ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកប្រមាណ៥.០០០ មានតែ២០០ប៉ុណ្ណោះដែលបានដាក់ជូនព័ត៌មានលម្អិតស្តីពីគណនីធនាគារទៅកាន់ក្រសួងមហាផ្ទៃ តាមការតម្រូវ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងនេះកាលពីម្សិលមិញ ខណៈរដ្ឋាភិបាលបង្កើនការអនុវត្តច្បាប់តម្រូវឲ្យអង្គការនានាបង់ពន្ធ ដោយប្រហែលជាប្រមូលបានពន្ធដែលមិនទាន់បង់ក្នុងចំនួនយ៉ាងច្រើន។
ភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិក្នុងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬហៅថា Lango ប្រហែលជាកត្តាដែលនាំឲ្យកើតមានបញ្ហាយ៉ាងដូច្នេះ។
ការស្ទាបស្ទង់មតិអង្គការមិនមែនរដ្ឋាភិបាលជាង១៤០ដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) កាលពីខែមុនបានរកឃើញថា អង្គការមិនមែនរដ្ឋាភិបាលទាំងនេះខ្វះការបញ្ជាក់ថា តើពួកគេគួរតែអនុវត្តតាមច្បាប់នេះដោយរបៀបណានិងថា តើពួកគេដាក់ជូនព័ត៌មានលម្អិតស្តីពីការបង់ពន្ធលើប្រាក់បៀវត្សរ៍ដោយវិធីណា និងចង់បានការណែនាំបន្ថែមពីរដ្ឋាភិបាលដែលអនុវត្តច្បាប់នោះមិនទៀងទាត់ នេះបើយោងតាមលោក សឿង សារឿន ដែលជានាយកប្រតិបត្តិនៃគណៈកម្មាធិការនេះ។
លោកបានថ្លែងថា “សមាជិកសង្គមស៊ីវិលនៅមិនទាន់យល់ដឹងទាំងស្រុងអំពីច្បាប់នេះនៅឡើយទេ ហើយក៏នៅមិនទាន់រៀបចំរួចរាល់ទាំងស្រុងនៅឡើយដែរ”។ លោកបានថ្លែងបន្ថែមថា “បទប្បញត្តិ និងការអនុវត្តច្បាប់នេះមិនទៀងទាត់ទេ “។
នៅក្នុងសុន្ទរកថាមួយកាលពីខែមុន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា សង្គមស៊ីវិលកំពុងបំពានលើការតម្រូវដែលមានចែងនៅក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះហើយបានចេញបទបញ្ជាឲ្យអង្គការមិនមែនរដ្ឋាភិបាលដាក់ជូនព័ត៌មានគណនីធនាគារឲ្យបានត្រឹមដំណាច់ខែកញ្ញា បើពុំដូច្នោះទេនឹងប្រឈមនឹងការចាត់វិធានការផ្លូវច្បាប់។ហើយនៅថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងមួយចំនួនសើុបអង្កេតថា តើអង្គការមិនមែនរដ្ឋាភិបាលបានដាក់ជូនព័ត៌មានស្តីពីការបង់ពន្ធលើប្រាក់បៀវត្សរ៍ត្រឹមត្រូវដែរ ឬក៏អត់។
ពេលទាក់ទងកាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា មានតែអង្គការមិនមែនរដ្ឋាភិបាលចំនួន២០០ប៉ុណ្ណោះដែលបានដាក់ជូនព័ត៌មានស្តីពីគណនីធានាគាររបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ក្រសួងក៏បានធ្វើលិខិតទៅទៀត ដើម្បីឲ្យអង្គការទាំងអស់អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយយើងបានពន្យារពេលរហូតដល់ខែកញ្ញា ដែលជាកំហិតឲ្យអង្គការទាំងអស់ផ្ញើតែលេខគណនីមកក្រសួងទេ”។
លោកបានលើកឡើងទៀតថា ក្រុមអង្គការមិនមែនរដ្ឋាភិបាលត្រូវបំពេញតាមលក្ខខណ្ឌដែលតម្រូវនៅក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសម្រាប់ដាក់ជូនរបាយការណ៍ហិរញ្ញវត្ថុឲ្យបាននៅត្រឹមដំណាច់ខែកុម្ភៈ។
លោក គឹម សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា រដ្ឋាភិបាលកំពុងប្រមូលព័ត៌មានស្តីពីការអនុវត្តច្បាប់បង់ពន្ធលើប្រាក់បៀវត្សរ៍របស់អង្គការមិនមែនរដ្ឋាភិបាលនៅឡើយ ហើយបានបដិសេធមិនផ្តល់តួលេខដល់អ្នកយកព័ត៌មានទេ។
លោក ប៊ូ សុភ័ណ ភិរម្យ ជាដៃគូនិងជាប្រធានផ្នែកគណនីពន្ធដារនៅក្រុមហ៊ុនច្បាប់ BNG បានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាលជាច្រើនមិនដឹងថា ខ្លួនត្រូវអនុវត្តតាមការចុះបញ្ជីដែលមានចែងនៅក្នុងច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃដោយមានការចុះបញ្ជីជាលើកទីពីរនៅនាយកដ្ឋានពន្ធដា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ។
លោកបានថ្លែងថា”អង្គការមួយចំនួនគាត់តវ៉ាថា គាត់ជាអង្គការមនុស្សធម៌មិនគួរបង់ពន្ធប្រាក់បៀវត្សរ៍ទេ ប៉ុន្តែ នេះបើតាមច្បាប់គេមិនលើកលែងឲ្យគាត់ទេ”។
លោក សុភ័ណ ភិរម្យ បានលើកឡើងទៀតថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះលោកបានឃើញអង្គការមិនមែនរដ្ឋាភិបាលបានព្យាយាមរកមធ្យោបាយដោះស្រាយពាក់ព័ន្ធច្បាប់ថ្មីនេះ និងការដែលអាចត្រូវបង់ពន្ធដែលមិនបានបង់ជាច្រើនទសវត្សរ៍មកនេះដោយមានការចរចាដោះស្រាយម្តងមួយៗជាមួយរដ្ឋាភិបាល។
លោកបានថ្លែងថា “អ្នកខ្លះទៀតប្រហែលជាគាត់ស្នើសុំទៅក្រសួងឲ្យមានការលើកលែងពន្ធតាំងពីឆ្នាំដែលគាត់ចុះបញ្ជីមករហូតមកដល់សព្វថ្ងៃដើម្បីកុំឲ្យពិន័យគាត់ព្រោះនេះមិនមានច្បាប់ណាចែងទេ ទាល់តែគាត់សុំជាករណីពិសេសម្តងមួយករណីៗ”។
នាយកដ្ឋានពន្ធដារបានប្រែក្លាយជាមានភាពសកម្មខ្លាំងជាងមុនតាំងពីមន្ត្រីថ្នាក់ ក្រោមរហូតដល់មន្ត្រីថ្នាក់លើ នេះបើយោងតាមលោក សុភ័ណ ភិរម្យ ដែលបានបញ្ជូលសេចក្តីប្រកាស ហើយទាក់ទងអង្គការមិនមែនរដ្ឋាភិបាលដើម្បីជម្រាបពួកគេឲ្យដឹងពីកាតព្វកិច្ចផ្លូវច្បាប់។
ប៉ុន្តែ លោកបានឲ្យដឹងទៀតថា ការស្ទាបស្ទង់មតិភ្លាមៗដែលឧបត្ថម្ភដោយគណៈ កម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបន្ទាប់ពីសេចក្តីប្រកាសរបស់លោក ស ខេង បង្ហាញថា អង្គការនៅទូទាំងប្រទេសមានការភ្ញាក់ផ្អើលដោយសារការតម្រូវមួយចំនួនដែលគ្មានការចែងច្បាស់លាស់ទាំងនៅក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់បង់ពន្ធប្រាក់បៀវត្សរ៍។
លោកបានលើកឡើងទៀតថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនមិនច្បាស់ទេថា ត្រូវដាក់បញ្ចូលអ្វីខ្លះនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬថា ស្ថាប័ននៅក្នុងក្រសួងណាដែលពួកគេគួរតែដាក់របាយការណ៍ជូន រីឯម្ចាស់ជំនួយក៏មិនច្បាស់ដែរអំពីការតម្រូវនៅក្នុងច្បាប់នេះ។អង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀតមានការមិនសប្បាយចិត្តដែលពួកគេត្រូវបានតម្រូវឲ្យបង់ពន្ធប្រាក់បៀ វត្សរ៍ដោយគ្មានការបញ្ជាក់ច្បាស់លាស់ ថា តើបុគ្គលិករបស់ខ្លួនទទួលបានប្រាក់សោធននិវត្តន៍ឬក៏អត់ ឬក៏មិនច្បាស់ទេថា តើត្រូវបង់តាមរបៀបណានោះ។
ដោយលើកឡើងពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លោកលើកឡើងទៀតថា បន្ថែមលើនេះទៅទៀតមន្ត្រីមូលដ្ឋានមួយចំនួនធ្វើការទាមទារឲ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់បញ្ជាក់ពីសកម្មភាពរបស់ខ្លួនដោយមិនត្រឹមត្រូវ ទៀតផង។
លោក សឿង សារឿន បានទទូចសុំឲ្យរដ្ឋាភិបាលពន្យារការកំណត់ពេលត្រឹមខែកញ្ញា សម្រាប់ការដាក់ជូនព័ត៌មានស្តីពីគណនីធនាគារ ហើយងាកមកជួបប្រជុំជាមួយសង្គមស៊ីវិលដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការតម្រូវឲ្យដាក់ជូនរបាយ ការណ៍ស្តីពីហិរញ្ញវត្ថុ៕ស៊ុយឈាង