26 C
Phnom Penh

លោក ញឹក ប៊ុនឆៃ ​ប្រធាន​បក្ស​​​ខ្មែរ​រួបរួម​ជាតិ​ត្រូវ​បាន​តុលា​ការ​​​​​​ចោទ​ប្រកាន់ និង​ដាក់​​​​ពន្ធនាគារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍មួយថា កាលពីម្សិលមិញ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានចោទប្រកាន់ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀនមួយតាំងពី១០ឆ្នាំមុន គឺចំពេលដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចកំពុងចាត់វិធានការលើរូបលោក និងគណបក្សរបស់លោក ពីព្រោះអ្នកទោសម្នាក់ទើបតែធ្វើការចោទប្រកាន់ថ្មី។

សេចក្ដីថ្លែងការណ៍នេះដែលចេញកាលពីម្សិលមិញដោយលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារដូច្នេះថា “អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ញឹក ប៊ុនឆៃ ភេទប្រុស អាយុ៥៩ឆ្នាំ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន”។

នគរបាលឆែកឆេរលំនៅដ្ឋានរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃសុក្រ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នគរបាលឆែកឆេរលំនៅដ្ឋានរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សេចក្ដីថ្លែងការណ៍ដដែលបន្តថា “ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមានលិខិតចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ របស់ទណ្ឌិតឈ្មោះ ជា ជុង ដែលបានបរិហាររៀបរាប់ឈ្មោះមេខ្លោងផលិតគ្រឿងញៀនជាជនជាតិចិន មួយចំនួនផ្សេងទៀត ហើយមានចំណុចពាក់ព័ន្ធដល់ឈ្មោះ ញឹក ប៊ុនឆៃ នៅក្នុងសំណុំរឿងគ្រឿងញៀនដ៏ធំមួយកាលពីឆ្នាំ២០០៧”។

លោក ញឹក ប៊ុនឆៃ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរចាប់តាំងពីខែមិថុនាមក ជាពេលដែលបែកធ្លាយខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក និងមន្ត្រីគណបក្សសង្គ្រោះជាតិ និងដែលក្នុងនោះលោកបានសន្យាគាំទ្រគណបក្សប្រឆាំង។ លោកត្រូវបានដកចេញពីតួនាទីជាប្រឹក្សារដ្ឋាភិបាលមិនយូរប៉ុន្មានក្រោយមក ហើយសមាជិកនៃគណបក្សខ្មែររួបរួមជាតិរបស់លោកត្រូវបានបញ្ឈប់ពីការងារក្នុងជួររដ្ឋាភិបាលជាបន្តបន្ទាប់។

អ្នកនាំពាក្យគណបក្សកាន់អំណាចមួយរូបបានទទួលស្គាល់កាលពីខែមុនថា សមាជិកគណបក្សខ្មែររួបរួមជាតិទាំងអស់របស់លោក ញឹក ប៊ុនឆៃ នឹងសុទ្ធតែត្រូវបានចាត់វិធានការ ពីព្រោះ “ពេលដៃគូមិត្តភាពមិនស្មោះត្រង់នឹងគ្នា យើងត្រូវតែបញ្ចប់វា”។

លោក ញឹក ប៊ុនឆៃ អតីតឧត្ដមសេនីយ៍អំឡុងពេលគណបក្សរាជានិយមហ្វុ៊នស៊ិនប៉ិចចែកអំណាចគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវបានសាកសួរកាលពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃអាទិត្យ ទាក់ទិនសំណុំរឿងគ្រឿងញៀនកាលពីឆ្នាំ២០០៧នេះ។

ប្រតិបត្តិការឆ្មក់បង្ក្រាបកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ រកមិនឃើញគ្រឿងញៀនជាក់ស្ដែងនោះទេ ប៉ុន្តែរកឃើញសារធាតុគីមីប្រហែល៦តោនដែលសមត្ថកិច្ចនិយាយនៅពេលនោះថា ជាសារធាតុផ្សំសម្រាប់ផលិតគ្រឿងញៀនមេតំហ្វេតាមីន។

ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧ ដល់ខែមករា ឆ្នាំ២០០៨ ជនសង្ស័យសរុបចំនួន២១នាក់ត្រូវបាននាំខ្លួនឡើងតុលាការនៅពេលនោះ ដែលជាករណីគ្រឿងញៀនធំបំផុតមិនធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា។

នគរបាលឆែកឆេរលំនៅដ្ឋានរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃសុក្រ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នគរបាលឆែកឆេរលំនៅដ្ឋានរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សេចក្ដីថ្លែងការណ៍របស់តុលាការបញ្ជាក់ថា ឈ្មោះ ជា ជុង ដែលជាអតីតទីប្រឹក្សារបស់លោក ញឹក ប៊ុនឆៃ ចន្លោះពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧ ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ និងពិន័យជាប្រាក់២៥.០០០ដុល្លារ រួមជាមួយជនសង្ស័យមួយចំនួនទៀតដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលវែងដែរ។

សេចក្ដីថ្លែងការណ៍ដដែលថ្លែងថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំនេះ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ទទួលបានលិខិតមួយច្បាប់ពីឈ្មោះ ជា ជុង ដែលពេលនេះមានអាយុ៥២ឆ្នាំ “ស្វែងរកយុត្តិធម៌” ក្នុងសំណុំរឿងនេះតាមរយៈការបរិហាររៀបរាប់ឈ្មោះអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងនោះរួមមានទាំងលោក ញឹក ប៊ុនឆៃ ផងដែរ។

លោក អុី រិន អ្នកនាំពាក្យតុលាការមួយរូបទៀតមានប្រសាសន៍ថា ពេលនេះលោក ញឹក ប៊ុនឆៃ កំពុងជាប់ឃុំនៅពន្ធនាគារប៉េហ្ស៊ី ក្នុងរាជធានីភ្នំពេញ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញមុខការពារចំណាត់ការយឺតយ៉ាវរបស់តុលាការលើលោក ញឹក ប៊ុនឆៃ ដោយលើកឡើងថា លោក ញឹក ប៊ុនឆៃ ទើបតែត្រូវបានចាប់ខ្លួនដោយសារសមត្ថកិច្ចទើបរកឃើញភ័ស្តុតាងថ្មីបញ្ជាក់ថាគាត់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀនកាលពីឆ្នាំ២០០៧។

អ្នកនាំពាក្យដដែលបានបន្តថា “ចាត់វិធានការពេលនេះ ព្រោះទើបរកឃើញភ័ស្តុតាងថ្មីដាក់បន្ទុកលើគាត់”។

ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានរងការរិះគន់ម្ដងហើយម្ដងទៀតថាខ្វះភាពឯករាជ និងត្រូវបានគណបក្សកាន់អំណាចប្រើប្រាស់ជាឧបករណ៍នយោបាយ។ កាលពីឆ្នាំមុនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានរងសម្ពាធផ្លូវច្បាប់ទាក់ទិនសំណុំរឿង “សញ្ចរកម្ម” ពាក់ព័ន្ធស្រីកំណាន់ម្នាក់។ មន្ត្រីអង្គការសិទ្ធិមនុស្សទាំងអតីត និងបច្ចុប្បន្នចំនួនប្រាំរូបបានជាប់ពន្ធនាគាររយៈពេលជាង១ឆ្នាំដោយគ្មានសវនាការជំនុំជម្រះត្រឹមត្រូវដោយសារជាប់ពាក់ព័ន្ធរឿងនេះ។

លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានថ្កោលទោសសំណុំរឿងនេះព្រមទាំងសំណុំរឿងផ្សេងៗទៀតនៅឯសន្និសីទសារព័ត៌មានចាកចេញទៅវិញអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីកាលពីខែតុលា។

លោកស្រីមានប្រសាសន៍នៅពេលនោះថា “មានឧទាហរណ៍ជាច្រើនដែលច្បាប់ត្រូវបានប្រើប្រាស់ដោយមានលក្ខណៈរើសអើង និងបម្រើនយោបាយ”។ តាមការរំពឹងទុកថា លោកស្រីនឹងធ្វើទស្សនកិច្ចប្រទេសកម្ពុជា ម្ដងទៀតនៅថ្ងៃអង្គារ សម្រាប់បេសកកម្មស្វែងរកការពិតចុងក្រោយរបស់លោកស្រី៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស