27 C
Phnom Penh

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវ​ឱ្យ​​ដក​រដ្ឋមន្ត្រី​​មាត់​ឥតគម្រប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកមិនយល់ថា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនឹងប្រឈមវិធានការវិន័យនោះទេ បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះនិយាយប្រាប់អំពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំសម្ងាត់របស់គណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះរួមមានទាំងការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយអ្នកតវ៉ានឹងគល់ឫស្សីផងដែរ។

ទោះជាយ៉ាងណា លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំតំបន់អាស៊ីបានអំពាវនាវឱ្យដកលោក វង សូត ចេញពីតំណែងទាក់ទិនការពាក្យសម្ដី “ដ៏គួរឱ្យភ្ញាក់ផ្អើល” នេះដែលបង្ហាញពី “ហេតុផលរបស់ជនផ្ដាច់ការ”។

កាលពីថ្ងៃច័ន្ទ លោក វង សូត បាននិយាយប្រាប់មន្ត្រីមួយក្រុម និងអ្នកយកព័ត៌មានប៉ុន្មាននាក់អំពីខ្លឹមសារនៃកិច្ចប្រជុំរបស់គណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោតក្រោមអធិបតីភាពរបស់លោក ហ៊ុន សែន ដោយលោកបានលើកឡើងបន្ទរតាមផែនការរបស់លោក ហ៊ុន សែន ដែលត្រៀមប្រើកម្លាំងបាយដើម្បីដោះស្រាយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។

រដ្ឋមន្ត្រីរូបនេះមានប្រសាសន៍ថា លោករវល់ណាស់ គ្មានពេលធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ចំណែកឯលោក ឯម ចាន់មករា ដែលជាអ្នកនាំពាក្យរបស់លោកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ ដោយគ្រាន់តែលើកឡើងថា វាពាក់ព័ន្ធបញ្ហានយោបាយជាជាងបញ្ហារបស់ជាតិ។

ទោះបីជាបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាអំពីការបោះឆ្នោតឃុំ សង្កាត់ និងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិក្ដី ក៏លោក ផៃ ស៊ីផាន បានបដិសេធមិនបញ្ជាក់ពីខ្លឹមសារនៃកិច្ចប្រជុំនេះទេ ដោយលោកថ្លែងថា លោក “គ្មានសិទ្ធិបរិយាយអំពីវាទេ”។

លោកមានប្រសាសន៍ថា “អ្នកណាក៏ដោយដែលមិនគោរពការសម្ងាត់ នឹងមានបញ្ហា។ មិនមែនជាបញ្ហារបស់ខ្ញុំទេ”។

ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន មិនយល់ថាលោក វង សូត នឹងប្រឈមវិធានការវិន័យរបស់គណបក្ស ឬរបស់រដ្ឋដោយសារតែការនិយាយប្រាប់ពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំនោះ និងការគំរាមវាយដោយគល់ឫស្សី ដែលអ្នកនាំពាក្យរូបនេះនិយាយថាវាគ្រាន់តែជាពាក្យដែលខ្មែរប្រើប្រាស់តាំងពីបរមបុរាណមក ហើយវាគ្មានអ្វីធ្ងន់ធ្ងរទេ។

អ្នកនាំពាក្យរូបនេះបានលើកឡើងសំដៅដល់ព្រះសង្ឃចំណាស់ថា “កាលខ្ញុំនៅពីក្មេង ព្រះគ្រូចៅអធិការវត្តធ្លាប់ប្រើគល់ឫស្សី។ លោកវ៉ៃយើងនឹងគល់ឫស្សី…។ ‘ហ្អេ ចង់ត្រូវនឹងគល់ឫស្សីហ្អី?’”។

ប៉ុន្តែលោក ហ្វីល រ៉ូបឺតសុន ដែលកាលពីសប្ដាហ៍មុនបានទាមទារឱ្យក្រុមប្រឹក្សាធម្មនុញ្ញលាឈប់ដោយសារការចុះហត្ថលេខាលើវិសោធនកម្មដ៏ចម្រូងចម្រាសនៃច្បាប់ស្ដីពីគណបក្សនយោបាយ បានមានប្រសាសន៍ថា រដ្ឋមន្ត្រីរូបនេះសមនឹងដកចេញពីមុខតំណែងដោយសារពាក្យសម្ដីបែបនេះ។

លោក ហ្វីល រ៉ូបឺតសុន បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយថា លោក វង សូត “ច្បាស់ណាស់ថាមិនស័ក្ដិសមមុខតំណែងលើកកម្ពស់សុខុមាលភាពសង្គមទេ នៅពេលគាត់គិតថា វាជារឿងត្រឹមត្រូវក្នុងការគំរាមវាយដំប្រជាពលរដ្ឋនឹងគល់ឫស្សី បើពួកគាត់ហ៊ានបញ្ចេញមតិផ្ទុយពីរដ្ឋាភិបាល ឬធ្វើការតវ៉ាដោយសន្តិវិធីដើម្បីបង្ហាញពីភាពអយុត្តិធម៌របស់ខ្លួន”។

រដ្ឋមន្ត្រីរូបនេះហាក់ដូចល្ងង់ខ្លៅដោយ “បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលមិនល្អស្រាប់ទៅហើយនៅលើឆាកអន្តរជាតិ និងបានបញ្ជាក់ពីអ្វីដែលមនុស្សជាច្រើនកំពុងនិយាយថា ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងភាពផ្ដាច់ការដោយងាយរួចទៅហើយ សូម្បីនៅមុនការបោះឆ្នោតឆ្នាំ២០១៨”។

លោក កែវ ឌួង សាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានជំនាញឯកទេសខាងប្រវត្តិសាស្ត្រខ្មែរក្រហមបានមានប្រសាសន៍ថា របបខ្មែរក្រហមបានប្រើគល់ឫស្សី និងអាវុធជាច្រើនប្រភេទទៀតដើម្បីសម្លាប់ជនរងគ្រោះ។

ទោះជាយ៉ាងណា ពាក្យថាគល់ឫស្សីគ្មានទំនាក់ទំនងជាក់លាក់ទៅនឹងរបបនេះទេ ដោយពេលខ្លះប្រជាពលរដ្ឋខ្មែរ មានវ័យចំណាស់មួយចំនួនចូលចិត្តប្រើពាក្យស្បែកជើងជំនួសពាក្យគល់ឫស្សីដើម្បីព្រមានកូនដែលមិនស្ដាប់បង្គាប់ឲ្យស្ងាត់មាត់។

លោកបានបន្តថា “ប៉ុន្តែគល់ឫស្សី…វាខ្លាំងជាងស្បែកជើង”៕ សុខុម (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស