វោហារសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែខ្លាំងឡើងៗនៅក្នុងឆ្នាំនេះដោយលោកគំរាម “កម្ចាត់” មនុស្សប៉ុន្មានរយនាក់ដើម្បីរក្សាស្ថិរភាព ព្រមានលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងឱ្យ “ត្រៀមក្តារមឈូសទុកឱ្យហើយទៅ” និងប្តេជ្ញាកប់ខ្មោចអ្នកដែលចង់ឱ្យលោកស្លាប់។
ការបំភិតបំភ័យសត្រូវនយោបាយមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែការព្រមានក្នុងពេលថ្មីៗនេះ របស់លោកនាយករដ្ឋមន្ត្រីក្នុងការប្រើកម្លាំងដ៏បង្ហូរឈាម បានឆ្លុះបញ្ចាំងឱ្យឃើញពីវោហារសាស្ត្រខ្លាំងៗរបស់លោកនាពេលអតីតកាល ដែលការគំរាមប្រើកម្លាំងដ៏ហិង្សាបានក្លាយជាការពិត។
អំឡុងសុន្ទរកថាឆ្នាំ១៩៩៦ បន្ទាប់ពី ទទួលបានប្រតិចារឹកដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មេដឹកនាំគណបក្សហ្វុ៊នស៊ិនបិុច និងជានាយករដ្ឋមន្ត្រីទី១នៅពេលនោះ បានចេញបទបញ្ជាឱ្យកងទ័ពរបស់ព្រះអង្គត្រៀមខ្លួននោះ លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី២នៅពេលនោះបានព្រមានថា “ខ្ញុំមានកងកម្លាំងធ្វើដូច្នេះបាន កុំភ្លេច”។
នៅឆ្នាំបន្ទាប់ ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងរាជធានីភ្នំពេញរវាងកងកម្លាំងប្រដាប់អាវុធដែលស្មោះស្ម័គ្រនឹងបុរសទាំងពីរ ដោយលោក ហ៊ុន សែន ជាអ្នកទទួលបានជ័យជម្នះនៅពេលនោះ។ របាយការណ៍របស់អង្គការសហប្រជាជាតិនៅក្នុងខែសីហា ឆ្នាំ១៩៩៧ បានបញ្ជាក់ថា មានការសម្លាប់អ្នកប្រឆាំងនឹងលោក ហ៊ុន សែន ចំនួន៤១នាក់ភ្លាមៗ ក្នុងនោះរួមមានទាំង លោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលត្រូវបានសម្លាប់នៅក្នុងក្រសួងរបស់លោក ផងដែរ។
២០ឆ្នាំក្រោយ លោក ហ៊ុន សែន ទំនងជាជិតឈានដល់ការប្រើវោហារសាស្ត្រគំរាមខ្លាំងបំផុតដើម្បីរក្សាអំណាចចាប់តាំងពីពេលនោះមក។ ដោយការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំក្រោយកាន់តែខិតជិតមកដល់គណបក្សសង្គ្រោះជាតិសង្ឃឹមថា នឹងធ្វើបានល្អប្រសើរជាងមុនទៀត បន្ទាប់ពីជិតទទួលបានជ័យជម្នះនៅក្នុងឆ្នាំ២០១៣។
ក្រុមអ្នកវិភាគលើកឡើងថា ការបោះឆ្នោតដ៏សំខាន់នេះទំនងជាកត្តាដែលធ្វើឱ្យលោក ហ៊ុន សែន មានអារម្មណ៍ភិតភ័យ និងបញ្ចេញកំហឹងយ៉ាងខ្លាំង។
លោក Lee Morgenbesser អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហ្គ្រីហ្វីស (Griffith University) និងជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “នៅពីក្រោយរនាំងបាំង៖ ការបោះឆ្នោតក្រោមអំណាចផ្តាច់ការនៅអាស៊ីអាគ្នេយ៍ (Beyond the Facade: Election Under Authoritarianism in Southeast Asia) បានលើកឡើងថា “ទោះបីជាមានអំណាចក៏ដោយ តែអ្នកកាន់អំណាចផ្តាច់ការទាំងអស់រស់នៅក្នុងស្ថានភាពភិតភ័យដោយសារខ្លាចមានការធ្វើរដ្ឋប្រហារដែលជំរុញដោយក្រុមដ៏មានឥទ្ធិពល ឬក៏ការផ្តួលរំលំដោយកម្លាំងពលរដ្ឋ”។
លោកបានលើកឡើងនៅក្នុងអីុម៉េលមួយថា “ជោគជ័យរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតជាតិលើកចុងក្រោយច្បាស់ណាស់ជាកត្តារួមផ្សំដែលធ្វើឱ្យកើតមានការភិតភ័យបែបនេះដោយបង្ហាញឱ្យលោក ហ៊ុន សែន ឃើញថា គណបក្សរបស់លោកដែលមានអ្វីៗគ្រប់យ៉ាងនោះ ខ្វះការគាំទ្រពីប្រជាពលរដ្ឋជិតពាក់កណ្តាល”។
លោក Morgenbesser បានលើកឡើងទៀតថា ការចូលចិត្តរបស់លោក ហ៊ុន សែន ក្នុងការគំរាមអ្នកនយោបាយកាន់តែខ្លាំងឡើងៗគឺជាទឡ្ហីករណ៍បង្ហាញឱ្យឃើញពីបំណងក្តោបក្តាប់អំណាចទោះក្នុងតម្លៃណាក៏ដោយ។
លោកបានថ្លែងថា “វោហារសាស្ត្រកាន់តែខ្លាំងឡើងៗរបស់លោក ហ៊ុន សែន គឺជាយុទ្ធសាស្ត្រដែលផ្តល់សញ្ញាឱ្យក្រុមប្រឆាំងតួអង្គសង្គមស៊ីវិល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដឹងពីព្រំដែននៃវិធានការនយោបាយ”។
លោកបានបន្ថែមថា “ប៉ុន្តែសម្រាប់គោលបំណងអ្វី? បន្ទាប់ពីកាន់អំណាចបាន១១.៨៩៥ថ្ងៃ តើគាត់ចង់បានអ្វីដែលគាត់មិនទាន់មាន?ខ្ញុំគិតថា ចម្លើយសាមញ្ញទេគឺថា គាត់ចង់រក្សាអំណាចផ្តាច់ការរបស់ខ្លួនតទៅមុខទៀត”។
ខណៈលោកនាយករដ្ឋមន្ត្រីបានធ្វើការគំរាមស្រដៀងគ្នានេះនាពេលកន្លងមកនោះលោក Sebastian Strangio អ្នកនិពន្ធសៀវភៅមានចំណងជើងថា “កម្ពុជារបស់ ហ៊ុន សែន(Hun Sen’s Cambodia)”បានលើកឡើងថា កំហឹងដែលផ្ទុះឡើងក្នុងពេលថ្មីៗនេះគឺខុសពីធម្មតា ហើយបង្ហាញឱ្យឃើញពីការភិតភ័យកាន់តែខ្លាំងឡើងៗ ពេលការបោះឆ្នោតកាន់តែខិតចូលជិតមកដល់។
លោកបានលើកឡើងទៀតថា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើការគំរាមរបស់លោកគឺដូចសព្វមួយដង ឬជាផ្នែកនៃយុទ្ធសាស្ត្រដ៏ប្រុងប្រយ័ត្ននៅមុនការបោះឆ្នោតនោះ។
លោក Strangio បានលើកឡើងក្នុងអីុម៉េលមួយថា”លោក ហ៊ុន សែន មិនមែនជាមនុស្សថ្មីទេចំពោះវោហារសាស្ត្របែបនេះ ដែលជាផ្នែកដ៏សំខាន់បំផុតនៃវោហារសាស្ត្រដែលលោកតែងតែថ្លែងជាសាធារណៈក្នុងរយៈជាច្រើនឆ្នាំមកនេះ ប៉ុន្តែ ភាសាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះហាក់បីដូចជាខុសពីធម្មតា”។
លោកបានថ្លែងបន្តថា “វាលំបាកនៅក្នុងការកំណត់ថា តើភាសាបែបនេះគឺជាយុទ្ធសាស្ត្រដែលមានការគ្រោងទុក ឬជាការផ្ទុះកំហឹងដោយសារមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ខ្ញុំសូមចាត់ទុកថា ជាយុទ្ធសាស្ត្របញ្ចេញកំហឹងដែលកើតឡើងដោយសារការភ័យខ្លាច និងការភិតភ័យដែលមានសភាពកាន់តែខ្លាំងឡើងៗដោយសារគណបក្សប្រឆាំងដែលលោកកំពុងប្រឈម”។
លោក Strangio បានលើកឡើងទៀតថា លោកឃើញថា មានការ “ភិតភ័យកាន់តែខា្លំងឡើងៗ [ដែលលោកនាយករដ្ឋមន្ត្រី ហាក់បីដូចជាមើលឃើញថា មានការលួចធ្វើបដិវត្តន៍ពណ៌គ្រប់ទីកន្លែង] និងការគំរាមដែលមានការរៀបចំទុក ព្រមទាំងការផ្ទុះកំហឹង”។
គូសបញ្ជាក់ពីការតវ៉ាដឹកនាំដោយគណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ខណៈគណបក្សនេះ និងអ្នកគាំទ្ររបស់ខ្លួនច្រានចោលលទ្ធផលឆ្នោតនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទទួលស្គាល់ថា វោហារសាស្ត្រក្នុងពេលថ្មីៗរបស់លោក ហ៊ុន សែន គឺជាប្រតិកម្មតបទៅនឹងការបោះឆ្នោតនៅក្នុងឆ្នាំនោះ។
ការតវ៉ានោះបានឈានដល់ទីបញ្ចប់នៅដើមឆ្នាំ២០១៤ បន្ទាប់ពីកងកម្លាំងបានបើកការបាញ់ប្រហារលើអ្នកតវ៉ាអំឡុងពេលកើតមានការប៉ះទង្គិចគ្នានៅក្នុងរាជធានី។ លោក ផៃ ស៊ីផាន បានថ្លែងថា “វាគ្រាន់តែពាក់ព័ន្ធនឹងបទពិសោធន៍ឆ្នាំ២០១៣ប៉ុណ្ណោះ។យើងនឹងមិនបណ្តោយឱ្យវាកើតឡើងទៀតបានឡើយ”។ លោកបានថ្លែងបន្តថា “លោកនាយករដ្ឋមន្ត្រីចង់ឱ្យមនុស្សគ្រប់រូបគោរពច្បាប់”។
លោកបានបន្ថែមថា សុន្ទរកថាក្នុងពេល ថ្មីៗមិនមែនជា “ការគំរាម” ទេ ប៉ុន្តែ ជា”ការព្រមាន”។
លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានលើកឡើងថា ការគំរាមគឺចេញពីទម្លាប់សព្វមួយដងរបស់លោកនាយករដ្ឋមន្ត្រី ដែលតែងតែបំភិតបំភ័យអ្នកសម្តែងមតិប្រឆាំង នៅពេលលោកគិតថា វាមានគ្រោះថ្នាក់។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ក្មេងជំនាន់ក្រោយមិនខ្លាចទេ ហើយក៏មិនខ្វាយខ្វល់នឹងអ្វីដែលលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដែរ”។ លោកបានថ្លែងបន្តថា “ប៉ុន្តែមនុស្សរបស់គាត់ខិតចំធ្វើការយ៉ាងខ្លាំងនៅថ្នាក់មូលដ្ឋាន…ខិតខំធ្វើការបញ្ចុះបញ្ចូលអ្នកក្រីក្រ កសាងកេរ្តិ៍ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា”។
ទោះជាយ៉ាងណា លោក ឆាំ ប៊ុនថេត បានលើកឡើងថា លទ្ធភាពដែលលោកនាយករដ្ឋមន្ត្រីអាចនឹងប្រែក្លាយការគំរាមរបស់លោកឱ្យទៅជាវិធានការនៅឆ្នាំក្រោយមិនគួរមើលរំលងទេ។
លោកបានបន្ថែមថា “ប្រសិនបើអ្នករុញច្រានគាត់ឱ្យទាល់ច្រក ពេលដែលគាត់ត្រឡប់មកដល់កន្លែងនោះវិញ រឿងតែមួយគត់ដែលគាត់អាចធ្វើគឺដាល់បកមកវិញ”៕ ស៊ុយឈាង