33 C
Phnom Penh

បុរស​ម្នាក់ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​សារ​ហ្វេសប៊ុក​អំពី​ការ​​ចាប់ក្មេង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសម្នាក់នៅខេត្តតាកែវ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីគាត់បានបង្ហោះសារតាមហ្វេសប៊ុកថា បុរសជនជាតិវៀតណាមពីរនាក់បានដេញតាមចាប់ក្មួយស្រីរបស់ប្រពន្ធគាត់ ជារឿងមួយដែលក្មួយស្រីអាយុ១៤ឆ្នាំនោះ និងគ្រួសាររបស់នាងបានបដិសេធថាមិនពិត នេះបើយោងតាមអ្នកនាំពាក្យសាលាដំបូងខេត្តនេះបានបញ្ជាក់កាលពីម្សិលមិញ។

លោក លី ឆៃយ៉ា ត្រូវបានចោទប្រកាន់កាលពីយប់ថ្ងៃអង្គារ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ បទផ្សព្វផ្សាយព័ត៌មានមិនពិតអាចមានទោសជាប់ពន្ធនាគារពី១ឆ្នាំដល់២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល (ប្រហែល១.០០០ដុល្លារ) ហើយបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋមានទោសជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។

បទចោទប្រកាន់ទាំងនេះធ្វើឡើង បន្ទាប់ពីសុន្ទរកថាខ្លាំងៗដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងរាជធានីភ្នំពេញ នៅមុននេះក្នុងថ្ងៃដដែល ដោយក្នុងនោះលោកបានថ្កោលទោសពាក្យចចាមអារ៉ាមសុសសាយតាមបណ្ដាញទំនាក់ទំនងសង្គមអំពីការចាប់កូនក្មេងដែលកើតឡើងទូទាំងប្រទេស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក “កុំបង្កើតបញ្ហា”។

ពាក្យចចាមអារ៉ាមចាប់កូនក្មេងដែលត្រូវបានចែករំលែកតៗគ្នារាប់ម៉ឺនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ច្រើនតែមានអមដោយការចោទប្រកាន់លើជនសង្ស័យវៀតណាម និងហេតុផលវះយកគ្រឿងក្នុងរបស់មនុស្ស។

នគរបាលមូលដ្ឋាន និងនគរបាលជាតិបានលើកឡើងម្ដងហើយម្ដងទៀតថា ការរាយការណ៍ទាំងនោះមិនមែនជាការពិត ហើយអះអាងថាមានក្រុមមួយស្ថិតនៅពីក្រោយពាក្យចចាមអារ៉ាមទាំងនោះ ប៉ុន្តែមន្ត្រីបានបដិសេធមិនផ្ដល់ភ័ស្តុតាងសម្រាប់ការសន្និដ្ឋានបែបនេះឡើយ។

លោក សំលៀង សិលា នាយកប្រតិបត្តិនៃអង្គការសកម្មភាពដើម្បីកុមារ ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរកុមារដែលសហការជាមួយនគរបាលកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោក “មិនធ្លាប់ជួបករណី” ពាក់ព័ន្ធការចាប់មនុស្ស និងការវះយកគ្រឿងក្នុងទេនៅប្រទេសកម្ពុជា ហើយលោកគ្រាន់តែឮបទល្មើសបែបនេះតាមរយៈពាក្យចចាមអារ៉ាមក្នុងបណ្ដាញទំនាក់ទំនងសង្គមប៉ុណ្ណោះ៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស