33 C
Phnom Penh

​នគរ​បាល​​ប្រឆាំង​​​បាតុកម្ម​ហ្វឹកហាត់​បាញ់​គ្រាប់​​​កាំភ្លើង​ពិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាពមួយនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកអន្តរាគមន៍អំឡុងពេលមានការតវ៉ា និងបាតុកម្មបានផ្សាយជាសាធារណៈនូវការហ្វឹកហាត់បាញ់គ្រាប់ពិតកាលពីម្សិលមិញ ជាអ្វីដែលតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបចាត់ទុកថាជាយុទ្ធសាស្ត្របំភិតបំភ័យ។

យោងតាមសារមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពនេះកាលពីម្សិលមិញបានឲ្យដឹងថា ការហ្វឹកហាត់រយៈពេលពីរថ្ងៃរបស់អង្គភាពអន្តរាគមន៍ពិសេសនេះដែលជាញឹកញាប់បង្ហាញខ្លួននៅកន្លែងមានមនុស្សប្រមូលផ្ដុំគ្នាច្រើនក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ  ហើយបានឱ្យមន្ត្រីនគរបាលរាជធានីវ័យក្មេងចំនួន១៥០នាក់បាញ់គ្រាប់ពិត។

មន្ត្រីនគរបាលមកពីអង្គភាពអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតនៅខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញ។ Facebook
មន្ត្រីនគរបាលមកពីអង្គភាពអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតនៅខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញ។ Facebook

សារបង្ហោះនោះមានខ្លឹមសារដូច្នេះថា “ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពកងកម្លាំងលើកិច្ចការពារបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់”។

ការហ្វឹកហាត់នេះដឹកនាំដោយលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ និងលោក ព្រំ ចាន់ណា មេបញ្ជាការកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានី។

ទោះជាយ៉ាងណា លោក ជួន សុវណ្ណ និងលោក ព្រំ ចាន់ណា មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ប៉ុន្តែលោក ព្រំ ចាន់ណា ត្រូវបានគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលដកស្រង់ប្រសាសន៍ថា ការហ្វឹកហាត់នេះរៀបចំឡើងដើម្បី “ការពាររដ្ឋាភិបាលស្របច្បាប់”។

ប្រសាសន៍របស់លោក ព្រំ ចាន់ណា ត្រូវបានដកស្រង់ដូច្នេះថា “ការបាញ់គ្រាប់ពិតនេះគឺដើម្បីពង្រឹងសមត្ថភាពនៅពេលចេញប្រតិបត្តិការ”។ លោកបានបន្តថា “បើយើងមិនចេះប្រើប្រាស់អាវុធទេ ពេលយើងចេញធ្វើប្រតិបត្តិការ យើងនឹងមិនទទួលបានជោគជ័យទេ”។

កងអន្តរាគមន៍ពិសេសនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ នៅពេលមន្ត្រីនគរបាលជាតិចំនួន២០០នាក់បានទៅហ្វឹកហាត់បាញ់ “អាវុធរបស់កងទ័ពជើងគោក” ក្រោមការដឹកនាំរបស់អង្គភាពទ័ពឆត្រយោង៩១១ នៃកងយោធពលខេមរភូមិន្ទ ដែលបណ្តាអង្គការសិទ្ធិមនុស្សចោទប្រកាន់ថារំលោភសិទ្ធិមនុស្សពាក់ព័ន្ធការបង្ក្រាបលើបាតុកម្មរបស់កម្មករកាត់ដេរកាលពីឆ្នាំ២០១៤។

មន្ត្រីនគរបាលមកពីអង្គភាពអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតនៅខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញ។ Facebook
មន្ត្រីនគរបាលមកពីអង្គភាពអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតនៅខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញ។ Facebook

លោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយដំឲ្យរបួសធ្ងន់នៅខាងក្រៅរដ្ឋសភាក្នុងឆ្នាំ២០១៥ បានចាត់ទុកការហ្វឹកហាត់បាញ់គ្រាប់ពិតនេះថាអាចជាសញ្ញាបង្ហាញថារដ្ឋាភិបាលមានបំណង “បង្ក្រាបនៅពេលបោះឆ្នោតខាងមុខ”។

តំណាងរាស្ត្ររូបនេះថ្លែងថា “អាហ្នឹងជាការគំរាមបរិយាកាសមុនការបោះឆ្នោត ហើយធ្វើឱ្យផ្លូវដើររបស់គណបក្សប្រឆាំងកាន់តែរួមតូច” ហើយថា ការហ្វឹកហាត់បាញ់គ្រាប់ពិត បូករួមវោហារសាស្ត្រកាលពីលើកមុនរបស់លោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលបានធ្វើឱ្យគណបក្សប្រឆាំងព្រួយបារម្ភ។

លោកគូសបញ្ជាក់ថា “សិទ្ធិ សេរីភាព ហើយភាពយុត្តិធម៌ និងតម្លាភាព វាអត់មានទេ ការប្រកួតប្រជែងនៅឆ្នាំ២០១៨ វាអត់យុត្តិធម៌”។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិចបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការហ្វឹកហាត់នេះទេ ដោយលើកឡើងថា វាជា “រឿងរបស់នគរបាល”។ ទោះជាយ៉ាងណា លោកបានបន្ថែមថា លោករំពឹងថានឹងមិនមានបាតុកម្មឡើយ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។

លោកថ្លែងថា ”យើងមិនមានអីបាតុកម្មទៀតទេ ព្រោះអីយើងទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោត [គ.ជ.ប]” ហើយថា រហូតមកទល់ពេលនេះបរិយាកាសមុនការបោះឆ្នោតគឺមានសភាពស្ងប់ស្ងាត់។

នៅមុនការបោះឆ្នោតឃុំ សង្កាត់កាលពីខែមិថុនា លោក ហ៊ុន សែន មានប្រសាសន៍ថា លោកសុខចិត្ត “កម្ចាត់១០០ឬ២០០នាក់” ដើម្បីទប់ស្កាត់ការផ្ដួលរំលំរដ្ឋាភិបាល ចំណែកឯលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានគំរាម “វាយបំបែកធ្មេញ” អ្នកប្រឆាំងនយោបាយណាដែលព្យាយាមធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត។

ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យបានលើកឡើងពីការព្រួយបារម្ភអំពីវោហារសាស្ត្រនេះក្នុងរបាយការណ៍របស់ខ្លួនស្ដីពីការប្រកួតប្រជែងកាលពីខែមិថុនា ដោយលើកឡើងថា ការគំរាមកំហែងនេះបានធ្វើឱ្យប៉ះពាល់ដល់ភាពសុចរិតនៃរយៈពេលមុនការបោះឆ្នោត។

ការគំរាមកំហែងនេះហាក់បានបន្តហួសការប្រកួតប្រជែងកាលពីខែមិថុនា។ ជាក់ស្តែងកាលពីសប្ដាហ៍មុន លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានឲ្យដឹងថា លោក ហ៊ុន សែន បានណែនាំឱ្យមន្ត្រីប្រើគល់ឫស្សីវាយអ្នកណាដែលហា៊នតវ៉ាប្រឆាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស