36 C
Phnom Penh

គណបក្ស​​​ប្រឆាំង​​​ចោទ​​​ប្រកាន់​​​ CPP ថា​​​រារាំង​​​ការ​​​ងារ​​​របស់មន្ត្រីខ្លួន​នៅ​​​ក្នុង​​​ឃុំ​​​សង្កាត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីមានជម្លោះជាលើកទី៣រវាងមេឃុំទើបចប់ឆ្នោតមកពីគណបក្សប្រឆាំងនិងសាលាខេត្តគ្រប់គ្រងដោយគណបក្សកាន់អំណាច តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិមួយរូបកំពុងចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា រារាំងការងាររបស់មន្ត្រីខ្លួននៅថ្នាក់មូលដ្ឋាន។

ប៉ុន្តែដោយមានបញ្ហាកើតឡើងត្រឹមតែ៣ករណីក្នុងចំណោមមេឃុំចៅសង្កាត់គណបក្សសង្គ្រោះជាតិចំនួន៤៨៩រូបនៅក្នុងរយៈពេលប្រហែល១ខែចាប់តាំងពីពួកគេឡើងកាន់តំណែងមក មន្ត្រីរដ្ឋាភិបាលមួយរូបបានលើកឡើងថា ករណីទាំងនេះជាករណីដាច់ដោយឡែក ហើយអាជ្ញាធរគ្រាន់តែចាត់វិធានការលើលើការប្រព្រឹត្តខុសប៉ុណ្ណោះ។

កាលពីថ្ងៃអង្គារ អភិបាលខេត្តកំពង់ចាមបានទុកពេល១សប្តាហ៍ឱ្យមេឃុំគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកបាធាយចាក់បំពេញប្រឡាយទឹកដែលគាត់បានកាប់ជីកលើចញ្ចើមផ្លូវដើម្បីរំដោះទឹក។

លោក វែ៉ន សំអុល មេឃុំជើងព្រៃបានលើកឡើងថា លោកធ្វើដូច្នេះដើម្បីឆ្លើយតបនឹងញត្តិរបស់អ្នកភូមិចំនួន១០០គ្រួសារនៅតំបន់នោះ។ លោកបានថ្លែងថា “គាត់ចង់រំដោះទឹកឱ្យចេញ ដោយស្រូវគាត់លិចលង់ក្នុងទឹក”។ លោកបានបន្ថែមថា អ្នកភូមិបានចូលលុយគ្នាដើម្បីជួលអេស្កាវ៉ាទ័រ។

លោក វែ៉ន សំអុល បានលើកឡើងទៀតថា លោកត្រូវបានកោះហៅឱ្យទៅកាន់ការិយាល័យរបស់អភិបាលស្រុកកាលពីថ្ងៃច័ន្ទ ហើយត្រូវបានទុកពេលឱ្យ១សប្តាហ៍ដើម្បីជុសជុលផ្លូវឱ្យដូចដើមឡើងវិញ ។

លោកបានមានប្រសាសន៍ថា “ខ្ញុំកំពុងពិបាកចិត្ត ព្រោះជិតដល់ថ្ងៃហើយ”។

លោកអភិបាលខេត្ត គួច ចំរើន បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានអំពីបញ្ហានេះទេ ប៉ុន្តែ មុននោះលោកត្រូវបានគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលដកស្រង់សំដីមកថា មេឃុំរូបនេះ “បំផ្លាញជាក់ស្តែងលើទ្រព្យសម្បត្តិសាធារណៈ”។

យោងតាមគេហទំព័រព័ត៌មាន Fresh News លោក គួច ចំរើន បានមានប្រសាសន៍អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តថា “ខ្ញុំទុករយៈពេល១អាទិត្យសម្រាប់លោកមេឃុំ វែ៉ន សំអុលជួសជុលផ្លូវនេះឱ្យដូចដើមឡើងវិញ បើពុំដូច្នោះទេខ្ញុំនឹងធ្វើទៅតាមច្បាប់ ហើយកុំនិយាយថា ខ្ញុំធ្វើព្រោះរឿងនយោបាយ នេះគឺជាការបំផ្លាញជាក់ស្តែងលើទ្រព្យសម្បត្តិសាធារណៈ ផលប្រយោជន៍សាធារណៈ”។ លោកបានបន្ថែមថា លោក វែ៉ន សំអុល បានធ្វើឱ្យខូចខាតផ្លូវប្រវែង៤០០ម៉ែត្ររបស់គម្រោងដែលផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

កាលពីដើមខែនេះ កញ្ញា សិុន ចាន់ពៅរ៉ូហ្សេ៊ត ដែលជាចៅសង្កាត់អូរចាក្នុងក្រុងបាត់ដំបងដែលទើបតែជាប់ឆ្នោតត្រូវបានព្រមានតាមរយៈលិខិតមួយឱ្យបញ្ឈប់គោលនយោបាយផ្តល់សេវាឥតគិតថ្លៃ។

មិនយូរប៉ុន្មានបន្ទាប់ពីឡើងកាន់តំណែងកញ្ញា សិុន ចាន់ពៅរ៉ូហ្សេ៊ត ចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ បានបិទប្រកាសដ៏ធំមួយនៅលើជញ្ជាំងអគារសង្កាត់ដោយជូនដំណឹងថា ការិយាល័យរបស់កញ្ញាផ្តល់សេវាទាំងអស់ដោយឥតគិតថ្លៃ រួមមានទាំងការចេញសំបុត្រ បញ្ជាក់កំណើត និងសំបុត្រមរណភាព ព្រមទាំងសំបុត្រអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ផងដែរ។ ជាការឆ្លើយតប រដ្ឋបាលនៅសាលាខេត្តបាត់ដំបងបានផ្ញើលិខិតចុះថ្ងៃទី៣ខែសីហាមួយច្បាប់មកឱ្យកញ្ញាដោយជម្រាបកញ្ញាឱ្យចេញប្រាក់ផ្ទាល់ខ្លួនសម្រាប់សេវានានាដែលផ្តល់ដោយការិយាល័យរបស់កញ្ញា។

នៅក្នុងរាជធានីភ្នំពេញលោក សំ ជឿន ចៅ សង្កាត់ទួលសង្កែ២ នៅក្នុងខណ្ឌឫស្សីកែវបានរងការរិះគន់នៅដើមសប្តាហ៍នេះពីសំណាក់មន្ត្រី និងមន្ត្រីថ្នាក់លើរបស់គណបក្សកាន់អំណាចចំពោះការដាក់ហិបសប្បុរសជននៅក្នុងការិយាល័យរបស់លោកដើម្បីបានមូលនិធិសម្រាប់បម្រើសេវានានានៅក្នុងសង្កាត់។

លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សកាន់អំណាចដែលតែងតាំងអភិបាលខេត្តទាំងអស់ និងគ្រប់គ្រងអាជ្ញាធរខេត្តកំពុងរារាំងការងាររបស់មេឃុំចៅសង្កាត់ទើបជាប់ឆ្នោតមកពីគណបក្សរបស់លោកនៅក្នុងគោលបំណងប៉ុនប៉ងបំផ្លាញឱកាសរបស់គណបក្សប្រឆាំងមួយនេះសម្រាប់ការបោះឆ្នោតជាតិឆ្នាំក្រោយ។

លោកបានថ្លែងថា “ជាទិដ្ឋភាព ជោគជ័យរបស់គណបក្សសង្គ្រោះជាតិគឺពឹងផ្អែកលើក្រុមប្រឹក្សាឃុំសង្កាត់៥.០០០នាក់ជាងហ្នឹងឯង អ៊ីចឹងហើយគណបក្សកាន់អំណាចជាយុទ្ធសាស្ត្ររបស់គាត់ គាត់ត្រូវផ្តោតទៅលើក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងហើយ ផ្តោតហើយគាត់ហៅថា ឃ្លាំមើលតាមចាប់កំហុសដើម្បីយកមកគាបសង្កាត់បំភិតបំភ័យ”។

លោកបានមានប្រសាសន៍បន្តថា “[ពួកគេ] គាបសង្កត់ដើម្បីបំបាក់ស្មារតីផង បំបាក់ប្រជាប្រិយភាពផង”។ លោកបានបន្ថែមទៀតថា គណបក្សរបស់លោកកំពុងផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួននៅគ្រប់ខេត្តដើម្បីឱ្យយល់ដឹងអំពីច្បាប់រដ្ឋបាលថ្នាក់មូលដ្ឋាន។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានច្រានចោលការចោទប្រកាន់របស់លោក ម៉ៅ មុន្នីវណ្ណ ដែលថា ការព្រមាន លើមេឃុំចៅសង្កាត់គណបក្សប្រឆាំងគឺជារឿងនយោបាយនោះ។

លោកបានមានប្រសាសន៍ថា “បើគេធ្វើខុសមិនមែនមកពីគណបក្សសង្គ្រោះជាតិក្រុមប្រឹក្សាមកពីគណបក្សសង្គ្រោះជាតិទេ”។

លោកបានលើកឡើងទៀតថា ឧទាហរណ៍ នៅក្នុងករណីរបស់កញ្ញា សិុន ចាន់ពៅរ៉ូហ្សេ៊ត ក្រុមប្រឹក្សាមកពីគណបក្សសង្គ្រោះជាតិបានរំលោភបំពានលើច្បាប់របស់រដ្ឋាភិបាល។

លោក សក់ សេដ្ឋា បានថ្លែងថា “មានសេវាខ្លះរដ្ឋាភិបាលត្រូវឱ្យយក បើមិនយកគាត់ត្រូវចេញខ្លួនគាត់”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស