28 C
Phnom Penh

ក្រុមហ៊ុន​​​ឈេហ្វរ៉ុន​​​ត្រូវ​​​បង្គាប់​​​ឱ្យ​​​ផ្តល់​​​ព័ត៌មាន​​​ក្នុងសំណុំ​​​រឿង​​​ឃាត​​​កម្ម​​​លោក កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំត្រូវបានចៅក្រមតុលាការអាមេរិកបង្គាប់ឲ្យផ្តល់ឯកសារនិងព័ត៌មានដែលខ្លួនអាចមានទាក់ទងនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយមួយរូប នៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំមុន។ 

ដីកាកោះដែលចុះហត្ថលេខាដោយចៅក្រម Donna Ryu នៃតុលាការអាមេរិករដ្ឋកាលីហ្វ័រញ៉ាខាងជើងកាលពីថ្ងៃសុក្រ បង្ខំឲ្យបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនឈេហ្វរ៉ុនដែលប្រហែលជាមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល ឬនគរបាល រួមទាំងអ្នកគ្រប់គ្រងពីរនាក់ផងឲ្យចុះទៅកាន់ស្តាម៉ាតនោះដើម្បីផ្តល់នូវឧបករណ៍ថតសំឡេងអេឡិចត្រូនិក ឬឧបករណ៍ដែលចេញដោយក្រុមហ៊ុនដែលអាចមានព័ត៌មានទាក់ទងនឹងការធ្វើឃាតនោះ។ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃកាលពីថ្ងៃទី១០ខែកក្កដា នៅពេលលោកកំពុងផឹកកាហ្វេពេលព្រឹកនៅក្នុងស្ថានីយនោះ។

មនុស្សជាច្រើនឈរនៅខាងក្រៅស្តាម៉ាត កាល់តិច ក្រោយពីការបាញ់សម្លាប់លោក កែម ឡី ក្នុងក្រុងភ្នំពេញ កាលពីខែកក្កដា ឆ្នាំមុន។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ដីកាបង្គាប់នោះបានប្រើប្រាស់ពាក្យមួយចំនួនក្នុងការស្វែងរកចាប់ពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៦ដល់ដំណាច់ឆ្នាំនោះដើម្បី កំណត់ពីការទាក់ទងទៅនឹងករណីនោះ ។

ពាក្យក្នុងការស្វែងរកនោះមានទាំងភាសាអង់គ្លេស និងភាសាខ្មែររួមមាន ពាក្យថា “កែម” “ឡី” “ហ៊ុន សែន” និងទីតាំងដូចជា (ភ្នំ កម្ពុជា កាល់តិច បូកគោ ឬមុនីវង្ស) រួមបញ្ចូលជាមួយពាក្យសំខាន់ៗមួយចំនួនទៀតដូចជា “ឃាតករ! សម្លាប់! បាញ់! ធ្វើឃាត! ស្លាប់ ឬជនរងគ្រោះ) ជាដើម។

ដីកាកោះនោះក៏រួមបញ្ចូលពាក្យក្នុងការស្វែងរកដូចជា ” CCP” ដែលទំនងជាជំនួសឲ្យឈ្មោះហៅក្រៅរបស់គណបក្សកាន់អំណាចថា CPP ។

នៅពេលសួរអំពីពាក្យកាត់បីពាក្យកាលពីម្សិលមិញ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលបានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុនឈេហ្វរ៉ុន ហើយបច្ចុប្បន្ននេះស្ថិតក្នុងភាពនិរទេសខ្លួនក្នុងប្រទេសបារាំងនោះបានមានប្រសាសន៍ថា វាជា “កំហុសក្នុងការសរសេរតែប៉ុណ្ណោះ”។ លោកមិនបានឆ្លើយសំណួរអំពីថា តើវានឹងត្រូវកែប្រែឬផ្លាស់ប្តូរឬយ៉ាងណា មុនការស្វែងរកត្រូវបានអនុវត្តនោះ។

ដីកាបង្គាប់របស់តុលាការអាមេរិកបានផ្តល់ឱសានវាទដល់ក្រុមហ៊ុនឈេហ្វរ៉ុនគឺនៅថ្ងៃទី២៥ខែសីហាក្នុងការដាក់ ” [Proposed] Production and {Protective Order” ដែលនឹងបង្ហាញការអះអាងណាមួយពីភាពសម្ងាត់ ឬឯកសិទ្ធិដែលក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំនេះមានបំណងអនុវត្តចំពោះឯកសារពាក់ព័ន្ធណាមួយ ហើយបន្ទាប់មកផ្តល់ពេល២១ថ្ងៃបន្ថែមទៀតដល់ក្រុមហ៊ុននេះ បន្ទាប់ពីការដាក់នោះដើម្បីចងក្រង “ឯកសារឆ្លើយតប” ទាំងអស់ដែលស្នើដោយលោក សម រង្ស៊ី។

cam-photo-samlap-channaលោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែលៗថា បានបញ្ជាឲ្យមានការធ្វើឃាតលោក កែម ឡី ទាំងកណ្តាលថ្ងៃដែលលោកគឺជាអ្នកវិភាគនយោបាយ និងជាអ្នករិះគន់រដ្ឋាភិបាលដែលប្រជាពលរដ្ឋនិងមជ្ឈដ្ឋានទូទៅគោរពស្រឡាញ់។

លោកនាយករដ្ឋមន្ត្រីបានតបតវិញកាលពី ខែសីហាឆ្នាំមុនដោយចោទអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះពី បទញុះញង់ និងបរិហារកេរ្តិ៍ ដែលបណ្តាលឲ្យសាលាដំបូងរាជធានីភ្នំពេញកាត់ឱ្យលោក សម រង្ស៊ី ជាប់ទោសកាលពីខែមីនា ហើយផ្ទន្ទាទោសលោកកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល២០ខែ។

ដោយសារបណ្តឹងនេះត្រូវបានប្តឹងនៅសហរដ្ឋអាមេរិកកាលពីខែធ្នូ បណ្តឹងនេះភាគច្រើនមានការបញ្ជូនទៅវិញទៅមកតាមផ្លូវច្បាប់រវាងមេធាវីរបស់លោក សម រង្ស៊ី និងក្រុមហ៊ុន ឈេហ្វរ៉ុនដែលកាន់កាប់ និងបើកអាជីវកម្មស្ថានីយប្រេងឥន្ធនៈកាល់តិចក្នុងប្រទេសកម្ពុជា។

ករណីនេះបានចាប់ផ្តើមដោយលោកសម រង្ស៊ី ស្នើឲ្យបង្ហាញរូបភាពកាមេរ៉ាសុវត្ថិភាពពីថ្ងៃនៃការធ្វើឃាតលោក កែម ឡី ដែលក្រុមហ៊ុនឈេហ្វរ៉ុនលើកឡើងថា ខ្លួនបានប្រគល់ឲ្យអាជ្ញាធរកម្ពុជាហើយ ហើយមិនមានរូបភាពនោះទៀតទេ។

ចាប់តាំងពីពេលនោះមក ករណីនេះត្រូវបានពង្រីកដើម្បីដាក់បញ្ចូលព័ត៌មានជាច្រើនទៀតព្រោះក្រុមមេធាវីរបស់លោក សម រង្ស៊ី បានលើកឡើងថា ករណីបរិហារកេរ្តិ៍របស់កូនក្តីខ្លួនក្នុងប្រទេសកម្ពុជាបានបង្ហាញឱ្យឃើញថា ការស្វែងរកព័ត៌មាននេះត្រឹមត្រូវ ពីព្រោះភ័ស្តុតាងពីការជាប់ពាក់ព័ន្ធរបស់លោក ហ៊ុន សែន ក្នុងករណីធ្វើឃាតនោះអាចបង្ហាញថាការអះអាងរបស់លោក សមរង្ស៊ី ជាការពិត ហើយហេតុដូច្នេះហើយត្រូវឲ្យកូនក្តីរបស់ខ្លួនរួចផុតពីបណ្តឹងបរិហារកេរ្តិ៍នៅក្នុងតុលាការកម្ពុជា៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស