30.7 C
Phnom Penh

ពល​រដ្ឋ​​ធ្វើ​​ពិធី​​​ដាក់​បណ្តាសា​​​​​​​​ពេល​​សាលា​​ឧទ្ធរណ៍​តម្កល់​​សាល​ក្រម​​​​ផ្តន្ទាទោស​ឲ្យអ្នក​ស្រី ទេព វន្នី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ បណ្ដាអ្នកឃ្លាំមើលសិទ្ធិមនុស្សទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេសបានថ្កោលទោសការបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី សកម្មជនសហគមន៍លេចធ្លោ បន្ទាប់ពីសាលាឧទ្ធរណ៍បានតម្កល់ទុកជាបានការនូវទោសជាប់ពន្ធនាគាររយៈពេល៣០ខែរបស់អ្នកស្រីពីបទបង្កអំពើហិង្សាដោយចេតនា។

អ្នកស្រី ទេព វន្នី អាយុ៣៦ឆ្នាំត្រូវបានតុលាការផ្ដន្ទាទោសកាលពីខែកុម្ភៈទាក់ទិនសំណុំរឿងចាស់ ស្របពេលអ្នកស្រីកំពុងបន្តសកម្មភាពយុទ្ធនាការតវ៉ារបស់ខ្លួន។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា “វាជាការសងសឹកយ៉ាងច្បាស់ក្រឡែតទៅលើអ្នកស្រី ទេព វន្នី ដោយសារច្រើនឆា្នំមកនេះគាត់បានដឹកនាំសហគមន៍ និងយុទ្ធនាការតវ៉ាដោយសន្តិវិធី”។

ក្រុមអ្នកគាំទ្រអ្នកស្រី ទេព វន្នី បានអុជធូបធ្វើពិធី “ដាក់បណ្ដាសា” នៅខាងក្រៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកស្រីបានលើកឡើងទៀតថា “អ្នកស្រី ទេព វន្នី នៅតែជានិមិត្តរូបនៃយុទ្ធនាការតវ៉ា និងការតតាំងរបស់សហគមន៍ចំពោះការគាបសង្កត់នៅកម្ពុជា និងជាអន្តរជាតិ ហើយដោយសារតែបែបនេះ ការព្យាយាមរបស់អាជ្ញាធរដើម្បីបំបិទសំឡេងរបស់អ្នកស្រី ទេព វន្នី ច្បាស់ជាបរាជ័យ”។

នៅម៉ោងប្រហែល៨ព្រឹក ចៅក្រមជំនុំជម្រះ ប៉ុល សំអឿន នៃសាលាឧទ្ធរណ៍បានធ្វើការសម្រេចដោយប្រកាសថា “ចៅក្រមសន្និដ្ឋានថា ជនសង្ស័យពិតជាបានប្រព្រឹត្តបទល្មើសដូចសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានី បានរកឃើញមែន”។

នៅក្នុងសាលសវនាការចាប់ផ្តើមមានភាពរញ៉េរញ៉ៃភ្លាមៗ ដោយអ្នកស្រី ទេព វន្នី ស្រែកថា “អយុត្តិធម៌!”។ ចំណែកឯលោកយាយ ង៉ែត ឃុន ដែលជាសកម្មជនម្នាក់ទៀតបានចង្អុលមុខចៅក្រម ប៉ុល សំអឿន ហើយស្រែកថា “លោកឯងនឹងធ្លាក់នរកដោយសារធ្វើបាបជនស្លូតត្រង់!”។

រីឯប្រតិកម្មនៅខាងក្រៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ក៏ខ្លាំងក្លាដែរ ដោយក្រុមអ្នកគាំទ្រអ្នកស្រី ទេព វន្នី បានអុជធូបធ្វើពិធី “ដាក់បណ្ដាសា”។ នៅខាងក្រៅសាលសវនាការដែលមានសំឡេងស្រែក និងយំទ្រហឹងជុំវិញខ្លួន សកម្មជនបឹងកក់ម្នាក់ទៀតឈ្មោះ សុង ស្រីលាភ និយាយថា “ពួកយើងចង់ដាក់បណ្តាសាអ្នកដែលប្តឹង ទេព វន្នី ចំពោះបទល្មើសមួយដែលគាត់មិនបានប្រព្រឹត្ត”។

ក្រុមអ្នកគាំទ្រអ្នកស្រី ទេព វន្នី បានអុជធូបធ្វើពិធី "ដាក់បណ្ដាសា" នៅខាងក្រៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។   រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្រុមអ្នកគាំទ្រអ្នកស្រី ទេព វន្នី បានអុជធូបធ្វើពិធី “ដាក់បណ្ដាសា” នៅខាងក្រៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សូមរំឭកថា អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួនកាលពីខែសីហាឆ្នាំមុន ខណៈពេលកំពុងដឹកនាំយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដើម្បីអំពាវនាវសុំឱ្យដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្សទាំងអតីត និងបច្ចុប្បន្នចំនួនប្រាំរូបដែលគេស្គាល់ថាមន្ត្រីអាដហុកទាំងប្រាំ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជាអ្នកទោសនយោបាយ។

បន្ទាប់មក អ្នកស្រីត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំតាមបទចោទរួមមានទាំងបទចោទពាក់ព័ន្ធការតវ៉ាមួយកាលពីឆ្នាំ២០១៣ ដែលតាមចោទថាពេលនោះអ្នកស្រី ទេព វន្នី បានប្រើអំពើហិង្សាទៅលើសន្តិសុខអំឡុងបាតុកម្មនៅខាងមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០១៣ ផងដែរ។

អ្នកស្រី ទេព វន្នី បានអះអាងថា តាមពិតអ្នកស្រីត្រូវបានសន្តិសុខទាំងនោះវាយ ខណៈពេលគាត់ព្យាយាមប្រគល់ញត្តិជូនលោកនាយករដ្ឋមន្ត្រី  ហើយគាត់មិនមែនជាជនល្មើសទេ។

កាលពីខែកុម្ភៈ អ្នកស្រីត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំកន្លះ និងពិន័យជាប្រាក់៥លានរៀល (ប្រហែល១.២៥០ដុល្លារ)  ពីបទបង្កអំពើហិង្សាដោយចេតនា។តុលាការក៏បានបង្គាប់ឲ្យអ្នកស្រី ទេព វន្នី ផ្តល់សំណងដល់សន្តិសុខខណ្ឌដូនពេញ២នាក់ឈ្មោះ ហោ ហឿន ចំនួន៤លានរៀល (ប្រហែល១.០០០ដុល្លារ) និងឈ្មោះ អ៊ុក រតនា ចំនួន៥លាន(ប្រហែល១.២៥០ដុល្លារ)។

នៅពេលចៅក្រម ប៉ុល សំអឿន បានសម្រេចតម្កល់សេចក្តីសម្រេចនេះនៅឯសវនាការកាលពីម្សិលមិញ អ្នកស្រី ទេព វន្នី បានស្រែកថា “ចៅក្រមធ្វើការតាមបញ្ជា!” បន្ទរតាមការអះអាងលើកមុនៗដែលលើកឡើងថា សំណុំរឿងនេះជាការព្យាយាមរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់យុទ្ធនាការតវ៉ា ហើយថា មានតែលោក ហ៊ុន សែន ទេដែលអាចបញ្ជាដោះលែងឲ្យគាត់មានសេរីភាពឡើងវិញ។

នៅខាងក្រៅ សមាជិកសហគមន៍បឹងកក់ជាង២០នាក់ដែលមានដូង ផ្កាឈូក និងធូបបានធ្វើពិធីដាក់បណ្ដាសាលើឈ្មោះ ហោ អឿន និងឈ្មោះ អ៊ុក រតនា ដែលមិនបានចូលរួមក្នុងសវនាការនេះ។

អ្នកស្រី សុង ស្រីលាភ បាននិយាយពីដើមចោទទាំងពីរថា “ខ្ញុំបន់ឱ្យអ្នកឯងទៅកន្លែងណា រន្ទះបាញ់ត្រង់ណុង ងាប់ចោលប្រពន្ធកូន”។

អ្នកស្រី ទេព វន្នី សកម្មជនបឹកកក់លេចធ្លោ នៅក្នុងរថយន្ត បន្ទាប់ពីសាលាឧទ្ធរណ៍បានតម្កល់ទុកជាបានការនូវទោសជាប់ពន្ធនាគាររយៈពេល៣០ខែរបស់អ្នកស្រីពីបទបង្កអំពើហិង្សាដោយចេតនា កាលពីព្រឹកម្សិលមិញ។

លោកស្រី រ៉ូណាល់ ស្មីត (Rhona Smith) អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលបច្ចុប្បន្នស្ថិតក្នុងដំណើរបំពេញបេសកកម្មរយៈពេល១១ថ្ងៃនៅប្រទេសកម្ពុជា មានប្រសាសន៍ថា លោកស្រីមានគម្រោងស៊ើបអង្កេតថាតើសំណុំរឿងនេះ និងសំណុំរឿងផ្សេងទៀតត្រូវបានដំណើរការ “អនុលោមតាមស្ដង់ដារសិទ្ធិមនុស្សអន្តរជាតិ” ឬយ៉ាងណា។

លោកស្រីបានលើកឡើងពីសំណុំរឿងអ្នកស្រី ទេព វន្នី ថា “ក្នុងដំណើរការតុលាការទាំងមូលមានបញ្ហាជាច្រើនដែលភាពច្បាស់លាស់នៃលក្ខខណ្ឌតម្រូវឱ្យមានភ័ស្តុតាងអាចមានប្រយោជន៍ដល់សំណុំរឿងផ្សេងទៀត គឺមិនមែនមានតែសំណុំរឿងនេះ”។

ទោះជាយ៉ាងណា សាលដីការបស់សាលាឧទ្ធរណ៍គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ នេះបើយោងតាមលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកស្រីថ្លែងថា “ការផ្ដន្ទាទោសនេះគឺផ្អែកលើសវនាការមួយដែលបំពេញមិនបានសូម្បីស្ដង់ដារមូលដ្ឋានបំផុតនៃសិទ្ធិទទួលបានសវនាការត្រឹមត្រូវ”។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយថា សាលក្រមនេះគួរតែជាការជំរុញឱ្យម្ចាស់ជំនួយអន្តរជាតិនានាទាមទារឱ្យមានកំណែទម្រង់ក្នុងជួររដ្ឋាភិបាល។

លោកបានបន្ថែមថា “ម្ចាស់ជំនួយអន្តរជាតិដែលជួយដល់កម្ពុជា គួរតែមានកំហឹងចំពោះរដ្ឋាភិបាលដែលយាយាីសកម្មជនសន្តិវិធីតាមរយៈតុលាការ។ ពួកគេទាំងអស់គ្នាគួរតែអំពាវនាវជាសាធារណៈឱ្យបញ្ឈប់ការចោទប្រកាន់ដោយហេតុផលនយោបាយ និងគ្មានការពិតទៅលើអ្នកស្រី ទេព វន្នី និងសកម្មជនជាប់ឃុំផ្សេងទៀតនៅកម្ពុជា”។

ប៉ុន្តែអ្នកស្រី ទេព វន្នី និយាយថា សាលក្រមនេះបានបង្ហាញថា ជោគវាសនារបស់ប្រទេសជាតិគឺចប់ហើយ។ នៅពេលគេរុញគាត់ឡើងលើរថយន្តរបស់ពន្ធនាគារ អ្នកស្រីនិយាយថា “យុត្តិធម៌របស់ទឹកដីខ្មែរបានធ្លាក់ចូលក្នុងធុងសំរាមហើយ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស