គេហទំព័ររបស់ក្រសួងទេសចរណ៍ត្រូវបានគេលួចហ៊ែគ (Hack) និងបញ្ចូលសារផ្សព្វផ្សាយលក់ថ្នាំសម្រើបភ្ញោចតណ្ហាវីយ៉ាហ្គ្រា (Viagra) គិតមកទល់ល្ងាចថ្ងៃសៅរ៍ ធ្វើឲ្យស្ថាប័ននេះក្លាយជាស្ថាប័នចុងក្រោយរបស់រដ្ឋាភិបាលដែលត្រូវបានគេហ៊ែគចូល។
គិតមកទល់ល្ងាចម្សិលមិញ លទ្ធផលរបស់ហ្គូហ្គលនៅតែបន្តបង្ហាញបញ្ជីសម្រាប់ “ការលក់ថ្នាំវីយ៉ាហ្គ្រាទូទាំងពិភពលោក-ក្រសួងទេសចរណ៍របស់កម្ពុជា” អមដោយសារផ្សព្វផ្សាយថា ”សិទ្ធិឯកជនផ្ដាច់មុខ” និង “ឱសថស្ថានអនឡាញដោយមិនចាំបាច់មានវេជ្ជបញ្ជា”។
គេហទំព័រនេះមិនបានបង្ហាញសញ្ញាមិនប្រក្រតីណាមួយទេកាលពីល្ងាចម្សិលមិញ ប៉ុន្តែរូបថតមួយដែលហ្គូហ្គលបានរក្សាទុកកាលពីថ្ងៃសៅរ៍ បានបង្ហាញចំណងជើងដូចជា “មគ្គុទ្ទេសក៍ខេត្ត” ត្រូវបានជំនួសដោយ “ការដឹកជញ្ជូនថ្នាំវីយ៉ាហ្គ្រាដោយប្រើពេលតែមួយយប់” ចំណែកឯនៅខាងក្រោមបង្អស់មានបញ្ជីពាក្យសម្រាប់ស្រាវជ្រាវដូចជា “ថ្នាំបង្កើនល្បឿនខុសច្បាប់”។
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍បានបញ្ជាក់ថា ពិតជាមានការលួចហ៊ែគបែបនេះមែន ហើយមានប្រសាសន៍ថា គេហទំព័រនេះត្រូវបានគេលួចហ៊ែគម្តងឃើញម្តងបាត់រយៈពេលជិតពីរឆ្នាំមកហើយ។
លោកបានបង្វែរសំណួរទៅក្រុមហ៊ុន Red Dot Cambodia និងក្រុមហ៊ុន Cybernetics Limited ដែលគ្រប់គ្រងគេហទំព័រនេះ ប៉ុន្តែសុទ្ធតែមិនអាចទាក់ទងសុំការអត្ថាធិប្បាយបាន។
ការហ៊ែគនេះកើតមានឡើងក្រោយការហ៊ែគចូលគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិកាលពីសប្ដាហ៍មុន និងការហ៊ែគចូលគេហទំព័រផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕ សុខុម