32 C
Phnom Penh

អ្នកភូមិ​ក្នុង​តំបន់​អង្គរ​នៅ​តែ​បាត់បង់ផ្ទះ ទោះបី​ជា​បង្ហាញ​​លិខិត​អនុញ្ញាត​ឱ្យ​សាងសង់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្កាត់នគរធំ, ខេត្តសៀមរាប- សំឡេងស្រែកយំដោយក្តីឈឺចាប់របស់អ្នកស្រី ធឿន ចន្ទ្រា ឮទ្រហឹងពេញព្រៃស្ងាត់ជ្រងំនៃឧទ្យានបុរាណអង្គរកាលពីព្រឹកម្សិលមិញ ខណៈពេលអាជ្ញាធរចាប់ផ្ដើមរុះរើផ្ទះដែលគាត់ទើបតែសង់កាលពី២ខែមុន។

ភ្ញៀវទេសចរដែលជិះរ៉ឺម៉កម៉ូតូកង់បីបានធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវត្រង់ចំណុចមុខផ្ទះរបស់អ្នកស្រី ធឿន ចន្ទ្រា ដោយអ្នកខ្លះសម្លឹងមើលទៅមន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីអាជ្ញាធរអប្សរាជាង៣០នាក់ព័ទ្ធជុំវិញស្ត្រីរូបនេះ និងផ្ទះរបស់គាត់។ ប៉ុន្តែអ្នកបើកបរណាដែលបង្អង់ល្បឿនដើម្បីក្រឡេកមើលហេតុការណ៍នេះ ត្រូវបានអាជ្ញាធរបញ្ជាឱ្យបើកទៅមុខលឿនៗ។

មន្ត្រីអាជ្ញាធរអប្សរាពេលចុះរុះរើផ្ទះសង់ខុសច្បាប់មួយស្ថិតក្នុងឧទ្យានបុរាណអង្គរកាលពីម្សិលមិញ។ រូបថតៈ Brendan O’Byrne/The Cambodia Daily
មន្ត្រីអាជ្ញាធរអប្សរាពេលចុះរុះរើផ្ទះសង់ខុសច្បាប់មួយស្ថិតក្នុងឧទ្យានបុរាណអង្គរកាលពីម្សិលមិញ។ រូបថតៈ Brendan O’Byrne/The Cambodia Daily

នៅមុននេះក្នុងថ្ងៃដដែល មន្ត្រីនគរបាល និងកងរាជអាវុធហត្ថជាង១០០នាក់បានប្រមូលផ្ដុំគ្នានៅប៉ុស្តិ៍នគរបាលស្ថិតនៅចម្ងាយពីរបីរយម៉ែត្រពីតំបន់ទេសចរណ៍ដែលមានភ្ញៀវទៅទស្សនាច្រើនបំផុតនេះ។ នៅត្រង់ចំណុចផ្លូវប្រសព្វមួយ ពេលក្រឡេកមើលទៅខាងឆ្វេងដៃឃើញមានស្ពានមួយឆ្ពោះទៅប្រាសាទអង្គរវត្ត ហើយពេលក្រឡេកមើលទៅខាងស្ដាំដៃឃើញមានកម្លាំងនគរបាលយ៉ាងច្រើនដើម្បីទប់ស្កាត់អំពើហិង្សាអំឡុងពេលបណ្ដេញប្រជាពលរដ្ឋនៅក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ខាងលើនេះដែលបានចាប់ផ្ដើមកាលពីម្សិលមិញ។

អាជ្ញាធរអប្សរា ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរបានផ្តល់មូលហេតុច្បាស់លាស់សម្រាប់ការបណ្ដេញចេញនេះ។ អ្នកភូមិចាំបាច់ត្រូវសុំការអនុញ្ញាតមុននឹងសង់សំណង់ថ្មីនៅក្នុងឧទ្យាននេះ ហើយអាជ្ញាធរអប្សរាមិនដែលអនុញ្ញាតទេសម្រាប់សំណង់ជាង៥០០ដែលបានសង់ឡើងប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនានេះ។

ប៉ុន្តែកាលពីម្សិលមិញ ក្រុមអ្នកភូមិបានរៀបរាប់ដំណើរផ្ទុយពីនេះថា វាជាល្បែងនយោបាយដ៏ព្រៃផ្សៃ។ អ្នកស្រី ធឿន ចន្ទ្រា បានបង្ហាញអ្នកយកព័ត៌មាននូវលិខិតស្នើសុំសង់សំណង់ថ្មីចុះកាលបរិច្ឆេទតែពីរសប្ដាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតកាលពីខែមុន ហើយលិខិតនោះចុះហត្ថលេខាទទួលស្គាល់ដោយអតីតប្រធានភូមិ និងចៅសង្កាត់នគរធំ។

អ្នកស្រីនិយាយថា ទាំងមេភូមិ និងចៅសង្កាត់បានធានាអះអាងប្រាប់គាត់ថា ឯកសារនេះគ្រប់គ្រាន់អាចការពារផ្ទះថ្មីសង់ពីសសរឈើ និងដំបូលស័ង្កសីរបស់គាត់បាន។

ស្ត្រីរូបនេះបានរៀបរាប់ថា “ពួកគាត់បានប្រាប់ខ្ញុំថា ‘ប្រសិនបើអាជ្ញាធរអប្សរាមករុះរើ បង្ហាញលិខិតហ្នឹងទៅ គេនឹងមិនរុះរើទេ'”។ អ្វីដែលពួកគេចង់បានជាថ្នូរគឺសុំឲ្យពួកគាត់ “កុំភ្លេចអរគុណ [ពួកគេ]” ដែលអ្នកស្រីចាត់ទុកថាជាការរំឭកឱ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជននៅក្នុងការបោះឆ្នោតឃុំ សង្កាត់។

ប៉ុន្តែប្រសិនបើគណបក្សកាន់អំណាចពិតជាបានព្យាយាមទិញទឹកចិត្តរបស់អ្នកភូមិនៅក្នុងសង្កាត់នគរធំ មែន នោះគឺវាបរាជ័យហើយ។ សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិទទួលបានជិត៤០០សំឡេងនៃសំឡេងឆ្នោតជិត៥.០០០សំឡេង។

នៅពេលអ្នកស្រី ធឿន ចន្ទ្រា បង្ហាញលិខិតស្នើសុំរបស់គាត់កាលពីម្សិលមិញ ដើម្បីព្យាយាមការពារផ្ទះរបស់គាត់ មន្ត្រីបានប្រាប់គាត់ថា លិខិតនោះគ្មានសុពលភាពទេ។ គាត់បានបន្តថា “ផ្ទះខ្ញុំត្រូវអាជ្ញាធរបំផ្លាញខ្ទេចអស់ហើយ ហើយពេលនេះខ្ញុំបានបាត់បង់អ្វីៗទាំងអស់”។

លោក ស៊ិន វុទ្ធី ជាម្ចាស់ផ្ទះម្នាក់ទៀតមកពីភូមិរហាល ដែលផ្ទះថ្មរបស់គាត់ត្រូវបានកម្ទេចចោលដែរកាលពីម្សិលមិញបានរាយការណ៍ថា គាត់ក៏ទទួលបានលិខិតដូចគ្នានេះពីអាជ្ញាធរដែរ។ គាត់ធ្លាប់និយាយថា គាត់នឹងតវ៉ាប្រឆាំងការកម្ទេចផ្ទះរបស់គាត់ ប៉ុន្តែគាត់បានប្ដូរចិត្តវិញ នៅពេលឃើញវត្តមានកងកម្លាំងច្រើន។

គាត់និយាយថា “ខ្ញុំមិនហា៊នតវ៉ាទេដោយសារតែឃើញមានប៉ូលិស និងកងរាជអាវុធហត្ថច្រើនពេក។ មិនមែនតែខ្ញុំទេ សូម្បីតែប្រជាពលរដ្ឋគ្រប់ៗគ្នាក៏មានការសោកស្ដាយចំពោះការបាត់បង់ផ្ទះដែរ”។

លោក ង៉ា ចុង អតីតចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាទទួលស្គាល់ថាគាត់ពិតជាបានចុះហត្ថលេខាលើលិខិតអនុញ្ញាតឲ្យសង់សំណង់ថ្មីសម្រាប់អ្នកភូមិមែន ប៉ុន្តែថា គាត់បានប្រាប់អ្នកភូមិថា ពួកគាត់ត្រូវដាក់ឯកសារនោះជូនទៅអាជ្ញាធរអប្សរាដើម្បីសុំការអនុញ្ញាតបន្ថែម។

អតីតចៅសង្កាត់រូបនេះបានលើកឡើងកាលពីម្សិលមិញថា “សូមមើលអាពាក្យស្នើសុំទៅ ខ្ញុំមិនបាននិយាយថា ខ្ញុំយល់ព្រមឱ្យប្រជាពលរដ្ឋសង់ផ្ទះទេ។ ខ្ញុំគ្រាន់តែប្រាប់ពួកគាត់ឱ្យសុំការអនុញ្ញាតពីអាជ្ញាធរអប្សរា”។

ទោះជាយ៉ាងណា ទម្រង់លិខិតនេះដែលអ្នកយកព័ត៌មានបានឃើញ មិនបាននិយាយពីអាជ្ញាធរអប្សរាទេ។

លោក ង៉ា ចុង និយាយថា “នេះគឺជារឿងរបស់ប្រជាពលរដ្ឋ មិនមែនជារឿងរបស់ខ្ញុំទេ”។

សំណង់ចំនួនប្រាំពីរត្រូវបានរុះរើកាលពីម្សិលមិញ នេះបើយោងតាមលោក ឡុង កុសល អ្នកនាំាពាក្យអាជ្ញាធរអប្សរាដែលចាត់ទុកថ្ងៃរុះរើទី១នេះថា “ជោគជ័យ”។

លោកបានមានប្រសាសន៍ថា “ក្រុមការងាររបស់គណៈកម្មការចុះរុះរើនឹងបន្តប្រតិបត្តិការទៀតនៅថ្ងៃស្អែករហូតដល់សំណង់ខុសច្បាប់ទាំង៥០០ត្រូវបានចប់សព្វគ្រប់”។

ការចុះរុះរើនេះគាំទ្រដោយអង្គការសហប្រជាជាតិ  ប៉ុន្តែការិយាល័យរបស់អង្គការយូណេស្កូប្រចាំកម្ពុជាមិនច្បាស់ទេថាតើមានសំណង់សរុបចំនួនប៉ុន្មានដែលត្រូវចុះរុះរើ។ តំណាងអង្គការសហប្រជាជាតិមិនបានចូលរួមទេអំឡុងការចុះរុះរើកាលពីម្សិលមិញ។

ការចោទប្រកាន់ដែលថា អាជ្ញាធរបិទភ្នែកធ្វើមិនដឹងមិនឮចំពោះសំណង់នៅក្នុងតំបន់ឧទ្យានបុរាណអង្គរនៅមុនការបោះឆ្នោតមិនមែនជារឿងថ្មីទេ ដោយកាលពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ក៏មានបញ្ហាស្រដៀងនេះដែរ។ កាលពីខែមុន លោក ស៊ុំ ម៉ាប់ ប្រធានអាជ្ញាធរអប្សរាបានទទួលស្គាល់ថា ការអះអាងទាំងនោះភាគច្រើនត្រឹមត្រូវ។ លោកបានបន្ថែមថា មន្ត្រីបិទភ្នែកធ្វើមិនដឹងមិនឮនៅដើមឆ្នាំនេះ គឺដើម្បីរក្សាភាពស្ងប់ស្ងាត់ និងចៀសវាងកើតមានអំពើហិង្សា។

ប៉ុន្តែបន្ទាប់ពីការបោះឆ្នោត អាជ្ញាធរអប្សរាបានងាកមកផ្ដោតឡើងវិញលើអ្នកភូមិជាច្រើនគ្រួសារនៅក្នុងតំបន់ឧទ្យានបុរាណអង្គរនេះ ជាកន្លែងដែលសំណង់ថ្មីៗត្រូវបានសាងសង់យ៉ាងឆាប់រហ័ស ហើយមិនយូរប៉ុន្មានមានសេចក្ដីប្រកាសឱ្យចុះរុះរើតែម្តង។

អ្នកស្រី ធឿន ចន្ទ្រា បាននិយាយថា “ខ្ញុំបានសាងសង់ផ្ទះនៅទីនេះ ដោយសារឆ្នាំមុនៗអាជ្ញាធរអប្សរាមិនដែលមករុះរើទេ”។ អ្នកស្រីបានបន្តថា “តែទើបតែឆ្នាំហ្នឹង ពួកគេមករុះរើ។ ខ្ញុំគិតថា អាជ្ញាធរចុះរុះរើសំណង់នៅថ្ងៃនេះដោយសារ[គណបក្សសង្គ្រោះជាតិ]ឈ្នះឆ្នោត”។

លោក ឡុង កុសល នៅតែលើកឡើងដដែលថា សំណង់ខុសច្បាប់គឺជាគោលដៅត្រូវចុះរុះរើ ហើយថា អាជ្ញាធររបស់លោកគ្រាន់តែអនុវត្តច្បាប់ប៉ុណ្ណោះ។

កាលពីម្សិលមិញ លោក សៀង ចំណាប់ ចៅសង្កាត់នគរធំមកពីគណបក្សសង្គ្រោះជាតិដែលទើបតែជាប់ឆ្នោតបានបន្ទោសអាជ្ញាធរចំពោះសំណង់ថ្មីនៅក្នុងតំបន់បេតិកភណ្ឌនេះ។

លោកបានថ្លែងថា “ប្រជាពលរដ្ឋគាត់បានស្នើសុំការអនុញ្ញាតពីចៅសង្កាត់ និងមេភូមិ ប៉ុន្តែពួកគេអត់មានបានណែនាំប្រជាពលរដ្ឋហ្នឹងឱ្យទៅស្នើសុំការអនុញ្ញាតពីអាជ្ញាធរអប្សរាទេ”។

លោកបានបន្តថា “ខ្ញុំគិតថា ប្រជាពលរដ្ឋខ្លាចអាជ្ញាធរណាស់ ហេតុដូច្នេះប្រសិនបើអាជ្ញាធរណែនាំពួកគាត់កុំឱ្យសាងសង់នៅក្នុងតំបន់ហាមឃាត់ ពួកគាត់មិនហា៊នធ្វើទេ”។

លោក សៀង ចំណាប់ បានលើកឡើងទៀតថា  លោកមានអារម្មណ៍សោកស្ដាយាណិតអាសូរអ្នកភូមិទាំងនេះដែលលោកអះអាងថា វាជាកំហុសរបស់អាជ្ញាធរ ហើយឥឡូវកំពុងរងទុក្ខលំបាក។

លោកបានថ្លែងថា “ពួកគាត់ភាគច្រើនជាអ្នកក្រីក្រ”។ លោកបានបន្តថា “ពួកគាត់ភាគច្រើនបានយកប្រាក់កម្ចីយកមកសាងសង់”។

អ្នកស្រី ធឿន ចន្ទ្រា បានលើកឡើងទៀតថា អ្នកស្រីបានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចំនួន៣.០០០ដុល្លារ។ អ្នកស្រីបានបន្ថែមថា តំណាងប្រាសាក់បានចុះមកពិនិត្យកន្លែងដែលអ្នកស្រីគ្រោងសាងសង់ផ្ទះ ហើយនៅតែឱ្យអ្នកស្រីខ្ចីលុយ។ ឥឡូវនេះ ផ្ទះរបស់អ្នកស្រីត្រូវគេរុះរើហើយ អ៊ីចឹងអ្នកស្រីអត់ដឹងថាមានលទ្ធភាពសងកម្ចីតាមរបៀបណាទេ។

មានសេចក្តីរាយការណ៍ថា អ្នកភូមិផ្សេងៗទៀតក៏បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកសាងសង់ផ្ទះដែរ ដោយធ្វើឱ្យពួកគាត់ត្រូវជាប់បំណុលដោយសារតែសំណង់ដែលអាជ្ញាធរចុះរុះរើនេះ។

មានការព្យាយាមបិទបាំងសកម្មភាពចុះរុះរើ ពេលនគរបាលចាប់ផ្ដើមប្រតិបត្តិការទ្រង់ទ្រាយធំកាលពីម្សិលមិញនៅក្នុងតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជាមួយនេះ។

រថយន្តដឹកមន្ត្រីនគរបាលបានបើកចូលទៅតាមផ្លូវដែលមានរ៉ឺម៉កម៉ូតូកង់បី និងរថយន្តទេសចរណ៍ចតជាជួរៗ ហើយមន្ត្រីបានធ្វើចរាចរនៅកន្លែងរុះរើដើម្បីកុំឱ្យមានការកកស្ទះ។

ពេលទៅដល់ផ្ទះរបស់អ្នកស្រី ធឿន ចន្ទ្រា អ្នកយកព័ត៌មានត្រូវបានមន្ត្រីបញ្ជាឱ្យចាកចេញភ្លាមៗ។

លោក ឆឹង សុភា មន្ត្រីនគរបាលក្រុងសៀមរាបបាននិយាយថា “ក្រុមការងាររបស់ខ្ញុំមិនអនុញ្ញាតឱ្យអ្នកកាសែតចូលយកព័ត៌មានពាក់ព័ន្ធនឹងករណីហ្នឹងទេ”។ មន្ត្រីស្លៀកពាក់ស៊ីវិលម្នាក់ទៀតដែលបដិសេធមិនប្រាប់ឈ្មោះហើយបានប្រាប់ដដែលៗឱ្យអ្នកយកព័ត៌មាន” អានច្បាប់ផង” នោះ បានបន្ថែមថា “អ្នកយកព័ត៌មានមិនអាចថតរូបបានទេ”។

ពេលសួរថាច្បាប់ណាដែលនិយាយពាក់ព័ន្ធនឹងការថតរូបនៅក្នុងតំបន់ឧទ្យានបុរាណអង្គរ គាត់បានឆ្លើយតបថា “ច្បាប់រដ្ឋ” ប៉ុន្តែបានបដិសេធមិនរៀបរាប់ឱ្យបានលម្អិតទេ។

បន្ទាប់ពីរុះរើផ្ទះរបស់អ្នកស្រី ធឿន ចន្ទ្រា រួច អាជ្ញាធរបានទៅកម្ទេចសំណង់ថ្មដ៏ធំមួយនៅពីក្រោយនោះ៕ សុខុម និង ស៊ុយឈាង

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស