31 C
Phnom Penh

​សត្រូវ​រដ្ឋាភិបាលត្រូវ​​​​​​​តុលា​ការ​​​​ចេញ​​ដីកា​​​បញ្ជាឲ្យ​ចូល​​​​ខ្លួន​​​​​ក្នុង​សំណុំរឿង​​ចាស់​​តាំង​ពី​១០ឆ្នាំមុន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយមានជម្លោះរឿងគាំទ្រជាមួយគណបក្សប្រជាជនកម្ពុជា លោក ញឹក ប៊ុនឆៃ ដែលជាប្រធានគណបក្សតូចមួយត្រូវបាននាំខ្លួនកាលពីម្សិលមិញទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរទាក់ទិនសំណុំរឿងគ្រឿងញៀនមួយដែលកើតឡើងតាំងពី១០ឆ្នាំមុន។

លោក ញឹក ប៊ុនឆៃ អាយុ៥៩ឆ្នាំ ដែលជាអតីតឧត្ដមសេនីយ៍ក្នុងជួរគណបក្សហ្វុ៊នស៊ិនប៉ិច អំឡុងពេលគណបក្សនេះចែកអំណាចគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលចាប់តាំងពីបែកធ្លាយខ្សែអាត់សន្ទនាតាមទូរស័ព្ទរបស់លោកកាលពីខែមិថុនា ដែលនៅក្នុងខ្សែអាត់នោះលោកបានសន្យាគាំទ្រគណបក្សសង្គ្រោះជាតិ។

ចាប់តាំងពីលោក ញឹក ប៊ុនឆៃ ត្រូវបានដកចេញពីតួនាទីទីប្រឹក្សារដ្ឋាភិបាលនៅក្នុងខែនោះ សមាជិកនៃគណបក្សខ្មែររួបរួមជាតិរបស់លោកត្រូវបានបញ្ឈប់ពីការងារក្នុងជួររដ្ឋាភិបាលជាបន្តបន្ទាប់។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍កាលពីរសៀលម្សិលមិញថា លោក ញឹក ប៊ុនឆៃ កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកថ្លែងថា “នគរបាលគ្រាន់តែអនុវត្តដីការបស់តុលាការពាក់ព័ន្ធការផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ”។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សូមរំឭកថា នៅនាំ២០០៧ លោក ញឹក ប៊ុនឆៃ បានជាប់ពាក់ព័ន្ធក្នុងករណីឆ្មក់បង្ក្រាបគ្រឿងញៀនដ៏ធំមួយនៅខេត្តកំពង់ស្ពឺ ដែលពេលនោះនគរបាលដកហូតបានសារធាតុផ្សំផលិតថ្នាំញៀនមេតំហ្វេតាមីនចន្លោះពី៤០០ទៅ៥០០គីឡូក្រាមនៅលើទីតាំងដីមួយកន្លែងទំហំ២០ហិកតា។ លោក ញឹក ប៊ុនឆៃ បានបដិសេធថាលោកមិនជាប់ពាក់ព័ន្ធទេ ប៉ុន្តែអតីតទីប្រឹក្សាម្នាក់របស់លោកត្រូវបានកំណត់អត្តសញ្ញាណថាជាម្ចាស់ដីនោះ។

លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឱ្យលោក ញឹក ប៊ុនឆៃ ចូលខ្លួនដើម្បីសាកសួរកាលពីម្សិលមិញ។ព្រះរាជអាជ្ញារងរូបនេះបានបញ្ជាក់ក្នុងដីកាដែលចេញកាលពីយប់មិញនេះថានេះជាការសាកសួរពី “ដំណើររឿងសមគំនិតពីបទផលិតគ្រឿងញៀនខុសច្បាប់ និងនាំចូលសារធាតុផ្សំគ្រឿងញៀន” ប្រព្រឹត្តកាលពីឆ្នាំ២០០៧។

លោក នេត សាវឿន ដែលពីដំបូងមានប្រសាសន៍ថា ដីកាបញ្ជាឱ្យចូលខ្លួននេះពាក់ព័ន្ធករណីគ្រឿងញៀនក្នុងឆ្នាំ២០១២ បានបង្វែរសំណួរអំពីមូលហេតុដែលនគរបាលទើបតែចាត់វិធានការពេលនេះទៅសាលាដំបូងរាជធានី។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែលើកឡើងថា “សំណួរនេះនឹងប៉ះពាល់ដល់ដំណើរការរបស់តុលាការ”។

មន្ត្រីពីររូបនៃគណបក្សខ្មែររួបរួមជាតិ គឺលោក រុន មាត្រា ដែលជាអ្នកនាំពាក្យ និងលោក ម៉ៅ ផាន់ណា ដែលជាទីប្រឹក្សាផ្ទាល់បានលើកឡើងថា លោកទាំងពីរមិនដឹងថាមេរបស់ខ្លួនត្រូវបានឃុំខ្លួននោះទេ។ ចំណែកឯនៅផ្ទះរបស់លោក ញឹក ប៊ុនឆៃ និងទីស្នាក់ការកណ្ដាលរបស់គណបក្សនេះគឺគ្មានអ្នកណាឆ្លើយសំណួរឡើយ។

វិធានការរបស់សមត្ថកិច្ចបង្ហាញពីការកើនឡើងការវាយប្រហារលើលោក ញឹក ប៊ុនឆៃ និងគណបក្សរបស់លោក។ កាលពីខែមុន លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ថា រដ្ឋាភិបាលតម្រង់គោលដៅទៅរកអតីតឧត្ដមសេនីយ៍រូបនេះ និងសហការីរបស់គាត់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានខ្សែអាត់សន្ទនាដែលបែកធ្លាយខាងលើ។

លោក សុខ ឥសាន បានលើកឡើងនៅពេលនោះថា “មន្ត្រីណាមកពីគណបក្សរបស់ឯកឧត្ដម ញឹក ប៊ុនឆៃ ដែលនៅក្នុងជួររដ្ឋាភិបាល និងស៊ីប្រាក់ខែរបស់រដ្ឋាភិបាលត្រូវតែដកចេញ។ ពេលដៃគូមិត្តភាពមិនស្មោះត្រង់នឹងគ្នា យើងត្រូវតែបញ្ចប់វា”។

កាលពីម្សិលមិញ លោក ឈឹម ផលវរុណ ដែលជាអ្នកនាំពាក្យម្នាក់ទៀតរបស់រដ្ឋាភិបាលបានស្ដីបន្ទោសអ្នកយកព័ត៌មានម្នាក់ នៅពេលសួរលោកថាហេតុអ្វីបានជាតុលាការសើរើសំណុំរឿងចាស់ ខណៈពេលគណបក្សកាន់អំណាចកំពុងចាត់វិធានការលើលោក ញឹក ប៊ុនឆៃ និងគណបក្សរបស់លោក។                                    លោក ឈឹម ផលវរុណ បានសួរថា “អ្នកឯងប្រើពាក្យថា  ’សើរើ’…អ្នកឯងបម្រើជនបរទេស ហើយមេអ្នកឯងជាជនបរទេស។ តើអ្នកឯងបម្រើបរទេស ឬអ្នកឯងបម្រើការពិត?”។

ទាក់ទិញករណីនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមានប្រសាសន៍ថា ចំណាត់ការផ្លូវច្បាប់នេះបង្ហាញយ៉ាងច្បាស់ពីការរលំរលាយនៅក្នុងនីតិរដ្ឋ ព្រមទាំងការបែងចែកអំណាចនៅប្រទេសកម្ពុជា។

លោកលើកឡើងថា “ករណីនេះ [បង្ហាញ] ជាចរិតពិត ឬយុទ្ធសាស្ត្ររបស់ជនផ្ដាច់ការ”។ លោកបន្តថា “ជនផ្ដាច់ការជ្រើសរើសមនុស្សមួយចំនួនឱ្យជួយលើកតម្កើងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ដរាបណាអ្នកដែលជនផ្ដាច់ការបានជ្រើសរើសមិនទៅណា និងនៅតែស្មោះត្រង់ សហការ និងនៅតែជាមនុស្សសំខាន់ អ្នកនោះនឹងមិនមានបញ្ហាទេ”។

លោកមានប្រសាសន៍បន្ថែមទៀតថា “ប៉ុន្តែបើអ្នកនោះបង្ហាញភាពមិនស្មោះត្រង់ ឬក្លាយជាមនុស្សបង្កបញ្ហា ជនផ្ដាច់ការនឹងមិនស្ទាក់ស្ទើរក្នុងការកម្ចាត់អ្នកនោះចោលទេ”។

អ្នកវិភាគរូបនេះបានចាត់ទុកការលូកដៃពាក់ព័ន្ធរបស់នគរបាល និងតុលាការថាជា “នីត្យានុកូលភាពសង្គម”។ លោកបានថ្លែងថា “នេះមិនមែនជានីតិរដ្ឋទេ ប៉ុន្តែ…គឺប្រើប្រាស់ច្បាប់ជាឧបករណ៍អំណាចដើម្បីកម្ចាត់មនុស្សបែបនេះចោល”។ លោកបានគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិក៏កំពុងតែទទួលរងសម្ពាធនេះដែរ ដោយខំប្រវេសប្រវាសអនុវត្តតាមវិសោធនកម្មពីរលើច្បាប់ស្ដីពីគណបក្សនយោបាយដែលអាចធ្វើឱ្យគណបក្សនេះត្រូវបានរម្លាយចោល។ លោកបានព្យាករថា នឹងមាន “ការគាបសង្កត់១ឆ្នាំទៀត”  នៅមុនការបោះឆ្នោតជាតិឆ្នាំក្រោយ៕ សុខុម (រាយការណ៍បន្ថែមដោយ វណ្ណ រើន)

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស