលរួមចំណែករបស់កម្ពុជានៅក្នុងបុព្វហេតុនេះ។

លោកបានថ្លែងថា “ទោះជាយ៉ាងណានៅតែមានបញ្ហាប្រឈម”។ លោកបានថ្លែងបន្តថា “យើងជឿជាក់ថា អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយរដ្ឋាភិបាល និងសហគមន៍អន្តរជាតិគឺជាផ្នែកសំខាន់ណាស់នៅក្នុងដោះស្រាយបញ្ហានេះ”។

បណ្ដាញសារព័ត៌មាន CNN មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីទេ។

កាលពីថ្ងៃច័ន្ទអ្នកនាំពាក្យមួួយរូបរបស់បណ្តាញសារព័ត៌មានមួយនេះបានលើកឡើងថា CNN គាំទ្រសេចក្តីរាយការណ៍របស់ខ្លួន ហើយសង្កត់ធ្ងន់ថា អត្ថបទព័ត៌មាននេះផ្តោតលើវឌ្ឍនភាពចាប់តាំងពីឆ្នាំ២០១៣មក ជាពេលដែលខ្លួនបានផ្សាយវីដេអូឯកសាររយៈពេល១មោ៉ងស្តីអំពីតំបន់ស្វាយប៉ាក។ រដ្ឋាភិបាលលើកឡើងថា តំបន់នេះដែលធ្លាប់ ជាកន្លែងដ៏ល្បីខាងជួញដូរផ្លូវភេទកុមារនោះ ត្រូវបានបោសសម្អាតជាច្រើនឆ្នាំមកហើយ។

opនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានរិះគន់អង្គការមេត្រីអន្តរជាតិនិងបណ្តាញ សារព័ត៌មានCNNចំពោះអត្ថបទព័ត៌មានមួយដែលលោកបានលើកឡើងថា បានពណ៌នាតំបន់ស្វាយប៉ាកថា ជាកន្លែងដែលមានសកម្មភាពពេស្យាចារកុមារដល់សព្វថ្ងៃនេះ។លោក ហ៊ុយ វណ្ណៈ ជាមន្ត្រីក្រសួងមហាផ្ទៃមួយរូប ដែលក៏គ្រប់គ្រងប្រតិបត្តិការព័ត៌មាននៅទូរទស្សន៍ពីរក្នុងចំណោមបណ្តាញទូរទស្សន៍កម្ពុជាដែរនោះ ក៏បានអះអាងផងដែរថា ក្មេងស្រីបីនាក់មានមុខក្នុងអត្ថបទព័ត៌មាននៃបណ្តាញសារព័ត៌មាន CNN ដែលចេះនិយាយទាំងភាសាខ្មែរ និងភាសាវៀតណាមនៅក្នុងវីដេអូឯកសារអមនោះ មិនមែនជាពលរដ្ឋខ្មែរទេ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងកិច្ចការនារីបានគាំទ្រប្រសាសន៍របស់លោក ហ៊ុន សែនហើយបានលើកឡើងថា បន្ទាប់ពីធ្វើការសិក្សា លើវីដេអូឯកសារនោះ អាជ្ញាធរបានសន្និដ្ឋានថា ក្មេងស្រីទាំងនេះ និងម្តាយរបស់ពួកគេ “គឺជាជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដែលមានវប្បធម៌ និងទំនៀមទម្លាប់ខុសគ្នា”។

ចំណងជើងអត្ថបទព័ត៌មានដើមបានបង្ហាញអត្តសញ្ញាណក្មេងស្រីទាំងនេះថា ជាពលរដ្ឋខ្មែរ ប៉ុន្តែបានកែប្រែវិញភ្លាមៗ។ទាំងអត្ថបទព័ត៌មាន និងវីដេអូឯកសារមិនបានលើកឡើងដដែលៗពីការអះអាងនេះទេ។ អត្ថបទព័ត៌មាននេះក៏បានពណ៌នាតំបន់ស្វាយប៉ាកថា ជាសហគមន៍ដែលសម្បូរដោយជនអន្តោប្រវេសន៍វៀតណាមដែលគ្មានឯកសារត្រឹមត្រូវ។ អត្ថបទនេះបានដកស្រង់សម្តីលោក Brewsterដែលពណ៌នាតំបន់ស្វាយប៉ាកថា ជាចំណុចកណ្តាលនៃការជួញដូរផ្លូវភេទកុមារ ហើយ “ដល់ពេលមួយ” ត្រូវបានគេឃើញការជួញដូរនេះបានស្ងប់គួរឱ្យកត់សម្គាល់ ប៉ុន្តែមិនមែនបាត់ទាំងស្រុងទេ។

អត្ថបទព័ត៌មាននេះក៏បានដកស្រង់សម្តីលោក Meldrum ដែលបានសរសើរដល់នគរបាលមូលដ្ឋានផងដែរ ប៉ុន្តែបានបន្ថែមថា ការជួញដូរកុមារនៅតែមាន។

និយាយជាមួយកាសែត ខេមបូឌា ដេលី កាលពីថ្ងៃអង្គារ លោក James McCabe នាយកប្រតិបត្តិការនៃអង្គភាពគាំពារកុមារ ជាប្រតិបត្តិការនគរបាលដែលគាំទ្រដោយអង្គការមូលនិធិកុមារកម្ពុជាបានមានប្រសាសន៍ថា លោកមិនបានឃើញករណីស្ត្រីជាម្តាយជនជាតិខ្មែរលក់កូនស្រីរបស់ខ្លួនឡើយចាប់តាំងពីអង្គភាពនេះបានចាប់ផ្តើមការងារនៅពាក់កណ្តាលឆ្នាំ២០១៣។ លោកបានថ្លែងថា “អ្វីដែលខ្ញុំបារម្ភ គឺយើងមិនដឹងពីស្ថានភាពនោះទាល់តែសោះ”។

លោក សំលៀង សិលា នាយកប្រចាំប្រទេសអង្គការសកម្មភាពដើម្បីកុមារបានមានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាល របស់លោកមិនដែលបានអះអាងពីករណី បែបនេះឡើយ ប៉ុន្តែ លោកមិននិយាយថា វាមិនដែលកើតឡើងនោះទេ។

ការសិក្សាកាលពីឆ្នាំ២០១៥របស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលគ្រិស្តសាសនាអាមេរិក រកឃើញថា មានការថយចុះច្រើនអំពីពេស្យាចារកុមារមិនទាន់គ្រប់អាយុក្នុងប្រទេសកម្ពុជារយៈពេល៣ឆ្នាំកន្លងមក ប៉ុន្តែ បានកត់សម្គាល់ថា ភាគច្រើននៃការជួញដូរនៅតែមានដោយប្តូររូបភាព ពីផ្ទះបនទៅជាបម្រើសេវាលួចលាក់តាមកន្លែងម៉ាស្សា និងហាងកាហ្វេជាដើម។ ការសិក្សានេះមិនបានលើកឡើងថា តើឪពុកម្តាយកុមារទាំងនោះជាប់ពាក់ព័ន្ធ ឬយ៉ាងណានោះឡើយ។

ទោះបីជាឥឡូវមានឪពុកម្តាយមួយចំនួនតូចបានលក់កូនរបស់ខ្លួនឱ្យបម្រើផ្លូវភេទក្តី តែគេនៅតែដឹង។ ក្នុងឆ្នាំ២០១៥ស្ត្រីខ្មែរបីនាក់ត្រូវបានផ្តន្ទាទោសពីបទជួញដូរពេស្យាចារកុមារក្នុងរាជធានីភ្នំពេញ រួមមានស្ត្រីជាម្តាយម្នាក់ផង ដែលត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទលក់កូនស្រីរបស់ខ្លួន។ វាជាអ្វីដែលអង្គការមេត្រីអន្តរជាតិបានប្រយុទ្ធប្រឆាំងរយៈពេលជាងមួយទសវត្សរ៍មកនេះ។

យោងតាមគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា បន្ទាប់ពីបានចាប់ផ្តើមក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៨៨ជា”អង្គការជំនួយមនុស្សធម៌” អង្គការមិនមែនរដ្ឋាភិបាលនេះបានផ្តោតជាថ្មីលើការងាររបស់ខ្លួនក្នុងឆ្នាំ២០០៥ ស្តីពី”ការបញ្ចប់អំពើអាក្រក់ដែលយកកុមារធ្វើជាទាសករផ្លូវភេទ”។

ចាប់តាំងពីពេលនោះមកអង្គការនេះបានបើកមជ្ឈមណ្ឌលស្នាក់នៅ និងមជ្ឈមណ្ឌលសហគមន៍ដើម្បីជួយជនរងគ្រោះស្តារនីតិសម្បទា និងជាកន្លែងការងារដើម្បីឱ្យពួកគេស្វែងរកការងារធ្វើនៅតាមឧស្សាហកម្មកាត់ដេរជាដើម។

នៅក្នុងបទសម្ភាសន៍ជាមួយ បណ្ដាញសារព័ត៌មាន CNN លោក Brewster  បានលើកឡើងថា អង្គការមេត្រីអន្តរជាតិបានជួយសង្គ្រោះមនុស្សជាង៧០០នាក់ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ។ ប្រសិនបើអង្គការមិនមែនរដ្ឋាភិបាលនេះត្រូវបានបិទ និងបណ្តេញ ចេញមែននោះ វាមិនមែនជាលើកទី១នោះទេ។

ក្នុងឆ្នាំ២០១១រដ្ឋាភិបាលបានព្យួរអង្គការ សមាគមធាងត្នោតជាអង្គការសិទ្ធិលំនៅដ្ឋានដោយមិនកំណត់ពេល ដោយចោទថា បានញុះញង់ពលរដ្ឋជាច្រើនគ្រួសារអំពីហានិភ័យនៃការបាត់បង់ដី និងផ្ទះសម្បែងដោយសារគម្រោងផ្លូវរថភ្លើងឲ្យជំទាស់នឹងផែនការរបស់រដ្ឋាភិបាល។ អង្គការនេះបានបន្តប្រតិបត្តិការឡើងវិញក្នុងរយៈពេលមួយឆ្នាំ ហើយនៅតែបើកដដែល។

ក្នុងឆ្នាំ២០០៥រដ្ឋាភិបាលបានបណ្តេញអង្គការក្លូបលវីតណេស (Global Witness) បន្ទាប់ពីមានរបាយការណ៍រិះគន់ ដែលអង្គការ មិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះបានចេញផ្សាយដោយភ្ជាប់ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីទៅនឹងការជួញដូរឈើខុសច្បាប់ក្នុងប្រទេស។

លោក សឿង សារ៉ន នាយកប្រតិបត្តិអង្គការសមាគមធាងត្នោតបានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានឃើញការប្រៀបធៀបមួយចំនួនរវាងបទពិសោធន៍របស់អង្គការមិនមែនរដ្ឋាភិបាលរបស់លោក និងបទពិសោធន៍របស់អង្គការមេត្រីអន្តរជាតិ។

លោកបានថ្លែងថា លោកមិនដឹងព័ត៌មានលម្អិតនៃអត្ថបទព័ត៌មានរបស់បណ្តាញសារព័ត៌មាន CNN ឬការអះអាងរបស់រដ្ឋាភិបាលអំពីរឿងនេះឡើយ ប៉ុន្តែ បានលើកឡើងថា អង្គការមេត្រីអន្តរជាតិ គួរតែមានឱកាសការពារខ្លួនមុនពេលក្រុមមន្ត្រីសម្រេចលើជោគវាសនារបស់ខ្លួន។

លោកបានថ្លែងថា “រដ្ឋាភិបាលគួរផ្តល់ឱកាសដល់អង្គការនេះបញ្ជាក់សិន មុនពេលធ្វើការបិទ។ ពួកគេគួរតែផ្តល់ឱកាសឱ្យអង្គការនេះ បង្ហាញភ័ស្តុតាង”៕ ស៊ុយឈាង និង សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស