33 C
Phnom Penh

ក្រសួង​មហាផ្ទៃ​​​ប្ដេជ្ញា​​បញ្ឈប់​ការ​ឆ្លង​ដែន​ចូល​​​ប្រទេស​ថៃ​ដោ​យ​ខុស​ច្បាប់​ ​ដើម្បី​​ការ​ពារ​ពលរដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា មានពលរដ្ឋខ្មែរពី១០០ទៅ២០០នាក់ឆ្លងព្រំដែនថៃ ដោយខុសច្បាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែបើយោងតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារមួយនៃអង្គការសហប្រជាជាតិបង្ហាញថា តួលេខមានពី៣.០០០ទៅ៤.០០០នាក់ឯណោះ។

ចាំបាច់ត្រូវតែរកច្រករបៀងខុសច្បាប់ឱ្យឃើញ ហើយបិទវាចោល ហើយរដ្ឋាភិបាលបានបិទចោលមួយចំនួនហើយ នេះបើយោងតាមលោក ស ខេង និងមន្ត្រីផ្សេងទៀតបានលើកឡើងក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃ ដែលរដ្ឋមន្ត្រីរូបនេះបានធ្វើបទបង្ហាញផែនការថ្នាក់ជាតិដែលបានកែសម្រួលរួចរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

លោក ស ខេង មានប្រសាសន៍ថា “ពួកគាត់ឆ្លងកាត់ព្រំដែនក្នុងគោលបំណងផ្សេងៗគ្នា ជាមធ្យមយ៉ាងហោចណាស់ក្នុងមួយថ្ងៃមានប្រជាពលរដ្ឋខ្មែរឆ្លងកាត់ពី១០០ទៅជាង២០០នាក់ឆ្លងដែនខុសច្បាប់តាមព្រំដែនខ្មែរ-ថៃ”។

IMG_0709ប៉ុន្តែមន្ត្រីសម្របសម្រួលថ្នាក់តំបន់មួយរូបមកពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានលើកឡើងថា ការសិក្សាស្រាវជ្រាវរបស់ខ្លួនបានរកឃើញថា “ក្នុងមួយថ្ងៃៗ មានពលរដ្ឋខ្មែរប្រហែល៣.០០០ទៅ៤.០០០នាក់ឆ្លងដែនចូលទៅក្នុងប្រទេសថៃ” ដោយកំណត់និយមន័យ “អ្នកចំណាកស្រុកខុសច្បាប់” ថា ជាអ្នកដែលចូលទៅក្នុងប្រទេសមួយទៀតដោយមិនអនុវត្តតាមនីតិវិធីអន្តោប្រវេសន៍ស្របច្បាប់។

លោក បេនចាមីន ស្មីត (Benjamin Smith) មន្ត្រីសម្របសម្រួលថ្នាក់តំបន់ដែលជំនាញខាងការជួញដូរមនុស្ស និងការរត់ពន្ធអ្នកចំណាកស្រុកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីម្សិលមិញថា ការស្ទាបស្ទង់ភាគច្រើនបង្ហាញថា  ពលរដ្ឋខ្មែរប្រមាណ២០០.០០០នាក់ជាអ្នកឆ្លងដែនមិនស្របច្បាប់នៅក្នុងប្រទេសថៃ។

លោកបានមានប្រសាសន៍ថា “មតិទូទៅយល់ឃើញថា ចំនួនអ្នកចំណាកខុសច្បាប់មានចំនួនច្រើនជាងអ្នកធ្វើចំណាកស្រុកតាមច្រកធម្មតា”។

លោក ស ខេង មានប្រសាសន៍ថា ដើម្បីប្រឆាំងការធ្វើចំណាកស្រុកខុសច្បាប់ រដ្ឋាភិបាលនឹងសិក្សាពីមូលហេតុដែលពលរដ្ឋឆ្លងដែន។

លោកបានលើកឡើងសំដៅដល់ការកាប់ឈើប្រណីតថា “ត្រូវដឹងថាពួកគាត់ទៅកាប់ឈើប្រណីត ឬក៏ត្រូវគេជួញដូរ?”។ លោកសង្កត់ធ្ងន់ថា “តាមរយៈការសិក្សាហ្នឹង យើងនឹងដឹងហើយ”។

លោកបានបន្តថា រដ្ឋាភិបាលចាំបាច់ត្រូវពន្លឿនដំណើរការដាក់ពាក្យស្នើសុំលិខិតឆ្លងដែនសម្រាប់ពលករចំណាកស្រុក និងធ្វើការផ្សព្វផ្សាយក្នុងចំណោមពួកគាត់អំពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ ហើយត្រូវការមានឯកសារត្រឹមត្រូវ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សមានប្រសាសន៍ថា សមត្ថកិច្ចបានចាប់ផ្ដើមបិទច្រកឆែកឆេរខុសច្បាប់នៅព្រំដែនហើយ។

លោកស្រីថ្លែងថា “យើងអត់ចង់មានច្រករបៀងមិនស្របច្បាប់ហ្នឹងទេ ព្រោះវាពិបាកឲ្យយើងគ្រប់គ្រង”។

លោកស្រីមានប្រសាសន៍ទៀតថា “អាច្រករបៀងអត់ស្របច្បាប់ហ្នឹងជាគោលដៅនៃអំពើឧក្រិដ្ឋកម្មគ្រប់ទម្រង់ ហើយដូច្នេះយើងបានបិទខ្លះហើយ ហើយពេលនេះយើងនឹងសិក្សាបន្ថែម ហើយនិងសម្រេចថាមួយណានឹងត្រូវបិទ ហេតុអី ហើយដោយរបៀបម៉េច”។

លោក បេនចាមីន ស្មីត បានមានប្រសាសន៍អំពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានមានប្រសាសន៍ថា ពលរដ្ឋភាគច្រើនឆ្លងដែនដោយស្ម័គ្រចិត្ត ប៉ុន្តែអ្នកខ្លះទៀតបានចាញ់ល្បិចបោកបញ្ឆោតអ្នកដែលជួយពួកគាត់ឱ្យឆ្លងដែន ហើយការជួញដូរគ្រឿងញៀន និងមនុស្សនៅតែជា “បញ្ហាធំ”។

លោកលើកឡើងថា “ចាំបាច់ត្រូវមានការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព បង្ក្រាបបណ្ដាញឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធការជួញដូរ ប៉ុន្តែដោយសារអ្នកធ្វើចំណាកស្រុកខុសច្បាប់ងាយរងគ្រោះខ្លាំងដោយសារការជួញដូរ និងដោយសារព្រំដែនធូររលុងងាយស្រួលចេញចូល ក៏ត្រូវការមានវិធានការដើម្បីបញ្ឈប់ការប្រើប្រាស់ការចំណាកស្រុកខុសច្បាប់ ហើយផ្សព្វផ្សាយយ៉ាងសកម្មអំពីការចំណាកស្រុកស្របច្បាប់ដែលមានសុវត្ថិភាព”៕ សុខុម (រាយការណ៍បន្ថែមដោយ Matt Surrusco)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស