​​​ស្ត្រី​ជនជាតិ​​​អូស្ត្រាលីដែលធ្វើជា​​​​អន្តរការី​​​សេវា​​​ពពោះជំនួស​ជាប់ពន្ធនាគារ​​១៨​​​ខែ​​​

អង្គុយនៅក្នុងបន្ទប់មួយកាលពីព្រឹកម្សិលមិញ អ្នកស្រី Tammy Davis-Charles  បានយកដៃក្តោបមុខហើយបានយំខ្សឹកខ្សួល ក្រោយពេលតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោស។

ចៅក្រម ស៊ លីនណា នៅសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកស្រី Davis-Charles អាយុ៤៩ឆ្នាំឱ្យជាប់ពន្ធនាគាររយៈ ពេល១៨ខែដោយសារធ្វើជាអន្តរការីសេវាពពោះជំនួសដោយជួយនាំឪពុកម្តាយបរទេសដែលត្រូវការឱ្យគេពពោះជំនួសជួបជាមួយស្ត្រីកម្ពុជាដែលស្ម័គ្រចិត្តស៊ីឈ្នួលពពោះជំនួស។

នៅក្នុងសំណុំរឿងព្រហ្មទណ្ឌតែមួយគត់នេះដែលរដ្ឋាភិបាលបានបន្តចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីអាជីវកម្មដែលមានពេលមួយបានរីកដុះដាលយ៉ាងឆាប់រហ័សនេះត្រូវបានហាមឃាត់កាលពីខែតុលានោះ អ្នកស្រី Davis-Charles  ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ត្រាខ្លែង និងបទអន្តរការរវាងអ្នកសុំកូន និងស្ត្រីពពោះ។ អ្នកស្រីក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន៤លានរៀលផងដែរ។

អ្នកស្រី Tammy Davis-Charles មកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ សម្រាប់ការបើកសវនាការជំនុំជម្រះសំណុំរឿងដែលអ្នកស្រីមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការសេវាពពោះជំនួសនៅកម្ពុជា។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកស្រី Tammy Davis-Charles មកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ សម្រាប់ការបើកសវនាការជំនុំជម្រះសំណុំរឿងដែលអ្នកស្រីមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការសេវាពពោះជំនួសនៅកម្ពុជា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ស្ត្រីជនជាតិអូស្ត្រាលីរូបនេះជាប់ពន្ធនាគារ៩ខែរួចមកហើយនៅព្រៃស កន្លែងដែលអ្នកស្រីត្រូវបានឃុំខ្លួនរង់ចាំការបើកសវនាការចាប់តាំងពីត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាមក។

គូកនពីរនាក់ដែលសមគំនិតជាមួយអ្នកស្រី គឺឈ្មោះ សំរិទ្ធ ចរិយា អាយុ៣៥ឆ្នាំ និងពេជ្រ រិទ្ធី អាយុ២៨ឆ្នាំ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះនិងពិន័យជាប្រាក់ចំនួន២លានរៀលក្នុងម្នាក់ៗ សម្រាប់បទល្មើសដដែលនេះ។

ចៅក្រម ស៊ លីនណា បានថ្លែងមុនពេលប្រកាសសាលក្រមថា “តុលាការរកឃើញថា អំឡុងឆ្នាំ២០១៥ដល់ឆ្នាំ២០១៦ពិតជាមានអង្គហេតុនៃអំពើរបស់ជនជាប់ចោទទាំង៣ ហើយទោះបីជាដឹងថា ខុសច្បាប់ អ្នកទាំង៣នៅតែសម្រួលឱ្យមានការនាំទារកទៅ ក្រៅប្រទេស”។

ស្ថិតក្នុងសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូច អ្នកស្រី Davis-Charles បានគ្រវីក្បាលជាច្រើនលើកច្រើនសាពេលចៅក្រមមានប្រសាសន៍ ខណៈអ្នកស្រី សំរិទ្ធ ចរិយា ដែលមានកូនអាយុ៤ខែនៅពេលចាប់ខ្លួន បានយំខ្សឹកខ្សួលនៅក្នុងតុលាការ។

អ្នកទាំង៣នេះត្រូវបានឃាត់ខ្លួនបន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបភ្លាមៗលើអាជីវកម្មផ្តល់សេវាពពោះជំនួសដែលបានផ្លាស់មកប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានចាត់ទុកថា ខុសច្បាប់នៅក្នុងប្រទេសតំបន់អាស៊ីផ្សេងៗទៀត រួមមានប្រទេសថៃ និងប្រទេសនេប៉ាល់ផង។

ឪពុកម្តាយដែលឱ្យគេពពោះជំនួសរាប់សិបនាក់កំពុងស្ថិតនៅក្នុងស្ថានភាពផ្លូវច្បាប់ទៅមុខមិនរួចដោយមិនអាចនាំយកកូនដែលគេពពោះជំនួសចេញទៅប្រទេសរបស់ខ្លួនបានឡើយ ជាហេតុនាំឱ្យមានអ្នកខ្លះនាំកូនរបស់ខ្លួនឆ្លងកាត់ព្រំដែនដោយខុសច្បាប់ហើយឆ្ពោះទៅប្រទេសកំណើតរបស់ខ្លួន។ គោលការណ៍ណែនាំផ្លូវការស្តីអំពីថា តើឪពុកម្តាយឱ្យគេពពោះជំនួសអាចយកកូនរបស់ខ្លួនចេញដោយស្របច្បាប់ដោយសហការជាមួយស្ថានទូតរបស់ពួកគេតាមរបៀបណានោះ ឥឡូវនេះរដ្ឋាភិបាលបានចេញហើយ ប៉ុន្តែ ច្បាប់ផ្លូវការនៅមិនទាន់ឈានដល់ដំណាក់ការសម្រេចជាចុងក្រោយនៅឡើយទេ ហើយនៅតែស្ថិតនៅក្នុងស្ថានភាពដែលមិនទាន់មានការកំណត់ច្បាស់លាស់។

អំឡុងពេលបើកសវនាការកាលពីខែមុន អ្នកស្រី Davis-Charles បានយំពេលអ្នកស្រីរៀបរាប់ពីស្ថានភាពលំបាកដោយសារតែសំណុំរឿងនេះ ដោយលើកឡើងថា អ្នកស្រីស្រកទម្ងន់អស់២០គីឡូ និងមានជំងឺមហារីកនៅភ្នែកខាងឆ្វេង។ ម្តាយដែលមានកូន៦នាក់ក្នុងបន្ទុករូបនេះបានលើក   ឡើងថា កូនប្រុសភ្លោះអាយុ៥ឆ្នាំរបស់អ្នកស្រីដែលកើតតាមរយៈការពពោះជំនួសនៅប្រទេសថៃមិនដឹងថា ថ្ងៃណាបានឃើញអ្នកស្រីត្រឡប់ទៅផ្ទះវិញទេ។

អ្នកស្រីបាននិយាយថា “ខ្ញុំបាត់បង់អ្វីៗអស់ហើយ”។ អ្នកស្រីក៏បានអះអាងផងដែរថា អ្នកស្រី និងមិនមកប្រទេសកម្ពុជាទេ បើដឹងថា វាខុសច្បាប់នោះ។

អ្នកស្រី Davis-Charles បានរស់នៅក្នុងប្រទេសថៃ ជាន្លែងដែលអ្នកស្រីបានបង្កើតមន្ទីរសំរាកព្យាបាល PGD ជាមួយប្តីអ្នកស្រី ឈ្មោះ Simon Davis បន្ទាប់ពីអ្នកស្រីចាកចេញពីប្រទេសកំណើតគឺប្រទេសអូស្ត្រាលី។

អំឡុងពេលបើកសវនាការអ្នកស្រី Davis-Charles អះអាងថាអ្នកស្រីគ្រាន់តែជាតួអង្គតូចតាចប៉ុណ្ណោះក្នុងបណ្តាញពពោះជំនួសនៅកម្ពុជាដោយមានអន្តរការីម្នាក់នៅក្នុងទីក្រុងបាងកកជាអ្នកដឹកនាំប្រតិបត្តការនេះ ហើយអតិថិជនត្រូវបានណែនាំមករកអ្នកស្រីដោយមន្ទីរសំរាកព្យាបាលកម្ពុជា (FCC) នៅក្នុងរាជធានីភ្នំពេញ។

អ្នកស្រីបានប្រាប់តុលាការថា ឪពុកម្តាយឱ្យគេពពោះជំនួសបានបង់ប្រាក់រហូតដល់ទៅ៥០.០០០ដុល្លារដើម្បីទទួលបានកូនតាម រយៈការពពោះជំនួសដោយអ្នកស្រីទទួលបាន៨.០០០ដុល្លារសម្រាប់ការផ្តល់សេវាប្រឹក្សា។ម្តាយពពោះជំនួសជនជាតិកម្ពុជា ទទួលបានប្រហែល១០.០០០ដុល្លារ។

គេជឿថា អ្នកស្រីកំពុងមើលថែទាំម្តាយពពោះជំនួសចំនួន២៣នាក់ដោយកូនៗដែល បានមកតាមរយៈការពពោះជំនួសនឹងត្រូវនាំទៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។

អ្នកស្រី Tammy Davis-Charles មកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ សម្រាប់ការបើកសវនាការជំនុំជម្រះសំណុំរឿងដែលអ្នកស្រីមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការសេវាពពោះជំនួសនៅកម្ពុជា។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកស្រី Tammy Davis-Charles មកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ សម្រាប់ការបើកសវនាការជំនុំជម្រះសំណុំរឿងដែលអ្នកស្រីមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការសេវាពពោះជំនួសនៅកម្ពុជា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អ្នកស្រីបានច្រានចោលការលើកឡើងលើកមុនថា អ្នកស្រីបានជ្រើសរើសស្ត្រីកម្ពុជាឱ្យធ្វើជាម្តាយពពោះជំនួសសម្រាប់អតិថិជន ដោយបានលើកឡើងថា អ្នកស្រីមិនដែលនិយាយបែបនេះទេ ហើយថា អ្នកបកប្រែមិនដឹងថា អ្នកស្រីចង់និយាយអំពីអ្វីនៅពេលនោះដោយអះអាងថា អ្នកស្រីគ្រាន់តែ “មើលថែទាំពួកគេ” ប៉ុន្តែមិនបានទៅទាក់ទងពួកគេទេ។

អ្នកស្រី Davis-Charlesបានប្រាប់តុលាការកាលពីខែមិថុនាថា អ្នកស្រីបានជួល អ្នកស្រី សំរិទ្ធ ចរិយា ជាគិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យព្រះសីហនុក្នុងរាជធានីភ្នំពេញ  ហើយថា លោក ពេជ្រ រិទ្ធី ដែលជាមន្ត្រីនៅក្រសួងពាណិជ្ជកម្មបានរត់ការរាល់សំណុំបែបបទទាំងអស់។អ្នកស្រីបានអះអាងទៀតថា លោក ពេជ្រ រិទ្ធី ធ្វើការឱ្យក្រុមហ៊ុនអន្តរការីនៅទីក្រុងបាងកកឈ្មោះ Sy Management ដែលលោក ពេជ្រ រិទ្ធី បានបដិសេធ។

ពេលចាកចេញពីបន្ទប់សវនាការកាលពីម្សិលមិញ អ្នកស្រី Tammy Davis-Charles  បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ មុនពេលពាក់វែ៉នតា ហើយដើរចូលទៅក្នុងបន្ទប់ ជាកន្លែងដែលអ្នកស្រីបានយំ និងមិនព្រមទទួលយកការលួងលោមរបស់ចុងចោទដែលជាប់ទោសជាមួយអ្នកស្រី ហើយបន្ទាប់មកបានបែរមុខទៅនឹងជញ្ជាំង។

ទោះជាយ៉ាងណា លោក Stephen Page មេធាវីជនជាតិអូស្ត្រាលីជំនាញខាងពពោះជំនួសមិនសូវជាមានការអាណិតអាសូរទេ។ លោកបានលើកឡើងក្នុងអីុម៉េលមួយថា “ច្បាប់កម្ពុជាស្តីអំពីការពពោះជំនួសនៅតែគ្មានភាពច្បាស់លាស់។ ពេលរដ្ឋាភិបាលលើកឡើងថា បញ្ហានេះដាច់ខាតត្រូវតែបញ្ឈប់ អ្នកស្រី Davis-Charles គួរតែចាប់អារម្មណ៍យកចិត្តទុកដាក់លើសារនេះ ហើយឈប់ភ្លាមៗ”។

លោកបានបន្តថា “តាមពិតទៅគឺថា អ្នកស្រី មិនឈប់ទេ ហើយបន្តផ្សព្វផ្សាយទាក់ទាញឱ្យឪពុកដែលចង់ឱ្យគេពពោះជំនួសមកប្រទេសកម្ពុជាបន្តទៀត”។

លោកបានបន្ថែមទៀតថា “គេគិតថា អ្នកស្រីគឺជាកាប់ពីតែននាវាទីតានិក ដែលគេប្រាប់ថា មានផ្ទាំងទឹកកក ប៉ុន្តែ នៅតែចចេសបន្តដំណើរទៅមុខ”។លោកបានបន្តទៀតថា “និយាយឱ្យសាមញ្ញទៅអ្នកស្រីធ្វេសប្រហែសដោយមិនគ្រាន់តែមិនគិតពីខ្លួនឯងទេ ប៉ុន្តែ ថែមទាំងមិនគិតដល់ឪពុកម្តាយដែលត្រូវការឱ្យគេពពោះជំនួស អ្នកស៊ីឈ្នួលពពោះជំនួសដែលអ្នកស្រីបញ្ចុះបញ្ចូលឱ្យពពោះជំនួសសម្រាប់ជនបរទេស និងជាពិសេសអាយុជីវិតក្មេងៗ ដែលងាយរងគ្រោះបំផុតថែមទៀតផង”។

លោក Stephen Page មានប្រសាសន៍ថា ការក្លែងឯកសារមិនគួរជាអ្វីដែលប្ដីប្រពន្ធកំពុងរង់ចាំកូនត្រូវដឹងនោះទេ។

លោកលើកឡើងថា “គ្មានឪពុកម្ដាយណាចង់ក្លាយជាភាគីក្លែងបន្លំទាក់ទិនវិធីដែលកូនរបស់ខ្លួនត្រូវបានពពោះ និងកើតនោះទេ” ហើយថា នៅតែមានឪពុកម្ដាយកំពុងរង់ចាំកូនរបស់ខ្លួនពីប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ទៀតថា ” អ្នកស្រី Tammy Davis-Charles បានដឹងពីហានិភ័យទាំងនេះ ប៉ុន្តែគាត់មិនបានអើពើនឹងវា។ ខ្ញុំសង្ឃឹមថាគាត់នឹងលែងពាក់ព័ន្ធសេវាកម្មពពោះជំនួស និងបង្កកំណើតទៀត”។

លោក Sam Eveningham នាយកអង្គការតស៊ូមតិ Families Through Surrogacy ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីមានប្រសាសន៍ថា លោកមានការអាណិតអាសូរខ្លះចំពោះអ្នកស្រី Davis-Charles ប៉ុន្តែចាត់ទុកទង្វើរបស់គាត់ថា “មិនខ្វល់”។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា  ”ខ្ញុំពិតជាមានការអាណិតអាសូរចំពោះអ្នកស្រី Tammy Davis-Charles ដោយសារតែគាត់ជាប់ទោសរយៈពេលវែង និងដោយសារតែមូលហេតុរបស់គាត់គឺមានបំណងជួយប្ដីប្រពន្ធដែលគ្មានកូន”។

លោកបានបន្តថា “ទោះជាយ៉ាងណា ខ្ញុំពិតជាយល់ថាគាត់ធ្វើប្រតិបត្តិការដោយមិនខ្វល់អ្វីទាំងអស់ក្នុងបរិយាកាសដែលគ្មានច្បាប់ទម្លាប់ក្នុងនាមជាជនបរទេស” ហើយថា វាច្បាស់ណាស់ថា សមត្ថកិច្ចចង់យកករណីនេះធ្វើជាគំរូ”។

លោក Sam Eveningham មានប្រសាសន៍ថា តាមដែលលោកដឹងគឺថា នៅប្រទេសអូស្ត្រាលីគ្មានប្ដីប្រពន្ធណាកំពុងរង់ចាំកូនពីប្រទេសកម្ពុជាទេ។

បើទោះបីជាតុលាការកំពុងតែបន្តនីតិវិធីផ្លូវច្បាប់ប្រឆាំងអ្នកស្រី Davis-Charles និងសហការីជនជាតិខ្មែររបស់គាត់ក្ដី ក៏សមត្ថកិច្ចហាក់ដូចជាប្រឹងប្រែងតិចតួចណាស់នៅក្នុងការស៊ើបអង្កេតលើអ្នកផ្ដល់សេវាពពោះជំនួស និងអន្តរការីសេវាពពោះជំនួសមួយចំនួនក្នុងចំណោម៥០នាក់ ដែលអ្នកជំនាញខាងឧស្សាហកម្មនេះនិយាយថា កំពុងធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជា នៅពេលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អំពាវនាវឱ្យមានបម្រាមលើសេវានេះ។

កាលពីខែមិថុនា លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានប្រសាសន៍ថា មន្ទីរសំរាកព្យាបាលកម្ពុជានឹងមិនត្រូវបានកោះហៅទៅសួរនាំទេ បើទោះបីជាមន្ទីរសំរាកព្យាបាលមួយនេះពាក់ព័ន្ធខ្លាំងនៅក្នុងសំណុំរឿងអ្នកស្រី Davis-Charles ក្ដី។

ទាក់ទិនបញ្ហានេះ មន្ត្រីមកពីគណៈកម្មាធិការជាតិដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕ ស៊ុយឈាង និង សុខុម

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.